ភ្នំពេញ៖លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួនៅក្រៅប្រទេសតាមរយៈហ្វេសប៊ុក លោកបានបង្ហោះសារមួយដោយទទូចឲ្យយុវជនទៅចុះឈ្មោះបោះឆ្នោតដើម្បីមានការផ្លាស់ប្ដូរបើមិនចង់ឲ្យគេធ្វើបាបបន្ដទៀត។ ករណីនេះអ្នកតាមដានការបោះឆ្នោតនៅកម្ពុជាយល់ឃើញថា សាររបស់លោក សម រង្ស៊ី គឺជាការលើកទឹកដល់យុវជន ប៉ុន្ដែលោកថា សារនេះគឺមានលក្ខណៈឃោសនានយោបាយដែរ។ ចំណែកមន្ដ្រីបក្សកាន់អំណាចយល់ថា សាររបស់មេបក្សប្រឆាំងគឺជាការកេងចំណេញផ្នែកនយោបាយ។
លោក សម រង្ស៊ី ដែលជាមេបក្សប្រឆាំងធំជាងគេកំពុងនិរទេសខ្លួននៅក្រៅប្រទេសព្រោះតែបណ្ដឹងជុំជិតខ្លួននៅតុលាការ ក្នុងរយៈពេលថ្មីៗនេះបានបង្ហោះសារជាច្រើនក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោកដោយអំពាវនាវឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត។
កាលពីថ្ងៃទី ១៥ វិច្ឆិកា ម្សិលមិញមេបក្សប្រឆាំងរូបនេះបានសរសេរលើបណ្ដាញសង្គមរបស់ខ្លួនថា ប្រ សិនបើមិនចង់ឃើញគេធ្វើបាបយុវជន ព្រះសង្ឃតទៅទៀតសូមទៅចុះឈ្មោះបោះឆ្នោតហើយត្រៀមបោះឆ្នោត ដើម្បីឲ្យមានការផ្លាស់ប្តូរ។ បន្ថែមពីលើសារនេះលោក សម រង្ស៊ី ក៏បានលើកយកករណីយុ វជន គង់ រ៉ៃយ៉ា ដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ ដោយសារតែការបញ្ចេញមតិលើបណ្ដាញសង្គម និយាយពីបដិវត្ដន៍ពណ៌។
លោក សម រង្ស៊ី បានសរសេរដូចនេះថា៖«បើមិនចង់ឃើញគេធ្វើបាបយុវជនទៀត សូមទៅចុះឈ្មោះបោះឆ្នោត ដើម្បីបោះឆ្នោតឲ្យមានការផ្លាស់ប្ដូរ។ យុវជន គង់ រ៉ៃយ៉ា អាយុ ២៥ឆ្នាំ ត្រូវគេកាត់ទោសឲ្យជាប់គុក ១៨ខែ ដោយសារតែបញ្ចេញមតិយោបល់តាមហ្វេសប៊ុក»។
លោក គង់ រ៉ៃយ៉ា អាយុ ២៥ឆ្នាំ ជានិស្សិតនៃសាកលវិទ្យាល័យខេមរៈ ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ដោយឱ្យលោកជាប់ពន្ធនាគាររយៈពេល ១៨ខែ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ឬរំខានដល់សន្តិសុខសង្គម ដោយសារតែលោកបានបង្ហោះសារមួយនៅលើហ្វេសប៊ុកដែលមានឈ្មោះ ថា សូរីយា កូកូ (Soriya Koko) ដែលមានខ្លឹមសារថា “នៅថ្ងៃណាមួយនៅពេលអនាគត ខ្ញុំនឹងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្លាស់ប្ដូរសង្គមខ្មែរ”។
បន្ថែមពីនេះមេបក្សប្រឆាំងបន្ដថា ប្រសិនបើមិនចង់ឃើញមានអ្នកប្រើអំពើហិង្សាទៅលើព្រះសង្ឃបន្ដទៀតគឺត្រូវតែទៅចុះឈ្មោះឆ្នោត ដើម្បីបោះឆ្នោតនៅពេលខាងមុខនិងដើម្បីមានការផ្លាស់ប្ដូរ។ ការប ង្ហោះសាររបស់លោក សម រង្ស៊ី នៅពេលនេះគឺខណៈដែលកាលបរិច្ឆេទនៃការបិទបញ្ចប់ការចុះឈ្មោះបោះឆ្នោតកាន់តែខិតជិតចូលមកដល់។
