en     km
en     km

អ្នក​សង្កេតការណ៍​៖​ពលរដ្ឋ​មក​លេង​កំសាន្ដ​ក្នុង​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំ​នេះ​ថយ​ចុះ​ជាង​ឆ្នាំ​មុនៗ​(មានសំឡេង)

Share

​ភ្នំពេញ​៖​ក្រោយ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល​ ៣​ថ្ងៃ​ បាន​បញ្ចប់​អ្នក​សង្កេតការណ៍​ក្នុងស្រុក​មួយ​ចំនួន​ដែល​វិទ្យុ​ស្ដ្រី​បាន​សុំ​ធ្វើការ​បកស្រាយ​បាន​លើក​ឡើង​ថា​ ចំនួន​អ្នក​ដែល​មក​លេង​កំសា ន្ដ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំ​នេះ​គឺ​ ថយ​ចុះ​យ៉ាង​ខ្លាំង​។​ ពួក​គាត់​បាន​ពន្យល់​បន្ដ​ថា​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឱ្យ​ពលរដ្ឋ​មក​ទស្សនា​ក្នុង​ពិធី​នេះ​មានការ​ថយ​ចុះ​ ដែល​កត្តា​ទាំងនោះ​មាន​ដូច​ជា​ស្ថានការណ៍​នយោបាយ​ សន្តិសុខ​សង្គម​ ជាដើម​។​ តែ​បែប​នេះ​ក្ដី​ រដ្ឋមន្ដ្រី​ក្រសួងទេសចរ ណ៍​អះអាង​ថា​ ពលរដ្ឋ​មក​កំសាន្ត​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំ​នេះ​ គឺ​មាន​រហូត​ដល់​ ៣​លាន​នាក់​ ដែល​កើន​ជាង​ឆ្នាំ​មុនៗ​។​

 

ពលរដ្ឋមកទស្សនាបុណ្យអុំទូកកាលពីថ្ងៃទី ១៣-១៥ វិច្ឆិកា
ពលរដ្ឋមកទស្សនាបុណ្យអុំទូកកាលពីថ្ងៃទី ១៣-១៥ វិច្ឆិកា

​​លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ ដែល​បាន​តាមដាន​ពី​ស្ថានភាព​នៃ​ពិធីបុណ្យ​អុំទូក​ បាន​លើក​ឡើង​ថា​ ចំនួន​ពលរដ្ឋ​មក​ទស្សនា​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំ​នេះ​មិន​មាន​ចំនួន​ច្រើន​ដូច​បណ្ដា​ឆ្នាំ​ន​មុន​ទេ​ គឺ​មានការ​ថយ​ចុះ​យ៉ាង​ខ្លាំង​។​  លោក​បញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​ពលរដ្ឋ​មក​មើល​ពិធី​នេះ​មានការ​ថយ​ចុះ​។​

​លោក​ សន​ ជ័យ​ ៖«​បើ​យើង​មើល​ជា​រួម​ ឆ្នាំ​២០១៦​ គឺជា​ការ​ចាប់ផ្ដើម​ឡើង​វិញ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បន្ទាប់​ពី​មានការ​រត់​ជាន់​គ្នា​ស្លាប់​ដោយ​អ​នោ​ច​អា​ធម៌​ នៅ​លើ​ស្ពាន​កោះ​ពេជ្រ​ កាលពី​ឆ្នាំ​២០១០​ ហើយ​ឆ្នាំ​បន្ដ​មក​ទៀត​យើង​ឃើញ​ថា​ កម្ពុជា​យើង​បាន​ជួប​ប្រទះ​នូវ​ហេតុការណ៍​មួយ​ចំនួន​ ដោយ​មានការ​ថយ​ចុះ​យ៉ាងច្រើន​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១០»​។​

លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា
លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា

