កូឡាឡាំពួរ ៖ នៅទីបំផុតទៅ ពលរដ្ឋម៉ាឡេស៊ីរាប់ពាន់នាក់បានចុះផ្លូវដើរជាក្បួនតវ៉ាប្រឆាំងរដ្ឋាភិបាល បច្ចុប្បន្ន ដោយក្រុមបាតុករទាមទារឱ្យលោកនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់(Najib Razak) លាលែងពីតំណែងរបស់លោក។ ការតវ៉ាដែលធ្វើឡើងនៅរដ្ឋធានីរបស់ប្រទេសម៉ាឡេស៊ីនៅពីថ្ងៃសៅរ៍ទី១៩ វិច្ឆិកានេះ ក៏ព្រោះតែលោក ណាជីប មានមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវកិបកេងប្រាក់របស់រដ្ឋក្នុងទឹកប្រាក់ ៧ រយលានដុល្លាអាមេរិក។
បាតុករដែលប្រមូលផ្តុំគ្នាមានពាក់អាវពណ៌លឿងផងនោះ ពួកគេបានទូងស្គរ និងស្រែច្រៀងព្រមៗគ្នាថា បោសសំអាតប្រទេសម៉ាឡេស៊ី និងពង្រឹងអំណាចប្រជាជន។
តាមរូបភាពដែលផ្តល់ដោយបណ្តាញផ្សាយព័ត៌មាន Channel News Asia បានបង្ហាញពីសកម្មភាពអ្នកចូលរួមក្នុងបាតុកម្មនោះ ហាក់មិនមានភាពភ័យខ្លាចពីការបង្ក្រាប និងការចាប់ខ្លួនឡើយ បើទៅបីជាមេដឹកនាំធ្វើបាតុកម្ម សកម្មជនអ្នកគាំទ្រ និងមេបក្សប្រឆាំងជាច្រើននាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រក្នុងសប្តាហ៍នេះយ៉ាងណាក្តី។
យ៉ាងណាមុនការផ្ទុះបាតុកម្មនេះមួយថ្ងៃលោក ណាជីព បានព្រមានថា អាចនឹងមានបាតុកម្មចំនួនពីរធ្វើឡើងនៅពេលតែមួយ គឺបាតុកម្មគាំទ្ររដ្ឋា ភិបាល និងបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលទីបំផុតលោកថា ត្រូវតែបង្ក្រាប់បាតុកម្មជាដាច់ខាត។
ជាក់ស្តែងរដ្ឋាភិបាលបានដាក់កម្លាំងប៉ូលិសប្រមាណ ៧ ម៉ឺននាក់ នៅចំគោលដៅសំខាន់ៗរបស់ក្រុមបាតុករ។ មន្ត្រីប៉ូលិសព្រមានថា សមត្ថកិច្ចអាចនឹងបង្ក្រាបក្រុមបាតុករ ប្រសិនបើការតវ៉ានោះបង្កជាហិង្សា ហើយប៉ូលិសបានព្រលយសម្តីថា ខ្លួននឹងអាចបាញ់ឧស្ម័នបង្ហូរទឹកភ្នែកថែមទៀតផង។
តាមព័ត៌មានរបស់អង្គការកំណែទម្រង់ការបោះឆ្នោត Bersih ដែលមានប្រជាប្រិយភាព បានឱ្យដឹងថា ខ្លួននឹងរៀបចំយុទ្ធនាការណ៍ធ្វើបាតុកម្មនេះគឺរយៈពេល ៧ សប្ដាហ៍ ដើម្បីធ្វើយ៉ាងណាឲ្យលោក ណាជីពទទួលស្គាល់កំហុស ហើយលាលែងពីតំណែង។
យ៉ាងណាក៏ដោយលោក ណាជីព បដិសេធថា លោកមិនបានប្រព្រឹត្ដអំពើពុករលួយអ្វីឡើយ។ នៅប្រទេសម៉ាឡេស៊ី តុលាការត្រូវបានចាត់ទុកថា ស្ថិតនៅក្រោមអំណាចរបស់បក្សកាន់អំណាចបច្ចុប្បន្ននេះ ហើយភាគច្រើនស្ថាប័នយុត្តិធម៌ បានកាត់ទោសទៅលើបក្សប្រឆាំង ជាក់ស្ដែងឧប នាយករដ្ឋមន្ដ្រីម្នាក់គឺលោក អាន់រ៉ាអ៊ីប្រាហ៊ីម ត្រូវតុលាការសម្រេចទោស ៥ឆ្នាំ ពីបទស្រឡាញ់ភេទដូចគ្នា ដោយគេថាខុសនឹងវិន័យសាសនាមូស្លីម៕
ប្រភព:CNA