ភ្នំពេញ ៖ លោកស្រី អ៊ុលរីកា ម៉ូតដៀ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍អន្តរជាតិ នៃប្រទេសស៊ុយអែត ដែលបានមកធ្វើទស្សនៈកិច្ចនៅប្រ ទេសកម្ពុជា បានថ្លែងថា អង្គការសង្គមស៊ីមានសារៈសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍសង្គម ខណៈលោកស្រីទទូចឱ្យទទួលស្គាល់សំឡេងរបស់ក្រុមអ្នកបញ្ចេញមតិរិះគន់។
សង្គមស៊ីវិលបានគាំទ្រការលើកឡើងនេះ ប៉ុន្តែលើកឡើងថា រដ្ឋាភិបាលកម្ពុជាហាក់មិនសូវផ្តល់ការពារចំពោះសង្គមស៊ីវិលនោះទេ ដែលពេលខ្លះសង្គមស៊ីវិល ថែមទាំងទទួលការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិថែមទៀតផង។
ក្នុងកម្មវិធីខួប ២០ឆ្នាំ នៃបេសកកម្មស៊ុយអ៊ែតនៅកម្ពុជា នាភូមិគ្រឹះរបស់អគ្គរាជទូតស៊ុយអ៊ែត នៅសង្កាត់ទន្លេបានសាក់ កាលពីល្ងាចថ្ងៃទី១៧ ខែ វិច្ឆិកា លោកស្រី អ៊ុលរីកា ម៉ូតដៀ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសស៊ុយអែត មានប្រសាសន៍តាមរយៈសេចក្ដីថ្លែង ការណ៍របស់លោកស្រីថា វត្តមានរបស់អង្គការសង្គមស៊ីវិលទាំងអង្គការជាតិ និងអន្តរជាតិនៅកម្ពុជា ពិតជាមានសារៈសំខាន់ណាស់។
លោកស្រីថា អង្គការសង្គមស៊ីវិលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញឱ្យមានលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គមជាតិដែលអង្គការសង្គមស៊ីវិលទាំងនោះ គួរតែទទួលបានការពារ និងអត្ថប្រយោជន៍សង្គម។
ថ្លែងចំពោះមុខអ្នកចូលរួមដែលរួមមានមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល និង អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ លោកស្រីមានប្រសាសន៍បន្តថា ខណៈស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្ននេះ កំពុងមានជម្លោះ និងទស្សនៈផ្សេងគ្នាទៅលើបញ្ហាមួយចំនួន និងកំពុងធ្វើការដោះស្រាយ និងផ្សះផ្សាគ្នាតាមរយៈសន្តិវិធី លោកស្រីយល់ថា រាល់ការបញ្ចេញមតិណាមួយគួរតែមិនត្រូវបានទាត់ចោលឡើយ។
សេចក្ដីថ្លែងការណ៍របស់លោកស្រីរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍អន្តរជាតិ នៃប្រទេស ស៊ុយអែត ទទួលបានការគាំទ្រពីសង្គមស៊ីវិល។
លោកស្រី ធីតា ឃឹះ នាយិកាប្រតិបត្តិអង្គការសីលការ មានប្រសាសន៍ថា អង្គការសង្គមស៊ីវិល គឺជាក្រុមមួយដែលឃ្លាំមើល ការធ្វើការងារខ្វះ ចន្លោះរបស់រដ្ឋាភិបាល។ ជាមួយគ្នានេះ ជាធម្មតា សង្គមស៊ីវិលគឺត្រូវតែនិយាយចំនុចខ្វះចន្លោះ ដែលជាហេតុធ្វើឱ្យរដ្ឋាភិបាលមិនសប្បាយចិត្ត ហើយជារឿយៗរដ្ឋាភិបាលតែងលើកឡើងថា សង្គមស៊ីវិលចូលចិត្តតិះតៀនរដ្ឋាភិបាល ហើយគាំទ្របក្សប្រឆាំង។
