រដ្ឋាភិបាលទីក្រុងមូស្គូបានឲ្យដឹងថា ខ្លួននឹងដកសមាជិកភាពចេញពីសន្ធិសញ្ញាទីក្រុង រ៉ូម នៃតុលាការឧក្រឹដ្ឋកម្មអន្ដរជាតិ ICC នៅពេលដែលប្រធានាធិបតី រុស្ស៊ី ផ្លាឌីមៀពូទីន ចុះហត្ថលេខាលើសេចក្ដីសម្រេចនេះ។ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសថា ICC មិនបានបំពេញតួនាទីរបស់ខ្លួនឲ្យស្របនឹងលក្ខន្ដិកៈរបស់ខ្លួនគឺមិនមានឯករាជ្យភាព។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសរុស្ស៊ី បានប្រកាសថា លោកប្រធានាធិបតីពូទីន តាមរយៈក្រសួងការបរទេស នឹងបញ្ជូនលិខិតសុំដកសមាជិកភាពនេះ ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងពេលឆាប់ៗនេះ។
តែយ៉ាងនេះក្ដីអ្នកនាំពាក្យ ICC លោក Fadi El Abdallah បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ICC បានបំពេញកាតព្វកិច្ចរបស់ខ្លួនទៅតាមលក្ខន្ដិកៈ ដែលមានចែងហើយបំពេញយុត្ដាធិការ របស់ខ្លួនទៅតាមអំណាចនិងអធិបតេយ្យភាព។ ស្របពេលដែលរដ្ឋាភិបាលទីក្រុងម៉ូស្គូ ប្រកាសដកខ្លួនពីសមាជិក ICC ប្រធានាធិបតីហ្វីលីពីនលោក ដូទើតេ ក៏បានប្រកាសគាំទ្ររុស្ស៊ីភ្លាមហើយបាននិយាយថា ក្រុងម៉ានីលក៏ពិចារណា ដកខ្លួនពីសមាជិកភាពនេះដែរ។
រយៈពេលចុងក្រោយនេះគេកត់សំគាល់ថាប្រទេសមួយចំនួនដែលដកខ្លួនចេញពីសមាជិកភាព ICC គឺភាគច្រើនប្រទេសទាំងនោះរងការរិះគន់ថា បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដូចជា ប្រទេសអាហ្វ្រិកខាងត្បូងជាដើម៕ ប្រភព:CNA