en     km
en     km

ក្រសួងសុខាភិបាល​កែតម្រូវ​ថា​ គ្មាន​ជំងឺ​ហ្ស៊ី​កា​នៅ​ខេត្តកំពង់ចាម​ទេ

Share

ភ្នំពេញ ៖ ​ក្រសួងសុខាភិបាល​បាន​ចេញ​លិខិត​កែតម្រូវ​ភ្លាមៗ​ថា​ គ្មាន​ករណី​ជំងឺ​ហ្ស៊ី​កា​នៅ​ខេត្តកំពង់ចាម​ឡើយ​។​ ការ​ប្រកាស​កែតម្រូវ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួងសុខាភិបាល​ខ្លួនឯង​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ ក្រសួង​បាន​រក​ឃើញ​ករណី​ជំងឺ​ហ្ស៊ី​កា​ដំបូង​នៅ​កម្ពុជា​ កើត​លើ​បុរស​ម្នាក់​វ័យ​ ៤៤​ ឆ្នាំ​ ស្ថិត​នៅ​ភូមិ​ តា​មាង​ ឃុំ​កោះ​រកា​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​។

មូសខ្លាជាភ្នាក់ងារចម្លងជំងឺហ្ស៊ីកា
មូសខ្លាជាភ្នាក់ងារចម្លងជំងឺហ្ស៊ីកា

​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​សុំ​កែតម្រូវ​បាន​បញ្ជាក់​ថា​ វិទ្យាស្ថាន​ប៉ាស្ទ័រ​ពិនិត្យ​លើក​ទី​ ២​ បាន​បង្ហាញ​ថា​ ពុំ​ឃើញ​វីរុស​ហ្ស៊ី​កា​វិជ្ជមាន​នៅ​លើ​បុរស​វ័យ​ ៤៤​ ឆ្នាំ​ ខាងលើ​នោះ​ទេ​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​លើក​ដំបូង​បាន​បញ្ជាក់​ថា​ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​ ១១​ វិច្ឆិកា​ បាន​រក​ឃើញ​វីរុស​ហ្ស៊ី​កា​វិជ្ជមាន​ នៅ​ក្នុង​ឈាម​បុរស​វ័យ​ ៤៤​ ឆ្នាំ​នេះ​ នៅ​ពេល​បុរស​រូប​នេះ​ មក​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ កាលពី​ថ្ងៃ​ទី​ ១៨​ ខែ​ តុលា​ ដោយ​គាត់​មាន​អាកា​រៈ​ស្រ​ដៀង​ជំងឺគ្រុនឈាម​ តែ​បុរស​នោះ​បានជា​សះស្បើយ​ក្រោយ​សម្រាក​ពន្យា​បាល​ចំនួន​ ៤​ ថ្ងៃ​បន្ទាប់​។​

​អង្គការ​សុខភាព​ពិភពលោក​រក​ឃើញ​ថា​ មនុស្ស​ជាង​ ១,៥​ លាន​នាក់​ក្នុង​នោះ​មាន​ទារក​ប្រមាណ​ ១៦០០​នាក់​ បាន​ឆ្លង​មេរោគ​ Zika​ នេះ​ ចាប់តាំង ពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០១៥​។​

​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ព្រមាន​កាលពី​ដើមឆ្នាំ​នេះ​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​ ២,៦​ ពាន់​លាន​នាក់​ ក្នុង​នោះ​មួយ​ភាគ​បី​នៃ​ប្រជាជន​ទូ​ទាំង​ពិភព​លោក​ ដែល​រស់នៅ​ផ្នែក​ខ្លះ​នៃ​ទ្វីបអាហ្វ្រិក​ តំបន់​អាស៊ី​និង​ប៉ា​ស៊ី​ហ្វិ​ក​ជា​កន្លែង​ដែល​មាន​មេរោគ​ Zika​ បាន​ផ្ទុក​មេ​រោក​នេះ​។

​ជំងឺ​ ហ្ស៊ី​កា​ ជា​ប្រភេទ​ជំងឺឆ្លង​ម្យ៉ាង​ដែល​បង្ក​ដោយ​ពពួក​វីរុស​ហ្ស៊ី​កា​ ហើយ​ភ្នាក់ងារ​ចម្លង​ជា​ប្រភេទ​សត្វ​មូស​ខ្លា​ដែល​ដូច​គ្នា​ទៅ​នឹង​ជំងឺគ្រុនឈាម​ដែរ​។​ អ្នកជំងឺ​ប្រមាណ​៧០​ ទៅ​ ៨០%​ ពុំ​មាន​លេច​ចេញ​ជា​រោគ​សញ្ញា​អ្វី​នោះ​ទេ​ តែ​អាកា​រៈ​អាច​កើត​មាន​ដូច​ជា​ ក្ដៅខ្លួន​ ឈឺ​សាច់ដុំ​ និង​សន្លាក់​ដៃជើង​ ស្នាម​ក្រហម​អុច​លើ​ស្បែក​ ភ្នែក​ឡើង​ក្រហម​ជាដើម​។​

​មេរោគ​ Zika​ នេះ​ គឺ​បណ្តាល​អោយ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ផ្តល់​កំណើត​ឱ្យ​ទារក​មាន​ក្បាល​តូច​ ខូច​ទ្រង់ទ្រាយ​ដើម​ និង​បង្ក​ឱ្យ​ខួរក្បាល​រួម​តូច​ ហើយ​ប្រព័ន្ធ​ប្រសាទ​ក៏​ខុស​ប្រក្រតី​ផង​ដែរ​។​

​គួរ​រម្លឹក​ថា​ ក្រសួងសុខាភិបាល​ធ្លាប់​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​យកចិត្ដទុកដាក់​ និង​យល់​ដឹង​ពី​ជំងឺ​ហ្ស៊ី​កា​នេះ​។​ ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ ប្រ​សិន​ពលរដ្ឋ​មាន​រោគ​សញ្ញា​សង្ស័យ​ សូម​ស្វែងរក​ភ្នាក់ងារ​សេវា​សុខាភិបាល​សាធារណៈ​ដែល​នៅ​ក្បែរ​ ឬ​អាច​ទាក់ទង​តាម​ទូរស័ព្ទ​លេខ​ ០១៥​ ៨២៥​ ៤២៤​ ឬ​០១២​ ៨២៥​ ៤២៤​  ដើម្បី​សួរ​នូវ​រាល់​ច​ម្ង​ល់​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​ហ្ស៊ី​កា​នេះ​ និង​សម្រាប់​ព័ត៌មាន​បន្ថែម​ផ្សេងៗ​ស្ដី​ពី​ជំងឺឆ្លង​៕

Share

Image
Image
Image