លោកស្រីបន្តថា កាលពីមុនរដ្ឋាភិបាលបានផ្តល់ឱកាស ពេលវេលាឱ្យសង្គមស៊ីវិលធ្វើការងារបានស្រួល ប៉ុន្តែចាប់ពីឆ្នាំ ២០១៤ រដ្ឋាភិបាលហាក់ធ្វើការរឹតត្បិតទៅលើអង្គការសង្គមស៊ីវិល ដោយសាររដ្ឋាភិបាល យល់ថា រាល់ការបញ្ចេញមតិរបស់សង្គមស៊ីវិល ការពារផលប្រយោជន៍ឱ្យបរ ទេសទៅវិញ។ លោកស្រី ធីតា ឃឹះ៖«ចង់ឱ្យរដ្ឋាភិបាលទទួលស្គាល់ថា គឺជាដៃគូក្នុងការជួយឱ្យរដ្ឋាភិបាលធ្វើការងារកាន់តែប្រសើរឡើង ពីគោល បំណងយើងដូចគ្នា គឺបម្រើឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិ ធ្វើឱ្យយើងមានសេវាទាំងប៉ុន្មាន បានទៅដល់ប្រជាពលរដ្ឋ។ ដូច្នេះកុំ ឱ្យមើលទៅសង្គមស៊ីវិលថាជាអ្នកដែលនិយាយតែល្អរហូត មិនមែនជាអ្នកស្រលាញ់ ជួយគាត់ទេ គាត់ត្រូវការអ្នកដែលនិយាយផ្តល់នូវមតិកែតម្រូវខ្លះដើម្បីធ្វើឱ្យការងារបានប្រសើរទាំងអស់គ្នា។»
ចំណែកលោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាមានប្រសាសន៍ថា សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងការតស៊ូមតិ អភិបាលកិច្ច ការកសាងសមត្ថភាព និងការងារអភិវឌ្ឍសហគមន៍ មិនសូវជួបបញ្ហាប្រឈម ឬមានការរឹតត្បិតនោះទេ។ តែផ្ទុយទៅជំពោះ អង្គការសង្គមស៊ីវិលដែលធ្វើការទៅលើបញ្ហាសិទ្ធិមនុស្ស និងការពារធនធានធម្មជាតិបានជួបបញ្ហាប្រឈមខ្លាំង។
លោកបន្តថា លោកចង់ឱ្យមានបរិយាកាសល្អគ្រប់វិស័យ ទាំងការការពារសិទ្ធិមនុស្ស អភិបាលកិច្ច ការកសាងសមត្ថភាព និងការងារអភិវឌ្ឍសហ គមន៍ឱ្យមានភាពរលូនដូចគ្នា។ លោកថា នៅពេលគ្រប់វិស័យទាំងអស់ទទួលបាន នូវការផ្តល់សិទ្ធិឱ្យធ្វើការរលូនដូចគ្នា នោះគឺបានផ្តល់ផលប្រ យោជន៍ដល់ប្រជាពលរដ្ឋ និងផ្តល់នូវមុខមាត់ល្អដល់រដ្ឋាភិបាលផងដែរ។
វិទ្យុស្ត្រីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យរដ្ឋាភិបាលបានទេនៅថ្ងៃនេះ ជុំវិញការលើកឡើងរបស់មន្ត្រីអង្គការសង្គមស៊ីវិល និងសេចក្ដីថ្លែង ការណ៍របស់លោកស្រី អ៊ុលរីកា ម៉ូតដៀ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍អន្តរជាតិ នៃប្រទេសស៊ុយអែត។
យ៉ាងណាមិញ ទាក់ទិនបញ្ហានេះ កាលពី ២០១៥ រដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់មួយស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
រដ្ឋាភិបាលបញ្ជាក់ពីគោលបំណងនៃការបង្កើតច្បាប់នេះថា គឺដើម្បីធានាការការពារសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋា ភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោ ជន៍ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈ ព្រមទាំងលើក កម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាមួយអាជ្ញាធរសាធារណៈ៕