ជុំវិញសាររបស់លោក សម រង្ស៊ី លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាតាមរយៈបទសម្ភាសន៍ខ្លីជាមួយវិទ្យុស្ដ្រីFM102 នៅថ្ងៃទី ១៦ វិច្ឆិកា នេះមានប្រសាសន៍ថា សាររបស់លោក សម រង្ស៊ី គឺជាការកេងចំណេញនយោបាយ។ ប៉ុន្ដែលោកថាលោក សម រង្ស៊ី បានភ្លេចរឿងមួយថាខ្លួនលោកលែងមានសិទ្ធិដើម្បីចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះឲ្យពលរដ្ឋបោះឆ្នោតបន្ដទៀតទៅហើយព្រោះខ្លួនជាអ្នកទោស។
លោក សុខ ឥសាន្ដ៖«វាគ្រាន់តែជាការកម្លាចិត្ដអ្នកគាំទ្រគាត់ប៉ុណ្ណោះទេបើទោះបីគាត់នៅក្នុងឈ្មោះជាប្រធានគណបក្សក៏ពិតមែនតែគាត់អស់សិទ្ធិជាពលរដ្ឋហើយ អញ្ចឹងទោះបីជាគណបក្សគាត់ឈ្នះទៅថ្ងៃក្រោយក៏វាមិនអាចទៅធ្វើអីកើតជាមួយ សម រង្ស៊ី ដែរ»។
អ្នកនាំពាក្យបក្សកាន់អំណាចសង្កត់ធ្ងន់ថា អ្នកដែលប្រព្រឹត្ដល្មើសច្បាប់គឺត្រូវតែទទួលទោសលោកថា ការដែរលោក សម រង្ស៊ី លើកយករឿងលោក គង់ រ៉ៃយ៉ា មកនិយាយនេះគឺជារឿងដែលមិនត្រឹមត្រូវនោះទេ។
ចំណែកអ្នកតាមដានពីការបោះឆ្នោតនៅកម្ពុជាលោក សំ គន្ធាមី នាយកប្រតិបត្ដិគណកម្មាធិការអព្យាក្រឹត្យ និងយុត្ដិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា NICFEC យល់ឃើ ញថា ជាប្រការល្អដែលអ្នកនយោបាយបញ្ចេញសារអំពាវនាវដល់យុវជនឲ្យទៅចុះឈ្មោះបោះឆ្នោត។
ប៉ុន្ដែលោកយល់ថា សាររបស់លោក សម រង្ស៊ី ពេលនេះគឺជាការឃោសនាបែបនយោបាយហើយមានលក្ខណៈជំរុញឲ្យយុវជនទៅចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតឲ្យបក្សគាត់ទៅវិញ។
លោក សំ គន្ធាមី៖«ទម្លាប់គាត់ធ្វើអញ្ចឹងហើយដែរធ្វើឲ្យគណបក្សផ្សេងៗពិសេសគណបក្សកាន់អំណា ចគាត់ចេះតែច្រឡោតប្រតិកម្មដោយសារសារគាត់វាយធ្ងន់ៗពេកហើយជ្រុលនិយមទៅគណបក្សគាត់ពេក»។
ដូចគ្នាដែរលោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយមានប្រសាសន៍ថា នេះជាប្រ ការល្អដែលមេដឹកនាំបក្សនយោបាយមានសារទៅដល់យុវជនឲ្យទៅចូលរួមចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត។ លោកថា ការចូលរួមពីយុវជនដើម្បីការបោះឆ្នោតគឺជាកម្លាំងស្នូលនៃលទ្ធិប្រជាធិបតេយ្យ។
លោកបន្ដថា ទាំងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិត្រូវតែបើកឱកាសឲ្យយុវជនចូលរួមឲ្យបានច្រើនក្នុងវិស័យនយោបាយ។
លោក គឹម សុខ៖«បើយើងយល់ពីតម្លៃចូលរួមរបស់យុវជនត្រូវបើកជំហថែមទៀតមិនមែនត្រឹមតែការចូលរួមចុះឈ្មោះបោះឆ្នោតទេ គឺជាការចូលរួមទាំងសកម្មភាពនយោបាយ ចូលរួមសម្រេចចិត្ដនយោ បាយ តាំងពីថ្នាក់មូលដ្ឋានទៅដល់ថ្នាក់កំពូល ទើបអាហ្នឹងចលនានៃការផ្លាស់ប្ដូរដែលគាត់ចង់បានវាកាន់តែលឿន»។
សូមជម្រាបថារហូងមកដល់ពេលនេះចំនួនប្រជាពលរដ្ឋខ្មែរដែលទៅចុះឈ្មោះបោះឆ្នោតគឺមានចំនួនប្រមាណជាង ៧លាន១សែននាក់ប៉ុណ្ណោះខណៈដែលកាលបរិច្ឆេទបិទបញ្ចប់នៃការចុះឈ្មោះបោះឆ្នោ តកាន់តែខិតជិតចូលមកដល់ ពោលគឺនៅថ្ងៃទី ២៩ខែ វិច្ឆិកា ឆ្នាំ ២០១៦៕