​តែ​ទោះជា​យ៉ាងណា​ការ​កត់សម្គាល់​របស់​អ្នក​អង្កេត​ការណ៍​ហាក់ដូចជា​នៅ​ឆ្ងាយ​ពី​គ្នា​ពី​ការ​លើក​ឡើង​របស់​លោក​  ថោ​ង​ ខុន​ ។​ លោក​ ថោ​ង​ ខុន​ រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​បានឱ្យ​វិទ្យុ​ស្ដ្រី​ដឹង​ថា​ នៅ​ឆ្នាំ​២០១៦​នេះ​ អ្នក​មក​លេង​កំសាន្ដ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល​ ៣​ថ្ងៃ​ រាប់​ចាប់ពី​ថ្ងៃ​ទី​ ១៣​ ដល់​ថ្ងៃ​ទី​១៥​វិច្ឆិកា​ គឺ​មាន​ប្រមាណ​ ៣​លាន​នាក់​ដែល​ចំនួន​នេះ​បាន​កើនឡើង​ប្រហែលជា​ ៣០​ភាគរយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ​។​

​លោក​ ថោ​ង​ ខុន​៖​«​ប្រហែល​ជាង​២​លាន​ ហើយ​ឆ្នាំ​នេះ​វា​ ៣​លាន​ កើន​ប្រហែលជា​៣០​ ភាគរយ​ »​។​

​តែ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​នានា​និង​ពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ទៅ​លេង​កំសាន្ត​បានឱ្យ​ដឹង​ថា​ ថ្ងៃ​ទី​១​ នៃ​ព្រះរាជ​ពិធីបុណ្យ​ឃើញ​ថា​ ពលរដ្ឋ​មក​លេង​កំសាន្ត​ប្រហែលជា​ ៦០​ម៉ឺន​ ទៅ​ ៧០​ម៉ឺន​នាក់​ហើយ​ថ្ងៃ​ទី​២​មានការ​កើនឡើង​ជាង​មួយ​លាន​នាក់​។​ ចំណែក​ថ្ងៃ​ទី​៣​ ជា​ថ្ងៃ​បិទ​បញ្ចប់​ក៏​មានការ​កើនឡើង​ថែម​ទៀត​តែ​ចំនុច​នេះ​ធ្លាក់​ចុះបើ​ប្រៀបធៀប​កាលពី​ ៤​ឆ្នាំ​មុន​។

​ជុំវិញ​រឿង​នេះ​អ្នកវិភាគ​ក្នុងស្រុក​មួយ​ចំនួន​គិត​ថា​ មូលហេតុ​ដែល​នាំ​អោយ​អ្នក​មក​លេង​កំសាន្ដ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ធ្លាក់​ចុះ​ដោយសារ​តែ​ទី​មួយ​ កត្តានយោបាយ​ ទី​ពីរ​ចំណូល​របស់​ពលរដ្ឋ​នៅ​តាម​ជនបទ​មិន​អំណោយផល​ កត្តា​ទី​បី​ពលរដ្ឋ​ខ្មែរ​ធ្វើ​ ចំណាកស្រុក​ច្រើន​ និង​ទី​បួន​ បញ្ហា​អសន្ដិសុខ​។​

​លោក​សូ​ច​ន្ថា​ សាស្ត្រាចារ្យ​ វិទ្យាសាស្ត្រ​នយោបាយ​ បាន​ពន្យល់​បន្ថែម​ថា​ចំនួន​អ្នក​មក​លេង​កំសាន្ត​ថយ​ចុះ​នេះ​ កើតឡើង​ដោយសារ​ការ​ប្រឈម​នៃ​សង្គម​។​

លោក សូ ចន្ថា សាស្រ្ដាចារ្យវិទ្យាសាស្រ្ដនយោបាយ
លោក សូ ចន្ថា សាស្រ្ដាចារ្យវិទ្យាសាស្រ្ដនយោបាយ

​លោក​ សូ​ ច​ន្ថា​ ៖«​សម្រាប់​ខ្ញុំ​ ខ្ញុំ​មើលឃើញ​ថា​ មូលហេតុ​មាន​ច្រើន​ដែល​នាំ​អោយ​ចំនួន​ពលរដ្ឋ​ដែល​មក​ទស្សនា​ មក​កំសាន្ដ​នៅ​ក្នុង​កម្មវិធី​បុណ្យអុំទូក​ដែល​ជា​ប្រពៃណី​ខ្មែរ​នេះ​ ទី​មួយ​.​ អាច​កត្តានយោបាយ​ មា​ន័យ​ថា​ …»​។​

