en     km
en     km

​រដ្ឋមន្ត្រី​ស៊ុ​យ​អ៊ែ​ត​ ៖​ សង្គម​ស៊ី​វិល​គួរ​ទទួល​បានការ​ពារ​ ព្រោះ​មាន​អត្ថប្រយោជន៍​ដល់​សង្គម​🔊

Share

ភ្នំពេញ ៖ ​លោកស្រី​ អ៊ុ​ល​រី​កា​ ម៉ូត​ដៀ​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​អន្តរជាតិ​ នៃ​ប្រទេស​ស៊ុ​យ​អែ​ត​ ដែល​បាន​មក​ធ្វើ​ទស្សនៈកិច្ច​នៅ​ប្រ ទេស​កម្ពុជា​ បាន​ថ្លែង​ថា​ អង្គការ​សង្គម​ស៊ី​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម​ ខណៈ​លោកស្រី​ទទូច​ឱ្យ​ទទួលស្គាល់​សំឡេង​របស់​ក្រុម​អ្នក​បញ្ចេញមតិ​រិះគន់​។​

​សង្គម​ស៊ី​វិល​បាន​គាំទ្រ​ការ​លើក​ឡើង​នេះ​ ប៉ុន្តែ​លើក​ឡើង​ថា​ រដ្ឋាភិបាល​កម្ពុជា​ហាក់​មិនសូវ​ផ្តល់​ការពារ​ចំពោះ​សង្គម​ស៊ី​វិល​នោះ​ទេ​ ដែល​ពេល​ខ្លះ​សង្គម​ស៊ី​វិល​ ថែម​ទាំង​ទទួល​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ថែម​ទៀត​ផង​។​

 

លោកស្រី អ៊ុលរីកា ម៉ូតដៀ រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសស៊ុយអែត។រូបភាពWMC
លោកស្រី អ៊ុលរីកា ម៉ូតដៀ រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសស៊ុយអែត។រូបភាពWMC

​ក្នុង​កម្មវិធី​ខួប​ ២០​ឆ្នាំ​ នៃ​បេសកកម្ម​ស៊ុ​យ​អ៊ែ​ត​នៅ​កម្ពុជា​ នា​ភូមិ​គ្រឹះ​របស់​អគ្គរាជទូត​ស៊ុ​យ​អ៊ែ​ត​ នៅ​សង្កាត់​ទន្លេ​បាន​សាក់​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧​ ខែ វិច្ឆិកា​ លោកស្រី​ អ៊ុ​ល​រី​កា​ ម៉ូត​ដៀ​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​ប្រទេស​ស៊ុ​យ​អែ​ត​ មាន​ប្រសាសន៍​តាម​រយៈ​សេចក្ដីថ្លែង ការណ៍​របស់​លោកស្រី​ថា​ វត្តមាន​របស់​អង្គការ​សង្គម​ស៊ី​វិល​ទាំង​អង្គការ​ជាតិ​ និង​អន្តរជាតិ​នៅ​កម្ពុជា​ ពិតជា​មាន​សារៈសំខាន់​ណាស់​។​

​លោកស្រី​ថា​ អង្គការ​សង្គម​ស៊ី​វិល​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការ​ជំរុញ​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ដែល​អង្គការ​សង្គម​ស៊ី​វិល​ទាំងនោះ​ គួរតែ​ទទួល​បានការ​ពារ​ និង​អត្ថប្រយោជន៍​សង្គម​។​

ថ្លែង​ចំពោះ​មុខ​អ្នកចូលរួម​ដែល​រួម​មាន​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ និង​ អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ និង​អន្តរជាតិ​ លោកស្រី​មាន​ប្រសាសន៍​បន្ត​ថា​ ខណៈ​ស្ថានភាព​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​ កំពុង​មាន​ជម្លោះ​ និង​ទស្សនៈ​ផ្សេង​គ្នា​ទៅ​លើ​បញ្ហា​មួយ​ចំនួន​ និង​កំពុងធ្វើការ​ដោះស្រាយ​ និង​ផ្សះផ្សា​គ្នា​តាម​រយៈ​សន្តិវិធី​ លោកស្រី​យល់​ថា​ រាល់​ការ​បញ្ចេញមតិ​ណាមួយ​គួរតែ​មិន​ត្រូវ​បាន​ទាត់​ចោល​ឡើយ​។​

សេចក្ដីថ្លែងការណ៍​របស់​លោកស្រី​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​អន្តរជាតិ​ នៃ​ប្រទេស​ ស៊ុ​យ​អែ​ត​ ទទួល​បានការ​គាំទ្រ​ពី​សង្គម​ស៊ី​វិល​។

លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​ប្រតិបត្តិ​អង្គការ​សីល​ការ​ មាន​ប្រសាសន៍​ថា​ អង្គការ​សង្គម​ស៊ី​វិល​ គឺជា​ក្រុម​មួយ​ដែល​ឃ្លាំមើល​ ការ​ធ្វើ​ការងារ​ខ្វះ ចន្លោះ​របស់​រដ្ឋាភិបាល​។​ ជាមួយ​គ្នា​នេះ​ ជា​ធម្មតា​ សង្គម​ស៊ី​វិល​គឺ​ត្រូវ​តែ​និយាយ​ចំនុច​ខ្វះចន្លោះ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មិន​សប្បាយចិត្ត​ ហើយ​ជា​រឿយៗ​រដ្ឋាភិបាល​តែង​លើក​ឡើង​ថា​ សង្គម​ស៊ី​វិល​ចូល​ចិត្ត​តិះ​តៀន​រដ្ឋាភិបាល​ ហើយ​គាំទ្រ​បក្ស​ប្រឆាំង​។​

