សាលាឧទ្ធរណ៍បដិសេធសំណើរសុំនៅក្រៅឃុំរបស់តំណាងសហគមន៍បឹងកក់ អ្នកស្ត្រី ទេព វន្នី សំណុំរឿងអំពើហិង្សានៅក្បែរភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី ៣ ឆ្នាំ មុន។
កាលពីថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០១៣ សហគមន៍បឹងកក់បានដង្ហែញត្តិទៅមុខភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំឲ្យសម្តេចជួយអន្តរាគមន៍ រឿងទំនាស់ដីធ្លី ក៏មានអំពើហិង្សាមួយកើតឡើងជាមួយ កងកម្លាំងសន្តិសុខខ័ណ្ឌ។
សភាស៊ើបសួរសាលាឧទ្ធរណ៍ បានសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ដោយបន្តឃុំខ្លួនតំណាងសហគមន៍បឹងកក់ អ្នកស្ត្រី ទេព វន្នី នៅថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៦។ អ្នកស្រី ទេព វន្នី បានហៅតុលាការនៅកម្ពុជា ថាមិនមានភាពឯករាជ្យ។
លោក ធូ វីរៈ ជូនសេចក្ដីរាយការណ៍៖
បន្ទាប់ពីចេញពីបន្ទប់សាកសួរ អ្នកស្ត្រី ទេព វន្នី យល់ថា ការសម្រេចរបស់ចៅក្រមសាលាឧទ្ធរណ៍គឺស្ថិតនៅក្រោមគំនាបអ្នកមានលុយ និងមានអំណាចដែលអ្នកស្រីថា បានសម្រេចបន្តឃុំខ្លួនអ្នកស្រី ដោយអយុត្តិធម៌។
អ្នកស្ត្រី ទេព វន្នី៖«រហូតមកដល់ពេលនេះ នាងខ្ញុំជាប់គុក៣ដងទៀត គឺ ខ្ញុំមិនដែលមានសង្ឃឹមស្រុកខ្មែរមួយនេះ បានផ្តល់យុត្តិធម៌ឲ្យនាងខ្ញុំទេ ព្រោះភាពយុត្តិធម៌គឺស្ថិតក្នុងកណ្តាប់អ្នកមានលុយ និងមានអំណាច លុះត្រាតែអ្នកមានលុយ និងមានអំណាចបញ្ជាពីលើ ទម្លាក់មកពីលើ បានជាតុលាការហ៊ានសម្រេចដោយឆន្ទានុសិទ្ធិត្រឹមត្រូវ បើមិនអញ្ចឹងទេគឺ តុលាការខ្លាចអស់ដំណែងគាត់»។
វិទ្យុស្ត្រីមិនអាចសុំការឆ្លើយតបពីមន្ត្រីនាំពាក្យក្រសួងយុត្តិធម៌បានទេ ចំពោះការនិយាយរិះគន់ វាយប្រហារ របស់អ្នកស្រី ទេព វន្នី លើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា បានទេនៅថ្ងៃនេះ ដោយមិនលើកទូរស័ព្ទ។អ្នកស្រី្តថា សវនាការកាលពីព្រឹកមិញនេះ ធ្វើឡើងដោយភាពតក់ក្រហល់ ព្រោះអវត្តមានមេធាវីរបស់អ្នកស្រី នៅក្នុងបន្ទប់សវនាការ។
អ្នកស្រី ទេព វន្នី បានឲ្យដឹងនៅពេលមន្ត្រីយុត្តិធម៌សាលាឧទ្ធរណ៍បណ្តើរ អ្នកស្រីចេញពីបន្ទប់សាកសួរទើប ចៅក្រមសាលាឧទ្ធរណ៍បដិសេធសំណើរ សុំនៅក្រៅឃុំពីព្រោះគេខ្លាច អ្នកស្ត្រីបង្កភាពវឹកវរនៅពេលមានមានសេរីភាព។ អ្នកស្រី បានបដិសេធថា អ្នកស្រីមិនបានប្រើអំពើហិង្សាទៅលើសន្តិសុខខណ្ឌ និងមន្ត្រីមានសមត្ថកិច្ចឡើយ។ អ្នកស្រីទាមទារឱ្យផ្ដល់យុត្តិធម៌ឱ្យអ្នកស្រីឡើងវិញ។
អ្នកស្រី ទេព វន្នី៖«អ្នកដែលប្រព្រឹត្តិហិង្សាពិតប្រាកដ កំពុងតែមានសេរីភាពនៅខាងក្រៅ គឺ ខាងសន្តិសុខខ័ណ្ឌដូនពេញ និងមន្ត្រីមានសមត្ថកិច្ចមួយចំនួន ដែលប្រព្រឹត្តិអំពើហិង្សាទៅលើប្រជាពលរដ្ឋដែលរងគ្រោះដោយសារដីធ្លី ដែលប្រជាពលរដ្ឋគ្រាន់តែជួបជុំគ្នា និយាយអំពីភាពអយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា អញ្ចឹងពួកគាត់ទាំងអស់គឺជាអ្នកទោសពិតប្រាកដ មិនមែនជានាងខ្ញុំទេ»។
ខណៈដែលសាលាឧទ្ធរណ៍កំពុងបើកសវនាការ សហគមន៍បឹងកក់ប្រមាណ ២០ នាក់ បានលើកគ្នាមកតវ៉ា នៅក្បែររបងសាលាឧទ្ធរណ៍ ដើម្បីទាមទារឲ្យដោះលែងតំណាងរបស់ខ្លួន ដោយមានការឃ្លាំមើលពីកងកម្លាំងសន្តិសុខខណ្ឌដូនពេញ។
កាលពីថ្ងៃទី ២២ ខែ សីហា សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ជាប់ពន្ធនាគាររយៈពេល ៦ថ្ងៃ ពីបទប្រមាថ។ អ្នកស្ត្រី ទេព វន្នី បានអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយអន្តរគមន៍រកយុត្តិធម៌ឲ្យអ្នកស្ត្រី៕