​តាម​លោក​សាស្ដ្រ​ចា​រ្យ​បញ្ហា​រត់​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ​ ក៏​ជា​មូលហេតុ​ដែល​នាំ​អោយ​ពលរដ្ឋ​ខ្មែរ​មិនសូវ​ សម្រុក​ទៅ​មើល​ពិធីបុណ្យ​អុំទូក​ផង​ដែរ​។​

​លោក​ សូ​ ច​ន្ថា​៖«​ពលរដ្ឋ​ដែល​មានការ​ភ័យ​ខ្លាច​ដែរ​ យើង​ឃើញ​ថា​ គាត់​អាច​លើក​ ឬ​ក៏​មើលឃើញ​ពី​បទ​ពិសោធន៍​នៃ​ការ​ស្លាប់​របស់​ពលរដ្ឋ​នៅ​ស្ពាន​ពេជ្រ​ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​»​។​

​ទាក់ទង​នឹង​រឿង​នេះ​ដែរ​ អ្នកវិភាគ​ពី​បញ្ហា​សង្គម​ និង​ជា​សាស្ដ្រ​ចា​រ្យ​ ទស្សនៈវិជ្ជា​ លោក​ ហេង​ ស្រ៊ា​ង​  បាន​ពន្យល់​លើ​ចំនុច​នេះ​ដែរ​ថា​តាម​ការ​កត់សម្គាល់​របស់​គាត់​គឺ​អ្នក​មក​លេង​កំសាន្ដ​ក្នុង​ពិធីបុណ្យ​អុំទូក​មិន​មាន​ច្រើន​ដូច​មុនៗ​ទេ​ ។​

​លោក​ ហេង​ ស្រ៊ា​ង​ ៖«​ជាបឋម​ខ្ញុំ​ត្រូវ​និយាយ​ពី​ខ្លួន​ខ្ញុំ​ដែរ​ ខ្ញុំ​ក៏​អត់​ដើរ​លេង​ដែរ​ គ្រួសារ​ខ្ញុំ​បងប្អូន​ខ្ញុំ​សាច់ ញាតិ​ខ្ញុំ​ ភាគច្រើន​ ក៏​អត់​ដើរ​លេង​ដែរ​ ទី​មួយ​.​គេ​គិត​ថា​សង្គម​នៅ​អត់​មាន​សុ​វត្តិភាព​ទេ​ មាន​តែ​ការ​បាញ់​សម្លាប់​ មាន​តែ​ការ​គ្រោះថ្នាក់​ចរាចរ​ មាន​តែ​ការ​ចាប់​គំរាមកំហែង​ដូច្នេះ​ រួម​តែ​ខ្ញុំ​ និង​គ្រួសារ​ខ្ញុំ​ គឺ​ អត់​ដើរ​ទេ​…»​

​សូម​រម្លឹក​ថា​ ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ អកអំបុក​ សំពះ​ព្រះ​ខែ​ បាន​ខកខាន​យ៉ាងតិច​៤​ឆ្នាំ​ បើ​រាប់​ចាប់ពី​ឆ្នាំ​ ២០១១​ មក​។​ ពិធី​នេះ​បាន​រៀបចំ​ឡើង​វិញ​ម្ដង​នៅ​ឆ្នាំ​ ២០១៤​ ក្រោយ​ពី​មាន​ដំណោះស្រាយ​នយោបាយ​។​ ប៉ុន្ដែ​ចំនួន​អ្នក​មក​ទស្សនា​មានការ​ថយ​ចុះបើ​ប្រៀបធៀប​មុន​ឆ្នាំ​២០១០​ ដែល​ចំនួន​ពលរដ្ឋ​មាន​រហូត​ដល់​ទៅ​ ២​លាន​៥​សែន​នាក់​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង