ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី ឲ្យជាប់ពន្ធនាគារចំនួន១ ឆ្នាំ៦ខែ ពីបទបរិហាកេរ្តិ៍សម្តេច នាយករដ្ឋមន្ត្រី ដោយចោទថាមានជាប់ពាក់ព័ន្ធឃាតកម្ម លោក បណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គមដ៏ល្បីឈ្មោះមួយរូប។
សាលក្រមនេះ បានបង្គាប់ឲ្យអ្នកស្ត្រី ថាក់ ឡានី បង់ប្រាក់ជំងឺចិត្តចំនួន ១០០ រៀលទៅដើម បណ្តឹង និង បង់ប្រាក់ពិន័យ ៨ លានរៀលចូលរដ្ឋ។ តុលាការក៏បានចេញដីការ បង្គាប់ឲ្យចាប់ខ្លួនសមាជិកព្រឹទ្ធសភាបក្សប្រឆាំងរូបនេះ។ នេះបើយោងតាមសាលក្រម សាលាដំបូងរាជធានីភ្នំពេញដែលបានប្រកាសជាសាធារណៈនៅរសៀលថ្ងៃព្រហស្បតិ៍ទី ១៧វិច្ឆិកានេះ។
លោក សំ សុគង់ មេធាវីការពារក្តី សមាជិកព្រឹទ្ធសភាលោកស្រី ថាក់ ឡានី បានឲ្យដឹងថា សេចក្តីសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសកូនក្តី របស់លោកមួយឆ្នាំកន្លះនេះគឺ មិនទាន់អាចផ្តល់ភាពយុត្តិធម៌ដល់កូនក្តីលោកឡើយ។ លោក សំ សុគង់ ថា ក្រុមមេធាវីទាំងអស់នឹងដាក់ពាក្យ បណ្តឹងទៅសាលាឧទ្ធរណ៍ជំទាស់ចំពោះ ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។
លោក សំ សុគង់៖«ខ្ញុំបានក៏គិតថា មិនទាន់មានលក្ខណៈត្រឹមត្រូវ ហើយមិនសមស្របទេ។ មេធាវីការពារនឹងជួបពិភាក្សាជាមួយកូនក្តីហើយ ធ្វើបណ្តឹងឧទ្ធរណ៍ចំពោះសាលក្រមថ្ងៃនេះ ដើម្បីសាលាឧទ្ធរណ៍ ពិនិត្យអំពីសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញឡើងវិញ»។
ចំណែកមេធាវីដើមបណ្តឹង លោក គី តិច បានសម្តែងការពេញចិត្តចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។ លោកមេធាវី គី តិច បន្តថា ដើមបណ្តឹងប្តឹងទាមទារប្រាក់ជំងឺចិត្តចំនួន ១០០ រៀល គឺចង់បញ្ជាក់អំពីការអនុវត្តន៍ច្បាប់។
លោកមេធាវី គី តិច៖«ចំនុចដែលយើងខ្ញុំពេញចិត្តបានសម្រេច មួយចំនុចទៀតគឺពាក់ព័ន្ធបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន »។
តុលាការរាជធានីភ្នំពេញ បានសម្រេច ចោទប្រកាន់លោកស្រី ថាក់ ឡានី ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