ភ្នំពេញ ៖ ឆ្នាំ ២០១៦នេះ អង្ករកម្ពុជាបានជាប់លេខ ២ ជាអង្ករល្អជាងគេបំផុតរបស់ពិភពលោក ខណៈអង្ករថៃដែលជាម្ចាស់ផ្ទះទទួលបានជ័យលាភីលេខ ១ ។ ការប្រកួតជ្រើសអង្ករល្អបំផុតរបស់ពិភពលោកនេះធ្វើឡើង ក្នុងសន្និសីទស្រូវអង្ករពិភពលោក ដែលរៀបចំឡើង នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
បើតាមទំព័រហ្វេសប៊ុករបស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ដែលបានស្រង់សម្តី លោក Jeremy Zwinger ប្រធានប្រតិបត្តិនៃ The Rice Trader ជាក្រុមហ៊ុនរៀបចំសន្និសីទនេះ បានលើកឡើងថា៖«ថ្វីបើអង្ករកម្ពុជាខកខាន ជាប់ឈ្មោះជាអង្ករល្អបំផុតជាថ្មីម្តងទៀត ក្នុងសន្និសីទស្រូវអង្ករអន្តរ ជាតិ (The World Rice Conference)ក្នុងឆ្នាំនេះ តែការជ្រើសរើសអង្ករថៃជាប់លេខ ១ ក្នុងឆ្នាំនេះ គឺជារឿងលំបាកក្នុងការសម្រេចចិត្តរបស់ចុងភៅ ដែលត្រូវបានគេអញ្ជើញដើម្បីដឹកនាំការជ្រើសរើស»។
លោក Jeremy Zwinger បានបន្តថា អង្ករកម្ពុជាស្ថិតក្នុងចំណោមអង្ករល្អបំផុត ខណៈអង្ករពីប្រទេសវៀតណាម មីយ៉ាន់ម៉ា និង ប្រទេសជាច្រើនទៀត មិនបានជាប់នោះទេ សូម្បីតែអង្ករ ប៉ាស្មាទី ដែលគេដាំដុះភាគច្រើននៅប្រទេសឥណ្ឌា ប៉ាគីស្ថាន ហើយជាប្រភេទអង្ករនាំចេញច្រើនជាងគេទៅកាន់ទីផ្សារចិន និង ទីផ្សារនៅមជ្ឈឹមបូព៌ា ក៏មិនបានជាប់ចំណាត់ថ្នាក់ដែរ។
ចំណែកលោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងតាមរយៈទំព័រហ្វេសសហព័ន្ធស្រូវអង្ករថា៖ «សណ្ឋានដី ភូមិសាស្ត្រប្រទេសកម្ពុជា និងថៃ គឺប្រហាក់ប្រហែលគ្នា ដូចនេះគុណភាពអង្ករមិនខុសគ្នានោះទេ។»
លោកបន្តថា អ្វីដែលកម្ពុជាត្រូវគិតគូរ គឺត្រូវគិតពីផែនការឲ្យច្បាស់លាស់ ខណៈបញ្ហាទីផ្សារ និងតម្លៃស្រូវអង្កររបស់កម្ពុជានៅមិនទាន់ដោះស្រាយបាន។
សូមជម្រាបថា អង្ករកម្ពុជាធ្លាប់ទទួលបានជ័យលាភី ជាអង្ករល្អបំផុតលើពិភពលោក ៣ ឆ្នាំជាប់ៗគ្នា គឺឆ្នាំ២០១២ ២០១៣ និង ២០១៤។ នៅឆ្នាំ ២០១៧ កម្ពុជានឹងធ្វើម្ចាស់ក្នុងការរៀបចំសន្និសីទស្រូវអង្ករអន្តរជាតិនេះវិញម្តង៕