ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ នឹងរៀបចំពិធីសូត្រមន្តបង្សុកូលរាប់បាត្រ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតនៅលើស្ពានពេជ្រកាលពី ថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ២០១០ នាព្រះរាជពិធីបុណ្យអុំទូក។ ពិធីនេះនឹងប្រារព្ធធ្វើនៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅវេលាម៉ោង ៧ ព្រឹក នៅស្តូបរម្លឹកវិញ្ញាណក្ខន្ធក្បែរស្ពាននាគ ដោយនិមន្តព្រះសង្ឃប្រមាណ ១០០អង្គ។
គួររម្លឹកថា កាលពីរាត្រីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១០ ត្រូវនឹងថ្ងៃចុងបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ មានឧបទ្ទវហេតុរត់ជាន់គ្នា នៅលើស្ពានពេជ្រ បានបណ្តាលឲ្យមនុស្សស្លាប់ជិត ៤០០នាក់។
ជាការកត់សម្គាល់ ជារៀងរាល់ឆ្នាំនាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក គេសង្កេតឃើញនៅតាមផ្ទះប្រជាពលរដ្ឋខ្មែរមួយចំនួន គេតែតែងរៀបចំនំចំណី បាយម្ហូប និងប្រដាប់ប្រដាសែនព្រេនបន្តិចបន្តួចដើម្បីសែនឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកស្លាប់បង់ជីវិតលើស្ពានពេជ្រនោះ៕