ទីក្រុងហ្សឺណែវ ៖ អង្គការសុខភាពពិភពលោកកាលពីថ្ងៃសុក្រទី១៨ វិច្ឆិកា ម្សិលមិញ បានប្រកាសអាសន្នពីការផ្ទុះឡើងវិញនៃមេរោគ Zika ដែលបង្កឱ្យទារកកើតមកមានសណ្ឋានទ្រង់ទ្រាយក្បាលរាងតូច។ តែយ៉ាងណា WHO ថា វីរុសហ្ស៊ីកានេះ លែងជាក្តីបារម្ភអ្វីសម្រាប់សុខភាពសា ធារណៈនៅលើពិភពលោកទៀតហើយ តែយ៉ាងណាអង្គការសុខភាពពិភពលោកមួយនេះនៅតែព្រមាន ពីការរីករាលដាលនៃមេរោគនេះ ដែលជាបញ្ហាប្រឈមមួយ។
ប្រទេសប្រេស៊ីល គឺជាចំណុចចាប់ផ្តើមនៃការផ្ទុះមេរោគហ្ស៊ីកានេះ តែទោះជាយ៉ាងណាមានការបដិសេធពីហានិភ័យនៃជម្ងឺនេះទេ។
លោកវេជ្ជបណ្ឌិត David Heymann ប្រធានគណៈកម្មាធិសង្គ្រោះបន្ទាន់នៃអង្គការសុខភាពពិភពលោក បាននិយាយថា៖ «មេរោគ Zika នៅតែជាបញ្ហាសំខាន់នៅរយៈពេលវែងខាងមុខ ប៉ុន្តែវីរុសនេះមិនមែនជាក្តីព្រួយបារម្ភទៀតឡើយចំពោះសុខភាពសាធារណៈជាអន្តរជាតិ»។
មេរោគ Zika នេះ គឺបណ្តាលអោយស្ត្រីមានផ្ទៃពោះអាចមានហានិភ័យខ្ពស់ក្នុងការផ្តល់កំណើតឱ្យទារកមានក្បាលតូច ខូចទ្រង់ទ្រាយដើម និងបង្កឱ្យខួរក្បាលរួមតូច ហើយប្រព័ន្ធប្រសាទក៏ខុសប្រក្រតីផងដែរ។
វីរុស ហ្ស៊ីកា ក៏អាចបង្កឱ្យមនុស្សពេញវ័យកើតមានជំងឺប្រសាទម្យ៉ាងដូចជាជំងឺ Guillain-Barre ផងដែរ ដែលអាចជាលទ្ធផលធ្វើឱ្យខ្វិន និងស្លាប់បានទៀតផង។
អង្គការសុខភាពពិភពលោករកឃើញថា មនុស្សជាង ១,៥ លាននាក់ក្នុងនោះមានទារកប្រមាណ១៦០០នាក់ បានឆ្លងមេរោគ Zikaនេះ ចាប់តាំងពីការផ្ទុះឡើងនៃវីរុសនេះនៅពាក់កណ្តាលឆ្នាំ ២០១៥។
ក្រុមអ្នកស្រាវជ្រាវបានព្រមានកាលពីដើមឆ្នាំនេះថា យ៉ាងហោចណាស់មនុស្ស ២,៦ ពាន់លាននាក់ ក្នុងនោះមួយភាគបីនៃប្រជាជនទូទាំងពិភពលោក ដែលរស់នៅផ្នែកខ្លះនៃទ្វីបអាហ្វ្រិក តំបន់អាស៊ីនិងប៉ាស៊ីហ្វិកជាកន្លែងដែលមានមេរោគ Zika៕ប្រភព៖CNA