នាយករដ្ឋមន្ដ្រីម៉ាឡេស៊ីដែលមានរឿងអាស្រូវ ពុករលួយ ណាជីពរ៉ាហ្សាក់ បានព្រមានថា នឹងបង្ក្រាបបាតុកម្មប្រសិនបើបាតុកម្ម ប្រឆាំងរដ្ឋាភិបាលរបស់លោក នៅថ្ងៃសៅរ៍ស្អែកនេះបង្កឲ្យមានហិង្សា។
តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia អង្គការកែទម្រង់ការបោះឆ្នោតមួយឈ្មោះថា Bersih នឹងដឹកនាំឲ្យមានការធ្វើបាតុកម្មទ្រង់ទ្រាយធំមួយ ដោយមានមនុស្សចូលរួមយ៉ាងតិច ២០ម៉ឺននាក់ ដោយទាមទារឲ្យលោក ណាជីព រ៉ាហ្សាក់ លាលែងពីតំណែង ព្រោះតែនាយករដ្ឋមន្ដ្រីរូបនេះ មានរឿងអាស្រូវពុករលួយកិបកេងប្រាក់របស់រដ្ឋនៅទឹកប្រាក់ ៧រយលានដុល្លាអាមេរិក។
លោក ណាជីព បានព្រមានថា អាចនឹងមានបាតុកម្មពីរ ធ្វើឡើងនៅពេលតែមួយគឺបាតុកម្មគាំទ្ររដ្ឋាភិបាល និងប្រឆាំងរដ្ឋាភិបាលដែលទីបំផុតលោកថា ត្រូវតែបង្ក្រាប់ជាដាច់ខាត។
តាមព័ត៌មានអង្គការកំណែទម្រង់ការបោះឆ្នោត Bersih ដែលមានប្រជាប្រិយភាពនឹងរៀបចំយុទ្ធនាការណ៍ធ្វើបាតុកម្មនេះគឺរយៈពេល ៧សប្ដាហ៍ ដើម្បីធ្វើយ៉ាងណាឲ្យលោក ណាជីពទទួលកំហុសហើយលាលែងពីតំណែង។ យ៉ាងណាក៏ដោយលោក ណាជីព បដិសេធថាលោកមិនបានប្រព្រឹត្ដអំពើពុករលួយអ្វីឡើយ។ នៅប្រទេសម៉ាឡេស៊ី តុលាការត្រូវបានចាត់ទុកថា ស្ថិតនៅក្រោមអំណាចរបស់បក្សកាន់អំណាចបច្ចុប្បន្ននេះ ហើយភាគច្រើនបានកាត់ទោសទៅលើបក្សប្រឆាំង ជាក់ស្ដែងឧបនាយករដ្ឋមន្ដ្រីម្នាក់គឺលោក អាន់រ៉ាអ៊ីប្រាហ៊ីម ឲ្យមានទោស ៥ឆ្នាំ ពីបទស្រឡាញ់ភេទដូចគ្នា ដោយគេថា ខុសនឹងវិន័យសាសនាមូស្លីម៕ប្រភព:CNA