សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧វិច្ឆិកានេះបានបើកសវនាការសុំនៅក្រៅឃុំ តាមបណ្ដឹងមេធាវី របស់អ្នកស្រី ទេព វន្នី។អ្នកស្រី ទេព វន្នី ត្រូវគេដឹងថា ជាតំណាង ស្ត្រីបឹងកក់ និងជាសកម្មជនខ្លាំងជាងគេក្នុងការតវ៉ាក្នុងជម្លោះបញ្ហាដីធ្លី។ ក្រៅពីនេះ អ្នកស្រីក៏បានចូលរួមក្នុងការទាមទារយុត្តិធម៌ផ្សេងៗជាច្រើន ដែលទាក់ទងនឹងបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា។
សូមជម្រាបដែរថា កាលពីថ្ងៃទី២២ សីហា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះសំណុំរឿងលើសកម្មជនដីធ្លីស្ត្រីបឹងកក់ពីរនាក់ ដែលសកម្មក្នុងយុទ្ធនាការ «ថ្ងៃចន្ទព័ណ៌ខ្មៅ» ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសមាគមអាដហុក និងមន្ត្រីគ.ជ.ប រួមទាំងទាមទារឲ្យអាជ្ញាធរមានសមត្ថកិច្ចស្វែងរកយុត្តិធម៌ក្នុងអំពើ ឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។
ភ្លាមៗបន្ទាប់ពីការនាំខ្លួនចូលតុលាការ អ្នកស្រី ទេព វន្នី ត្រូវបានចោទ ពី បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ មកជាបទប្រមាថ។
តែបន្ទាប់ពីសវនាការរួចមក ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យអ្នកស្រី ទេព វន្នី និង អ្នកស្រី ប៉ូវ សោភា បង់ប្រាក់ពិន័យប្រាក់ម្នាក់ៗចំនួន ៨ ម៉ឺនរៀល និងដាក់ពន្ធនាគាររយៈពេល ៦ថ្ងៃ។
បើតាមបទចោទថ្មីនេះ គឺ អ្នកស្រី ទេព វន្នី អាចនឹងត្រូវតុលាការដោះលែង ប៉ុន្តែ អ្នកស្រី ទេព វន្នី នៅជាប់ បណ្តឹងមួយទៀត គឺ ពីបទហិង្សានៅក្បែរភូមិគ្រឹះនាយករដ្ឋមន្ត្រី កាលពីឆ្នាំ ២០១៣៕