ភ្នំពេញ៖ខណៈដំណើរការចុះឈ្មោះបោះឆ្នោតជិតបិទបញ្ចប់លោក សម រង្ស៊ី ប្រធានគណបក្ស ប្រឆាំងដែលកំពុងនិរទេសខ្លួននិយាយថា លោកនឹងជួយផ្តល់ថវិកាខ្លះៗដល់ពលករខ្មែរដែលកំពុងចំណាកស្រុកនៅប្រទេសថៃដែលពួកគាត់គ្មានលទ្ធភាពធ្វើដំណើរមកភូមិកំណើតនៅប្រ ទេសកម្ពុជាដើម្បីមកចុះឈ្មោះបោះឆ្នោតមុនថ្ងៃ ២៩ វិច្ឆិកា ២០១៦នេះ។ ជុំវិញការប្រកាសជួយនេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ដ បានសារទរ។ ឆន្ទៈរបស់លោក សម រង្ស៊ី ធ្វើឡើងជួនពេលការចុះឈ្មោះបោះឆ្នោតបានជាង៧លាននាក់ដោ យគិតមដល់ថ្ងៃពុធទី១៦វិច្ឆិកានេះ ខណៈពលរដ្ឋមានសិទ្ធិចុះឈ្មោះ មានជាង៩លាន៦សែននាក់។ មន្ត្រី គ.ជ.ប មិនរំពឹងថា ពេលបិទការចុះឈ្មោះបោះឆ្នោត មានពលរដ្ឋមកចុះឈ្មោះទាន់ពេលវេលានោះទេ។
លោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានសរសេរនៅលើទំព័រហ្វេសប៊ុកថា ការជួយឧបត្ថម្ភនេះជានិមិត្តរូបនៃការស្រលាញ់រាប់អាន និងជឿជាក់របស់លោក ចំពោះពលករខ្មែរ នៅប្រទេសថៃ។
លោកសម រង្ស៊ី បញ្ជាក់ថា ដើម្បីទទួលការឧបត្ថម្ភ និងការណែនាំពីបែបបទរដ្ឋបាលពលករអាចទាក់ទងកញ្ញា ស៊ិន រ៉ូហ្សិត ចៅសង្កាត់រងទី២ សង្កាត់អូចារ ក្រុងបាត់ដំបង។ ប្រធានគណបក្សប្រឆាំងរូបនេះបានសរសេរបន្ថែមថា៖«ខ្ញុំមានការសោកស្តាយណាស់ ដោយសារអាជ្ញាធរប្រទេសកម្ពុជាសព្វថ្ងៃ មិនជួយសម្រួលឲ្យបងប្អូនចំណាកស្រុក មកចុះឈ្មោះបោះឆ្នោត នៅប្រទេសកម្ពុជា»។
ប្រធានបក្សប្រឆាំងបានបញ្ជាក់ដូចនេះ ជាការឆ្លើយតបទៅនឹងពលករចំណាកស្រុកម្នាក់ ដែលបាននិ យាយថា គេគ្មានថវិកាមកចុះឈ្មោះ បោះឆ្នោតទើប មិនអាចមកបាន ហើយលោកសមរង្ស៊ី ក៏សម្រេច ជួយចេញថវិកាឱ្យពលករនោះបានមកចុះបោះឆ្នោត។ លោកថា ថវិការបស់លោកដែលជួយពលករនោះគឺជានិម្មិតរូបមួយតែប៉ុណ្ណោះ។
រយៈពេលចុងក្រោយនេះលោក សម រង្ស៊ី បានផ្ញើសារជាច្រើនជំរុញឱ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាព្រោះថ្ងៃបិទការចុះឈ្មោះបោះឆ្នោតនឹងចូលមកដល់នៅថ្ងៃទី២៩ ខាងមុខនេះ។
កញ្ញា ស៊ិន រ៉ូហ្សិត ចៅសង្កាត់រងទី២ សង្កាត់អូចារ ក្រុងបាត់ដំបង បានប្រាប់វិទ្យុស្ត្រី នៅថ្ងៃទី១៦ វិច្ឆិកានេះថា រហូតមកដល់ពេលនេះមិនទាន់ឃើញពលករ ដែលគ្មានលទ្ធភាពមកចុះឈ្មោះបោះឆ្នោតទាក់ ទងមកកញ្ញានៅឡើយទេ។ យ៉ាងណាមិញកញ្ញាបានឱ្យដឹងថា លោក សម រង្ស៊ី បានជួយបានតែពលករខ្វះខាតបានខ្លះៗតែប៉ុណ្ណោះលោកមិនអាចជួយបានទាំងអស់នោះទេ ព្រោះពលករចំណាកស្រុកមានចំនួនច្រើន។
កញ្ញាប្រាប់បន្ថែមថា៖«ពលករដែលចំណាកស្រុកចូលជិតមួយលាននាក់ យើងមិនអាចទៅជួយទាំង អស់បានទេ យើងជួយបានខ្លះតែប៉ុណ្ណោះ ដែលជាលក្ខណៈឯកជនរបស់គាត់ ក្នុងការជួយពលករខ្មែរជានិមិត្តរូប»។
ចំណែកលោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថាគឺជារឿងល្អដែលលោក សម រង្ស៊ី ហ៊ានចំណាយលុយផ្ទាល់ខ្លួនជួយដល់ពលករខ្មែរ ដូចនេះ ព្រោះលោកក៏ចង់ឱ្យពលករខ្មែរបានមកចុះឈ្មោះឱ្យបានគ្រប់គ្នាផងដែរ។ តែយ៉ាងណាមិញលោកថា ក្រែងការប្រកាសនេះគ្រាន់ជាការបញ្ឆោតរបស់មេបក្សប្រឆាំង។
លោកសុខ ឥសាន្ដ៖«ក៏ប៉ុន្តែក្រែងបញ្ឆោតណា មកហើយអត់ឱ្យលុយ។..ឱ្យគាត់សុខចិត្តចេញឱ្យគេទៅ កុំឱ្យតែភូត ព្រោះអ្នកដែលចំណាកស្រុកទៅ ត្រលប់មកវិញ នៅឃុំណាស្រុកណា ត្រូវទៅឃុំនោះស្រុកនោះដើម្បីចុះឈ្មោះកន្លែងនោះបានបាន បើចង់ចុះឈ្មោះនៅព្រំដែនដូចគាត់ថា ចុះមិនបានទេ ព្រោះមិនមែនជាទីសំណាក់អចិន្ត្រៃរបស់សាម៉ីជនម្នាក់»។
បើតាមកញ្ញា ស៊ិន រ៉ូហ្សិត នៅខេត្តបាត់ដំបងមានពលករជាច្រើនបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃដែលឃុំខ្លះមាន៧០០នាក់ហើយឃុំខ្លះទៀតមានរហូតដល់ជាងមួយពាន់នាក់ ហើយអ្នកដែលបានមកចុះឈ្មោះបោះឆ្នោតកាលពីរដូវភ្ជុំបិណ្ឌមានមិនដល់១០%នោះទេ។
កញ្ញាអំនាវពាវឱ្យអ្នកដែលបានចំណាកស្រុកទាំងអស់ ទាំងអ្នកធ្វើការស្របច្បាប់ មិនស្របច្បាប់មកចុះឈ្មោះឱ្យបានគ្រប់ៗគ្នា។
កញ្ញា ស៊ិន ចានរ៉ូហ្សេត៖«យើងនៅសល់តែ១៣ថ្ងៃទៀតទេ ដែលជាថ្ងៃត្រូវបញ្ចប់យុទ្ធនាការចុះឈ្មោះបោះឆ្នោត សូមយុវជនទាំងអស់ ប្រជាពលរដ្ឋខ្មែរដែលបានចំណាកស្រុក ទាំងខុសច្បាប់ និងស្របច្បាប់សូមវិលត្រលប់មកប្រទេសជាតិយើងដើម្បី មកចុះឈ្មោះក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ដើម្បីបំពេញកាតព្វកិច្ចហើយយើងនឹងទទួលបានសិទ្ធិបោះឆ្នោតនៅថ្ងៃទី០៤ ខែ០៦ ឆ្នាំ២០១៧ ដែលជាថ្ងៃ ជាខែ ជាឆ្នាំដែលយើងជ្រើសរើស ថ្នាក់ដឹកនាំមូលដ្ឋានភូមិឃុំ សង្កាត់»។
យ៉ាងនេះក្ដីលោក ហង្ស ពុទ្ធាអ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បញ្ជាក់ថា គ.ជ.ប មិនសង្ឃឹមថានឹងទទួលអ្នកចុះឈ្មោះបោះឆ្នោតបានទាន់ពេលវេលា១០០ភាគរយដូចការរំពឹងទុកនោះទេព្រោះតួលេខដែលយឺតយ៉ាវក្នុងការមកចុះឈ្មោះបោះឆ្នោតនេះ គ.ជ.ប រកឃើញថាបញ្ហាចំណាកស្រុករបស់ពលរដ្ឋគឺជាតួលេខដែលធ្វើឱ្យមានការខ្វះចន្លោះក្នុងចំណោមតួលេខអ្នកចុះឈ្មោះបោះឆ្នោត។
សេចក្តីប្រកាសព័ត៌មានបណ្តោះអាសន្នរបស់ គ ជ ប នៅថ្ងៃទី១៦នេះ បានឱ្យថា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រឹមម៉ោង១៨:០០នាទីល្ងាច ប្រជាពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតមានចំនួន ៧,១៩០,៦៧៨នាក់ ស្មើនឹង៧៤.៤១%៕