en     km
en     km

​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ ជំរុញ​ឱ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

Share

ភ្នំពេញ៖ លោក​ ហុង​ សុខ​ហួរ​ អតីត​សមាជិក​ព្រឹទ្ធសភា​ លោក​ អ៊ុំ​ សំ​អាន​ សមាជិក​រដ្ឋសភា​ និង​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ មន្ត្រីជាន់ខ្ពស់​បក្ស​ប្រឆាំង​ បច្ចុប្បន្ន​ពួក​គាត់​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ ព្រមទាំង​ព្រះសង្ឃ​ដែល​មិន​ទាន់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ប្រ​ញ៉ាប់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ខណៈ​ដែល​យុទ្ធនាការ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​សល់​តែ​១១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។​

លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភា និង លោក អ៊ុំ សំអាន សមាជិករដ្ឋសភា
លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភា និង លោក អ៊ុំ សំអាន សមាជិករដ្ឋសភា

សេចក្តី​អំពាវនាវ​ ដោយ​មាន​ស្នាម​ផ្តិត​មេដៃ​ របស់​អ្នក​ជាប់ពិរុទ្ធ​ទាំ​ បី​រូប​នេះ​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨​ វិច្ឆិកា​នេះ​ ដោយ​បាន​សរសេរ​ថា​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ គឺជា​លក្ខខណ្ឌ​ចាំបាច់​ ដើម្បី​ទទួល​បាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​ ៤​ខែមិថុនា​ ឆ្នាំ​២០១៧​។​

​សេចក្តី​អំពាវនាវ​មាន​ខ្លឹមសារ​ដូចនេះ​ថា​ ៖​ «​មាន​តែ​សន្លឹក​ឆ្នោត​បងប្អូន​ទេ​ ទើប​អាច​ផ្លាស់​ប្តូរ​សង្គម​មួយ​ដែល​ពោរពេញ​ដោយ​ការ​ឈឺចាប់​ និង​ភាព​អយុត្តិធម៌​បាន​។​ យើងខ្ញុំ​ទាំងអស់​គ្នា​ សង្ឃឹម​ យ៉ាង​មុតមាំ​ថា​ ព្រះសង្ឃ​ ព្រមទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ ហើយ​មិន​ទាន់​បាន​និមន្ត​ និង​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នឹង​និមន្ត​ អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​គ្រប់​អង្គ​ និង​គ្រប់​គ្នា​»​។​

​ការ​អំពាវនាវ​របស់​ អ្នក​ជាប់​ពិរុទ្ធភាព​ទាំង​បី​រូប​ ធ្វើ​ឡើង​បន្ទាប់​ពី​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្សប្រឆាំង​ បាន​ផ្ញើ​សារ​ជា​ច្រើន​ជំរុញ​ឱ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឱ្យ​បាន​គ្រប់ៗ​គ្នា​ព្រោះ​ថ្ងៃ​បិទ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​២៩​ ខាង​មុខ​នេះ​។​លោក​ សម​ រ​ង្ស៊ី​ ថា​ការ​បោះ​ឆ្នោត​ នឹង​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ ដោយ​វិជ្ជមាន​នៅ​កម្ពុជា​។​

​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បណ្តោះអាសន្ន​របស់​ គ​.​ជ​.​ប​ នៅ​ថ្ងៃ​ទី​១៨​នេះ​  ចាប់ពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​គិត​ត្រឹម​ម៉ោង​ ១៨​ល្ងាច​ មាន​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ៧២៧៣៧៤៨​នាក់​ ស្មើនឹង​៧៥,២៦​ភាគរយ​៕


Share

ព័ត៌មានទាក់ទង

Image