ភ្នំពេញ៖ប្រមុខរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីមោទនភាពចំពោះជនរួមជាតិដែលកម្ពុជាបានរៀបចំពិធីបុណ្យអុំទូកដែលប្រព្រឹត្តិទៅអស់ពេល២ថ្ងៃកន្លងទៅដែលប្រកបដោយក្ដីសប្បាយរីករាយក្រៃលែងសម្រាប់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះប្រមុខរដ្ឋាភិបាលក៏បានបង្ហាញថា ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកនេះ គឺជាការស្ដែងអោយកូនចៅខ្មែរ និងភ្ញៀវទេសចរណ៍បរទេសបានឃើញនិងបានស្គាល់នូវវប្បធម៌ទំនៀម ទម្លាប់នៃពិធីបុណ្យប្រពៃណីដ៏ថ្លៃថ្លាបំផុតរបស់ជាតិខ្មែរ។
សម្ដេចបានសរសេរលើហ្វេសប៊ុកដោយបញ្ជាក់ថា៖«កម្ពុជាពិតជាសំណាងខ្លាំងណាស់ដែលមានសុខសន្តិភាពពេញលេញ ដែលផ្តល់ឱកាសអោយប្រទេសយើងបានប្រារព្ឋធ្វីពិធីបុណ្យដ៏អធិកអធមនេះ»។
តាមហ្វេសប៊ុកសម្ដេចបញ្ជាក់ថានៅរសៀលថ្ងៃនេះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងដង្ហែព្រះករុ ណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រព្រះអង្គយាងទតពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។
តាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ ប្រជាពលរដ្ឋដែលមកចូលរួមទស្សនា ព្រឹត្តិការណ៍អុំទូកនៅថ្ងៃទី២ ម្សិលមិញនេះមានពលរដ្ឋមកចូលរួមរវាង ៦០ម៉ឺននាក់ ទៅ ៧០ម៉ឺន។ ក្នុងព្រឹត្តិការណ៍បុណ្យអុំទូកនេះ រដ្ឋាភិបាលបានដាក់ពង្រាយកម្លាំងសមត្ថកិច្ច ទាំង នគរបាល និងកងរាជអាវុធហត្ថជាងមួយម៉ឺននាក់៕