ប្រេស៊ីល៖ នៅពេលដែលវិបត្ដិនយោបាយនិងសង្គមកាន់តែអាក្រក់ទៅ នៅរយៈពេលចុងក្រោយនេះប្រជាជនប្រេស៊ីលរាប់ម៉ឺននាក់បានដើរធ្វើបាតុកម្ម តាមដងផ្លូវនានាទូទាំងប្រទេស ដោយទាមទារឲ្យទម្លាក់ប្រធានាធិបតីពីតំណែង និងត្រូវចាប់ខ្លួនមន្ដ្រីជាន់ខ្ពស់មួយចំនួនករណីពុករលួយ។ វិបត្ដិបាននាំឲ្យការបែកបាក់សង្គមកាន់តែខ្លាំងជាហេតុបង្កឲ្យមាន អំពើហិង្សានៅតាមតំបន់មួយចំនួន។
តាមបណ្ដាញផ្សាយព័ត៌មាន BBC កាលពីថ្ងៃម្សិលមិញប្រជាជនប្រេស៊ីល រាប់ម៉ឺននាក់បានចេញដើរតាមដងផ្លូវជាថ្មីម្ដងទៀត ដែលលើកនេះការធ្វើបាតុកម្ម គឺខុសពីពេលមុនៗ គឺទាមទារឲ្យកងទ័ពប្រញាប់ធ្វើរដ្ឋប្រហារ ឲ្យបានឆាប់បំផុតដើម្បីស្រោចស្រង់ប្រទេសជាតិ។ ពួកបាតុករបានស្រែកថា ដើម្បីស្ដារស្ថានភាពឡើងវិញមានតែកងទ័ពទេ ចូលមកគ្រប់គ្រងអំណាច។ យ៉ាងណាក៏ដោយមនុស្សប្រហែល ៤០នាក់ត្រូវបានចាប់ខ្លួន។
អំពើហិង្សានៅប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឲ្យលំនៅដ្ឋានអ្នកស្រុកមួយចំនួនត្រូវបានបំផ្លាញ។ ទន្ទឹមនឹងនេះគេឃើញពួកយោធាចាប់ផ្ដើមដាក់ពង្រាយតាមផ្លូវជាបណ្ដើរៗហើយ ប៉ុន្ដែមិនមានសញ្ញាណាមួយថា នឹងមានរដ្ឋប្រហារឆាប់ៗនោះទេ។ ករណីពុករលួយនេះនាំឲ្យប្រធានាធិបតីម្នាក់គឺលោកស្រី Dilma Rousseff ត្រូវបានចោទប្រកាន់ ករណីពុករលួយ ស្របពេល មន្ត្រីជាន់ខ្ពស់ជាច្រើន រូប ត្រូវបានចាប់ខ្លួន។
ប្រទេសប្រេស៊ីលធ្លាប់គ្រប់គ្រងដោយពួកយោធានៅទសវត្សឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៧០៕ប្រភព:BBC