​លោកស្រី​បន្ត​ថា​ កាលពីមុន​រដ្ឋាភិបាល​បាន​ផ្តល់​ឱកាស​ ពេលវេលា​ឱ្យ​សង្គម​ស៊ី​វិល​ធ្វើការ​ងារ​បាន​ស្រួល​ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​ ២០១៤​ រដ្ឋាភិបាល​ហាក់​ធ្វើការ​រឹតត្បិត​ទៅ​លើ​អង្គការ​សង្គម​ស៊ី​វិល​ ដោយសារ​រដ្ឋាភិបាល​ យល់​ថា​ រាល់​ការ​បញ្ចេញមតិ​របស់​សង្គម​ស៊ី​វិល​ ការពារ​ផលប្រយោជន៍​ឱ្យ​បរ ទេស​ទៅ​វិញ​។​ លោកស្រី​ ធីតា​ ឃឹះ​៖«​ចង់ឱ្យ​រដ្ឋាភិបាល​ទទួលស្គាល់​ថា​ គឺជា​ដៃគូ​ក្នុង​ការ​ជួយ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ការងារ​កាន់តែ​ប្រសើរ​ឡើង​ ពី​គោល បំណង​យើង​ដូច​គ្នា​ គឺ​បម្រើ​ឱ្យ​ប្រជាពលរដ្ឋ​ និង​ប្រទេស​ជាតិ​ ធ្វើ​ឱ្យ​យើង​មាន​សេវា​ទាំង​ប៉ុន្មាន​ បាន​ទៅ​ដល់​ប្រជាពលរដ្ឋ​។​ ដូច្នេះ​កុំ​ ឱ្យ​មើលទៅ​សង្គម​ស៊ី​វិល​ថា​ជា​អ្នក​ដែល​និយាយ​តែ​ល្អ​រហូត​ មិនមែន​ជា​អ្នក​ស្រលាញ់​ ជួយ​គាត់​ទេ​ គាត់​ត្រូវការ​អ្នក​ដែល​និយាយ​ផ្តល់​នូវ​មតិ​កែតម្រូវ​ខ្លះ​ដើម្បី​ធ្វើ​ឱ្យ​ការងារ​បាន​ប្រសើរ​ទាំងអស់​គ្នា​។​»

​ចំណែក​លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​មាន​ប្រសាសន៍​ថា​ សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​តស៊ូ​មតិ​  អភិបាលកិច្ច​ ការ​កសាង​សមត្ថភាព​ និង​ការងារ​អភិវឌ្ឍ​សហគមន៍​ មិនសូវ​ជួប​បញ្ហា​ប្រឈម​ ឬ​មានការ​រឹតត្បិត​នោះ​ទេ​។​ តែ​ផ្ទុយ​ទៅ​ជំ​ពោះ​ អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ការពារ​ធនធានធម្មជាតិ​បាន​ជួប​បញ្ហា​ប្រឈម​ខ្លាំង​។​

លោក​បន្ត​ថា​ លោក​ចង់ឱ្យ​មាន​បរិយាកាស​ល្អ​គ្រប់​វិស័យ​ ទាំង​ការ​ការពារ​សិទ្ធិ​មនុស្ស​ អភិបាលកិច្ច​ ការ​កសាង​សមត្ថភាព​ និង​ការងារ​អភិវឌ្ឍ​សហ គមន៍​ឱ្យ​មាន​ភាព​រលូន​ដូច​គ្នា​។​ លោក​ថា​ នៅ​ពេល​គ្រប់​វិស័យ​ទាំងអស់​ទទួល​បាន​ នូវ​ការ​ផ្តល់​សិទ្ធិ​ឱ្យធ្វើ​ការ​រលូន​ដូច​គ្នា​ នោះ​គឺ​បាន​ផ្តល់​ផលប្រ យោជន៍​ដល់​ប្រជាពលរដ្ឋ​ និង​ផ្តល់​នូវ​មុខមាត់​ល្អ​ដល់​រដ្ឋាភិបាល​ផង​ដែរ​។​

​វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ទេ​នៅ​ថ្ងៃនេះ​ ជុំវិញ​ការ​លើក​ឡើង​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ និង​សេចក្ដីថ្លែង ការណ៍​របស់​លោកស្រី​ អ៊ុ​ល​រី​កា​ ម៉ូត​ដៀ​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​អន្តរជាតិ​ នៃ​ប្រទេស​ស៊ុ​យ​អែ​ត​។​

យ៉ាងណាមិញ​ ទាក់ទិន​បញ្ហា​នេះ​ កាលពី​ ២០១៥​ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​ច្បាប់​មួយ​ស្តី​ពី​ សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​

​រដ្ឋាភិបាល​បញ្ជាក់​ពី​គោលបំណង​នៃ​ការ​បង្កើត​ច្បាប់​នេះ​ថា​ គឺ​ដើម្បី​ធានា​ការ​ការពារ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋា ភិបាល​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ការពារ​ផល​ប្រ​យោ​ ជន៍​ស្របច្បាប់​របស់​ខ្លួន​ និង​ការពារ​ផលប្រយោជន៍​សាធារណៈ​ ព្រមទាំង​លើក កម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​រវាង​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ជាមួយ​អាជ្ញាធរ​សាធារណៈ​៕​

Share

Image
Image
Image