ភ្នំពេញ៖បន្ទាប់ពីគណបក្សប្រឆាំងធំជាងគេនៅកម្ពុជាពហិការចូលប្រជុំសភាជាច្រើនលើកកន្លងមក តែនៅពេលនេះគណបក្សនេះបានអះអាងជាថ្មីថា ខ្លួននឹងចូលប្រជុំសភាដើម្បីជជែកជុំវិញប្រសិ ទ្ធភាពនៃការប្រមូលចំណូល និងប្រសិទ្ធភាពក្នុងការចាយវាយ។ ករណីនេះគណបក្សកាន់ អំណាចលើកឡើងថា ការចូលប្រជុំសភារបស់បក្សប្រឆាំងគឺជាសិទ្ធិរបស់បក្សនេះហើយបើទោះ ជាមានឬគ្មានការចូលរួមពីតំ ណាងរាស្ដ្របក្សប្រឆាំងក៏ដោយក៏សភានៅតែដំណើការដដែលទៅតាមរបៀបវារៈដែលបានកំណត់។
តាមសេចក្ដីជូនដំណឹងរបស់នាយកដ្ឋានព័ត៌មាននៃអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលបានចុះផ្សាយនៅថ្ងៃទី ១៧ ខែ វិច្ឆិកា នេះឲ្យដឹងថា រដ្ឋសភានឹងរៀបចំកិច្ចប្រជុំមួយនៅថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅវេលាម៉ោង ៩៖០០នាទីព្រឹក នៅសាលប្រជុំគណៈកម្មាធិកាអចិន្ទ្រៃយ៍របស់រដ្ឋសភា។ សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាគឺជាអ្នកដឹកនាំអង្គប្រជុំគណៈកម្មាធិការអចិន្ទ្រៃរបស់រដ្ឋសភា ដែលមានរបៀបវារៈមួយចំនួន។ ស្របពេលដែលរដ្ឋសភាចេញសេចក្ដីជូនដំណឹងជុំវិញការរៀបកិច្ចប្រជុំនេះ គណបក្សសង្គ្រោះជាតិបានអះអាងថា ខ្លួននឹងចូលរួមកិច្ចប្រជុំរដ្ឋសភាដើម្បីលើកយកបញ្ហាមួយចំនួនមកជជែក។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ តាមរយៈបទសម្ភាសន៍ជាមួយវិទ្យុស្ដ្រីFM102 នៅថ្ងៃទី ១៧ វិច្ឆិកា នេះបានឲ្យដឹងថា តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិនឹងចូលរួមកិច្ចប្រជុំរដ្ឋសភានាពេលខាងមុខ។ លោកបន្ដថា ការចូលប្រជុំសភានេះគណបក្សសង្គ្រោះមានរបៀបវារៈជាច្រើនដើម្បីលើកឡើង ក្នុងនោះរួមមាន ប្រសិទ្ធភាពក្នុងការប្រមូលចំណូល និងប្រសិទ្ធភាពក្នុងការចំណាយ។
លោក យឹម សុវណ្ណ៖«ខ្ញុំអាចសង្ខេបបានថា ប្រសិទ្ធភាពនៅក្នុងការប្រមូលចំណូល និងប្រសិទ្ធភាពនៅក្នុងការចាយវាយ»។
ក្រៅពីនេះអ្នកនាំពាក្យបញ្ជាក់ថា គណបក្សសង្គ្រោះជាតិក៏កំពុងសិក្សាមើលចំណុចផ្សេងៗទៀតក្រៅពីចំណុចទាំងពីរដែលលើកឡើងនេះ។ តំណាងរាស្ត្របក្សប្រឆាំងបានខកខានការចូលប្រជុំសភា ជាច្រើនខែមកហើយ ដោយសារតែ ពួកគាត់ប្រឆាំង ការចាប់ខ្លួនអ្នកតំណាងរាស្ត្រ។
អ្នកនាំពាក្យបក្សកាន់អំណាចលោក សុខ ឥសាន្ដ មានប្រសាសន៍ថា ក្នុងនាមជាអ្នកតំណាងរាស្ដ្រគឺត្រូវតែធ្វើការទៅតាមតួនាទីរបស់ខ្លួន។ អ្នកនាំពាក្យបន្ថែមថា សភាគឺនៅតែដំណើការតាមបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនដដែលបើទោះជា អ្នកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិចូល ឬមិនចូលប្រជុំក៏ដោយ។
លោក សុខ ឥសាន្ដ៖«នេះជាការទទួលខុសត្រូវរបស់គាត់ គាត់ចង់ចូលសភានៅតែដំណើការតាមបទបញ្ជារផ្ទៃក្នុងរបស់រដ្ឋភា ហើយបើគាត់មិនចូលសភាក៏នៅតែដំណើការតាមបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាដែរ»។
សូមរម្លឹកថា អ្នកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិទាំង ៥៥រូបបានធ្វើពហិការចូលប្រជុំសភាចាប់តាំ ងពីពេលដែលមានក្រុមបាតុករមួយក្រុមបានវាយអ្នកតំណាងរាស្ដ្រគណបក្សនេះ ចំនួន២រូបគឺលោក គង់ សភា និងលោក ញ៉យ ចំរើន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ដែលបង្កឲ្យអ្នកទាំងពីរនេះរងរបួ សធ្ងន់ធ្ងរនៅពេលដែលអ្នកតំណាងរាស្ដ្រទាំងពីរូបនេះចេញពីប្រជុំក្នុងរដ្ឋសភា។ កាលពីពេលកន្លងទៅអ្នកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិបានប្រកាស់ថា នឹងចូលប្រជុំសភាជាថ្មី ប៉ុន្ដែនៅថ្ងៃកំណត់នៃការប្រជុំរដ្ឋសភាគណបក្សនេះបានអាក់ខានទៅវិញ ក្រោមហេតុផលថា មានអ្នកគំរាមចង់បង្កហិង្សាទៅលើអ្នកតំណាងរាស្ដ្រគណបក្សខ្លួនដូចការវាយដំលើលោក ញ៉យ ចំរើយ និងលោក គង់ សភា ដែរ៕