នៅសល់តែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ តុលាការរាជធានីភ្នំពេញ នឹងអនុវត្តសាលក្រមរបស់ខ្លួនករណីលោក កឹម សុខា ដែលតុលាការនេះ បានផ្ដន្ទាទោស លោក៦ខែពីបទ បដិសេធមិនចូលខ្លួន។ ករណីនេះ បើតុលាការកំពូលសម្រេចតម្កល់សាលក្រុមសាលាដំបូងរាជធានីភ្នំពេញ មានន័យថាលោក កឹម សុខា នឹងត្រូវបានអនុវត្ត ការនាំខ្លួនមកប្រឈមមុខ នឹងសាលក្រម ដែលបក្សប្រឆាំងថា ជារឿងនយោបាយ។ ដោយសារជារឿងនយោបាយ ហើយបានជា គណបក្សប្រឆាំងបានប្រាប់អ្នកសារព័ត៌មានថា លោក កឹម សុខា នឹងទៅ ចូលរួមប្រជុំសភា ដែលជាកិច្ចប្រជុំពេញអង្គនៅថ្ងៃទី២២ វិច្ឆិកា សប្ដាហ៍ក្រោយ។
តើបើលោក កឹម សុខា សម្រេចចិត្តទៅចូលរួមប្រជុំសភានៅសប្ដាហ៍ក្រោយនេះ អាចជាការបំបែកសាលក្រមតុលាការ ដែរឬទេ?
ត្រង់ចំណុចនេះ អ្នកវិភាគ មើលឃើញថា ជាការបំបែកស្ថានការណ៍នយោបាយ ច្រើនជាងការបំបែកសាលក្រម របស់តុលាការព្រោះកំហុសលោក កឹម សុខា គឺជារឿងនយោបាយ។ លោក ធូ វីរៈ បានរៀបរៀងបទវិភាគនេះ៖
លោក កឹម សុខា រស់នៅក្នុងស្ថានភាព លាក់ខ្លួនដោយសារ ដីកាកោះហៅរបស់តុលាការជាង៦ខែមកហើយ។ សំនុំរឿងដែលនាំឱ្យលោក កឹម សុខា រស់នៅគ្មានសេរីភាពនេះ គឺដោយសារមានការកោះពីតុលាការ ករណីសញ្ចារកម្ម ទាក់ទិនទៅនឹងសំណុំរឿងរបស់ នាងខុម ចាន់តារាទី ហៅស្រីមុំ។
ករណីនេះតុលាការបានកោះហៅលោកជាច្រើនលើកតែមិន ទៅបង្ហាញខ្លួន ព្រោះលោកអះអាងថា លោកនៅមានអភ័យឯកសិទ្ធិសភា។ ការផ្អែកលើ អភ័យឯកសិទ្ធិសភានេះហើយ មើលទៅបានជា លោក កឹម សុខា បានប្រាប់អ្នកនាំពាក្យលោកថា លោកនឹងទៅប្រជុំសភា នៃកិច្ចប្រជុំពេញអង្គនៅសប្ដាហ៍ក្រោយ។
បើលោក កឹម សុខា ទៅប្រជុំសភាមែននោះ គឺ ជាព្រឹត្តិការណ៍ថ្មីដំបូងកើតមាន ចំពោះរដ្ឋសភាកម្ពុជា ដែលមានអ្នកជាប់ពិរុទ្ធអង្គុយប្រជុំសភាដូចអ្នកតំណាងរាស្ត្រដទៃ ហើយមិនតែប៉ុណ្ណោះអាចជាបំបែកឯកត្តកម្មសភាកម្ពុជាទៀតផង។ ករណីនេះនាំឱ្យអ្នកសង្កេតការណ៍ និងសហគមន៍អន្តរជាតិមានការភ្ញាក់ផ្អើល ហើយគិតថា ជាការបំបែកព្រឹត្តិការណ៍នយោបាយដែលឡើងកំដៅ ទៀតផង។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ហាក់យល់ស្របនឹងទស្សនៈនេះ។ លោកពន្យល់ថា បើលោក កឹម សុខា ទៅប្រជុំសភា គឺមានប្រយោជន៍ ទាំងរូបលោក និងបក្សរបស់លោក ហើយ ធ្វើឱ្យស្ថានការណ៍នយោបាយដែលឡើងកំដៅនឹងថយចុះ គឺប្រៀបបាននឹងការទំលាយភាពទាល់ច្រក។
លោក សុវណ្ណរ៉ា៖«ទស្សនៈខ្ញុំយល់ឃើញថា ឯកឧត្តម កឹម សុខា លោកទៅប្រជុំសភា បើយើងគិតអំពីសមាភាព សមាជិកភាពនៅក្នុងសមាជិកសភា អភ័យឯកសិទ្ធិរបស់គាត់រក្សានៅដដែល មិនទាន់មានសភាដកទេ។ កាលណាគាត់ទៅបានន័យថា បញ្ហាជាប់គាំងនៅក្នុងនយោបាយអាចធ្លាយ»។
