អ្នកស្រី ផាន់ ប៉ាង គឺជាស្ត្រីដំបូងដែលបានជាប់ឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំ នៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ មុននឹងជាប់ឈ្មោះជាក្រុមប្រឹក្សាឃុំ អ្នកស្រី គឺជាអ្នកលក់នំអន្សមអាំង នៅមុខសាលាឃុំ។ ប៉ុន្តែដោយមើលឃើញពីសមត្ថភាពរបស់អ្នកស្រី ទើបមេឃុំជំរុញឱ្យអ្នកស្រីចូលរួមក្នុងកិច្ចការអភិវឌ្ឍភូមិឃុំ តាមរយៈ ធ្វើជាប្រធាននារីសមាគមនារីឃុំ ហើយក្រោយទៀត អ្នកស្រីឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំ ដែលទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋច្រើន។
យ៉ាងណាមិញបើទោះបីជា អ្នកស្រីទទួលបានការស្រលាញ់ចូលចិត្ត ពីប្រជាពលរដ្ឋក៏ដោយ តែអ្នកស្រីនៅតែរងការរើសអើងពីក្រុមប្រឹក្សាឃុំជាបុរស។
តទៅនេះ សូមអញ្ជើញស្តាប់បទយកការណ៍ដែលរៀបចំ ដោយកញ្ញា ឆេង ណាតា ដូចតទៅ៖
របាយការណ៍អង្កេតប្រចាំឆ្នាំ២០១៥ របស់អង្គការខមហ្វ្រែល បានបង្ហាញថា ស្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់មានការកើនឡើងបន្តិចចំនួន ២០៥១នាក់ ស្មើនឹង១៧,៨៩% ក្នុងចំណោម១១,៤៥៩នាក់។ ជាមួយគ្នានេះដែរ ក្នុងឆ្នាំ២០១៥ មេឃុំ ចៅសង្កាត់ជាស្ត្រីកើនឡើងចំនួន៦,៦១% ស្មើនឹង១០៨នាក់ ដែលឆ្នាំ២០១៤ មានតែ៩៥នាក់តែប៉ុណ្ណោះ។
របាយការណ៍នេះថា ការកើនឡើងនេះ ដោយសារតែប្រធានក្រុមប្រឹក្សាជាបុរសខ្លះស្លាប់ ខ្លះទៀតលាលែងពីតំណែង ដោយសារមានជំងឺ មិនអាចធ្វើការបាន និងខ្លះទៀតចាស់ខ្លាំពេក។
ទោះជាយ៉ាងណាក៏ដោយ ស្ត្រីនៅតែមានចំនួនតិចក្នុងមុខតំណែងធ្វើសេចក្តីសម្រេចសំខាន់មួយនេះ ថ្វីបើមានការកើនឡើងបន្តិចក្នុងឆ្នាំ២០១៥ក៏ដោយ។
បែបនេះក្តី របាយការណ៍បានឱ្យដឹងថា បុរសក្រុមប្រឹក្សាឃុំ សង្កាត់នៅតែរើសអើង និងមិនចង់សហការជាមួយស្ត្រី និងមានការិះគន់ចំពោះស្ត្រីនៅឡើយ ដោយសារតែបុរសគិតថា សមត្ថភាពស្ត្រីនៅអន់ ការយល់ដឹងនៅមានកម្រិត។ ចំណែកឯការប្រគល់តួនាទី ភារកិច្ចរបស់ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ទៅសមាជិកស្ត្រី ស្របតាមតួនាទីរបស់ខ្លួននោះ របាយការណ៍ខមហ្វ្រែលរកឃើញថា ប្រធានក្រុមប្រឹក្សា បានប្រគល់តែភារកិច្ចការងារខ្លះៗតែប៉ុណ្ណោះ ជូនសមាជិកក្រុមប្រឹក្សាជាស្ត្រី។
បែបនេះក្តី អ្នកស្រី ផាន់ ប៉ាង មិនចង់បន្តយកតំណែងនេះទៀតនោះទេ ដោយចង់ទុកឱ្យក្មេងជំនាន់ក្រោយបន្តវេន ព្រោះអ្នកស្រីមានវ័យកាន់តែចាស់។ អ្នកស្រី ផាន់ ប៉ាង បានលើកទឹកចិត្ត និងជំរុញឱ្យស្ត្រីវ័យក្មេងជំនាន់ក្រោយ ឈរឈ្មោះធ្វើជាក្រុមប្រឹក្សា ដើម្បីភូមិឃុំមានការអភិវឌ្ឍ និងកុំឱ្យមានការរើសអើងចំពោះស្រី្តបន្តទៀត៕