ភ្នំពេញ៖នាយរដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន បានបង្ហោះសារនៅលើគេហទំព័រហ្វសប៊ុករបស់លោកនាថ្ងៃទី ១៧ ខែវិច្ឆិកានេះថា មកទល់សព្វថ្ងៃនេះ តម្រូវការរបស់ពុទ្ឋបរិស័ទលើអាចារ្យគឺនៅតែជាតម្រូវ ការធំ។ ការថ្លែងដូចនេះធ្វើទ្បើង ក្នុងពិធី សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសនៅសាលចតុមុខរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
តាមប្រភពដដែល អាចារ្យ អាចារិនី ចំនួន ៨៥៧៥ បានទទួលការអប់រំបណ្តុះបណ្តាលចំណេះដឹងលើផ្នែកអាចារ្យ ហើយមកទល់សព្វថ្ងៃនេះ តម្រូវការរបស់ពុទ្ឋបរិស័ទលើអាចារ្យគឺនៅតែជាតម្រូវការធំ។
តាមប្រភពដដែលបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរពសិទ្ធិសេរី ភាពខាងជំនឿសាសនា និងជំនឿរបស់ប្រជាជន ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបន្តពង្រឹងនិងពង្រីកពុទ្ធិកសិក្សានៅគ្រប់កម្រិតជំរុញការសិក្សាស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយគម្ពីរដីការ ក្បួនតម្រា និងក្បួនច្បាប់សម្រាប់ប្រតិបត្តិធម្មវិន័យ។
ទាក់ទងនឹងការលើកកម្ពស់សមត្ថភាពយល់ដឹងអំពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរនេះដែរ សម្ដេចហ៊ុន សែន បានណែនាំឱ្យក្រសួងធម្មការ និងសាសនា បន្តរៀបចំកម្មវិធីជួបជុំជាប្រចាំឆ្នាំដើម្បីបង្ករល ក្ខណៈឱ្យអាចារ្យ អាចារិនី ទាំងអស់នៃ សមាគមអាចារ្យខ្មែរ មានឱកាសផ្លាស់ប្តូរមតិយោបល់ និងចែក រំលែកចំណេះដឹងផ្សេងៗ។
សម្ដេចហ៊ុន សែន ក៏បានសំណូមពរដល់អាចារ្យ អាចារិនី ឱ្យមានសាមគ្គីល្អជាមួយចៅអធិការវត្ត ព្រះ សង្ឃ អាជ្ញាធរដែនដី ដោយមិនត្រូវប្រកាន់បក្សពួក ហើយអាចារ្យ អាចារិនី ត្រូវធ្វើជាបុគ្គលជាទីគោរព។
សម្ដេចបន្តថាសព្វថ្ងៃនេះវត្តអារាមមានច្រើន ការធ្វើបុណ្យទានកាន់តែច្រើន តម្រូវការអាចារ្យក៏កាន់តែច្រើន ជាហេតុទាមទារឱ្យមានការបណ្តុះ បណ្តាលធនធានមនុស្សផ្នែក អាចារ្យ អាចារិនីនេះឱ្យមាន ចំណេះដឹងខ្ពង់ខ្ពស់ ។ អាចារ្យ អាចារិនី ត្រូវបន្តពង្រីកចំណេះដឹង និងខិតខំស្រាវជ្រាវក្បួនខ្នាតដើម្បីរួម ចំណែកកសាងឯកសារគោលសម្រាប់បោះពុម្ពផ្សាយជាប្រយោជន៍សង្គម និងត្រូវធ្វើគំរូល្អប្រកបដោយសីលធម៌ ចរិយាធម៌ល្អ ដើម្បីចូលរួមទប់ស្កាត់អំពើហិង្សានៅក្នុងសង្គមជាតិផងដែរ៕