លោកបន្តថា ទោះជាលោក កឹម សុខា មិនបំបែកសាលក្រមរបស់តុលាការក៏ដោយ តែយ៉ាងហោចណាស់វត្តមានរបស់លោក និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅសភា បានធ្វើ ឱ្យសភា កម្ពុជាមានសំឡេងពហុបក្ស ផងដែរ។
ចំណែកសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ម្នាក់ទៀតគឺលោក សូ ចន្ថា យល់ឃើញថា លោក កឹម សុខា សម្រេចចិត្តចូលប្រជុំសភា គឺជាការ បង្ហាញពីការផ្សះផ្សាបញ្ហានយោបាយឲ្យងាកមកភាពដើមវិញ។ លោក ព្យាករណ៍ថា កាលណាប្រធានស្តីទីគណបក្សសង្គ្រោះជាតិចូលសភា បញ្ហារឿងក្តីរបស់លោកនៅតុលាការ និងសកម្មជនជាប់ឃុំមួយចំនួនទៀត ប្រហែលជាអាចដោះស្រាយបានផងដែរ។
លោក សូ ចន្ថា៖«ខ្ញុំនៅតែមានទស្សនៈថា ការចូលសភារបស់គណបក្សសង្គ្រោះជាតិនៅពេលនេះគឺ សញ្ញាណវិជ្ជមាន នឹងឈានទៅដល់ការសម្របសម្រួលនយោបាយ ជាពិសេសករណី ឯកឧត្តម កឹម សុខា និង សកម្មជនគណបក្សសង្គ្រោះជាតិផ្សេងទៀត»។
ទោះបីយ៉ាងនេះក្តី លោក កឹម សុខ អ្នកតាមដានបញ្ហាសង្គម និងនយោបាយ បានបង្ហាញទស្សនៈផ្ទុយទៅវិញថា បើលោក កឹម សុខា សម្រេចចូលប្រជុំសភាគឺ មិនបង្ហាញអំពីការបំបែកសំណុំរឿងក្តីរបស់លោក នៅតុលាការ តែលោកមើលឃើញថា ការងាកចូលសភាគឺយុទ្ធសាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ប៉ុណ្ណោះ។ លោក គឹម សុខ បន្តថា ប្រសិនបើមានការ ចាប់ខ្លួនលោក កឹម សុខា តាមសាលក្រមរបស់តុលាការ គឺ បក្សកាន់អំណាចនឹងបាត់ប្រជាប្រិយភាព តែផ្ទុយទៅវិញប្រសិនបើទុកឱ្យលោក កឹម សុខា មានសេរីភាពគឺចំណេញបក្សកាន់អំណាចនេះ។
លោក គឹម សុខ៖«ខ្ញុំមិនឃើញថា ការវិលចូលសភាលោក កឹម សុខា ជាផ្នែកធំមួយ ផ្នែកសំខាន់នៃ ការបំបែកសំណុំរឿង ពាក្យបំបែកសំណុំរឿងលោកចង់មានន័យថាបញ្ចប់បញ្ហា ជាចាប់ផ្តើមបញ្ចប់ ខ្ញុំមើលមិនឃើញអញ្ចឹងទេ។ រឿងលោក កឹម សុខា ទៅចូលសភាបញ្ហានេះ ជាយុទ្ធសាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ក្នុងទស្សនៈបុគ្គលអ្នកឯករាជម្នាក់ ខ្ញុំគាំទ្រនៅយុទ្ធសាស្ត្រាបែបហ្នឹង យុទ្ធសាស្ត្រទៅនិយាយរកគ្នាបាន»។
រយៈពេលចុងក្រោយ នេះ គេសង្កេតឃើញមានយន្តការពីរត្រូវអនុវត្តនៅពេលតែមួយ គឺបើលោក សម រង្ស៊ី ចូលស្រុក ត្រូវតែចាប់ខ្លួនបញ្ចូន ទៅក្រៅប្រទេសវិញ ទោះជាមេដឹកនាំ បក្សប្រឆាំងរូបនេះមកតាមច្រកណាក៏ដោយ។ យន្តការទី២គឺជាការ បន្ថយកំដៅនយោបាយក្នុងស្រុក តាមរយៈការវិលចូលសភាវិញរបស់ គណបក្សសង្គ្រោះជាតិ ដែលគេថា សភា កម្ពុជា បើគ្មាវត្តមានមេបក្សក៏មានវត្តមាន អនុប្រធាន និងតំណាងរាស្ត្របក្សប្រឆាំង គឺសភាមានសំឡេងពហុបក្ស។ បើដូចនេះមែន កម្ពុជាពិតមានរបបប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយ សហគមន៍អន្តរជាតិអាចបន្ថយសម្ពាធលើកម្ពុជាដែរ៕