en     km
en     km

តុលាការ​ កាត់ទោស​សមាជិក​ព្រឹទ្ធសភា​ បក្ស​ប្រឆាំង​លោកស្រី​ ថា​ក់​ ឡា​នី​ ឲ្យ​មានទោស​១​ឆ្នាំ​៦​ខែ​

Share

ភ្នំពេញ៖ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ផ្តន្ទាទោស​ សមាជិក​ព្រឹទ្ធសភា​ មក​ពី​គណបក្ស​ សម​ រ​ង្ស៊ី​ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១​ ឆ្នាំ​៦​ខែ​ ពី​បទ​បរិហា​កេរ្តិ៍​សម្តេច​ នាយក​រដ្ឋមន្ត្រី​ ដោយ​ចោទ​ថា​មាន​ជាប់​ពាក់ព័ន្ធ​ឃាតកម្ម​ លោក​ បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​បញ្ហា​សង្គម​ដ៏​ល្បីឈ្មោះ​មួយ​រូប​។​

លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី ត្រូវបាន សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា បោះឆ្នោត លើកអភ័យឯកសិទ្ធិព្រឹទ្ធសភា របស់លោកស្រី។
លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី ។

សាលក្រម​នេះ​ បាន​បង្គាប់​ឲ្យ​អ្នក​ស្ត្រី​ ថា​ក់​ ឡា​នី​ បង់ប្រាក់​ជំងឺ​ចិត្ត​ចំនួន​ ១០០​ រៀល​ទៅ​ដើម​ បណ្តឹង​ និង​ បង់ប្រាក់​ពិន័យ​ ៨​ លាន​រៀល​ចូល​រដ្ឋ​។​ តុលាការ​ក៏​បាន​ចេញ​ដីការ​ បង្គាប់​ឲ្យ​ចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​រូប​នេះ​។​ នេះ​បើ​យោង​តាម​សាលក្រម​ សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​ប្រកាស​ជា​សាធារណៈ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១៧​វិច្ឆិកា​នេះ​។​

​លោក​ សំ​ សុ​គង់​ មេធាវី​ការពារ​ក្តី​ សមាជិក​ព្រឹទ្ធសភា​លោកស្រី​ ថា​ក់​ ឡា​នី​ បាន​ឲ្យ​ដឹង​ថា​ សេចក្តីសម្រេច​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​កូនក្តី​ របស់​លោក​មួយ​ឆ្នាំ​កន្លះ​នេះ​គឺ​ មិន​ទាន់​អាច​ផ្តល់​ភាព​យុត្តិធម៌​ដល់​កូនក្តី​លោក​ឡើយ​។​ លោក​ សំ​ សុ​គង់​ ថា​ ក្រុម​មេធាវី​ទាំងអស់​នឹង​ដាក់​ពាក្យ​ បណ្តឹង​ទៅ​សាលាឧទ្ធរណ៍​ជំទាស់​ចំពោះ​ ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​លោក​ សំ​ សុ​គង់​៖«​ខ្ញុំ​បាន​ក៏​គិត​ថា​ មិន​ទាន់​មាន​លក្ខណៈ​ត្រឹមត្រូវ​ ហើយ​មិន​សម​ស្រប​ទេ​។​ មេធាវី​ការពារ​នឹង​ជួប​ពិភាក្សា​ជាមួយ​កូនក្តី​ហើយ​ ធ្វើ​បណ្តឹងឧទ្ធរណ៍​ចំពោះ​សាលក្រម​ថ្ងៃនេះ​ ដើម្បី​សាលាឧទ្ធរណ៍​ ពិនិត្យ​អំពី​សេចក្តីសម្រេច​របស់​តុលាការក្រុង​ភ្នំពេញ​ឡើង​វិញ​»​។​

​ចំណែក​មេធាវី​ដើមបណ្តឹង​ លោក​ គី​ តិច​ បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​ លោក​មេធាវី​ គី​ តិច​ បន្ត​ថា​ ដើមបណ្តឹង​ប្តឹង​ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​ចំនួន​ ១០០​ រៀល​ គឺ​ចង់​បញ្ជាក់​អំពី​ការ​អនុវត្តន៍​ច្បាប់​។​

​លោក​មេធាវី​ គី​ តិច​៖«​ចំនុច​ដែល​យើងខ្ញុំ​ពេញចិត្ត​បាន​សម្រេច​ មួយ​ចំនុច​ទៀត​គឺ​ពាក់ព័ន្ធ​បង្គាប់​ឲ្យ​ចាប់ខ្លួន​ និង​ឃុំខ្លួន​ »​។​

​តុលាការ​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ ចោទប្រកាន់​លោកស្រី​ ថា​ក់​ ឡា​នី​ ពី​បទ​បរិហា​កេរ្តិ៍​ជា​សាធារណៈ​ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ ដល់​សន្តិសុខ​សង្គម​ តាម​មាត្រា​ ៣០៥​ មាត្រា​ ៤៩៤​ និង​មាត្រា​ ៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​៕

Share

Image
Image
Image