ប៉ាគីស្ថាន ៖ តាមសេចក្តីរាយការណ៍ពីមន្ត្រីប៉ូលិសក្នុងប្រទេសប៉ាគីស្ថានបានឱ្យដឹងថា យ៉ាងតិចណាស់មនុស្ស ៥២ នាក់ស្លាប់ និងជាង ១០០ នាក់ទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកមួយកន្លែង នៅទីសក្ការៈបូជា ស៊ូភ្វី ក្នុងប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ម្សិល មិញ។ ក្រុមមន្ត្រីប៉ូលិសបន្តថា ក្រុមរដ្ឋអ៊ិស្លាមបានចេញមុខទទួលខុសត្រូវចំពោះហេតុការណ៍វាយប្រហារនេះ។
ហេតុការណ៍ផ្ទុះគ្រាប់បែបនេះ កើតឡើងនៅចំងាយប្រហែល ៧៥០ គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានី Quetta នៃខេត្ត បាឡូជីស្ថាន ខណៈប្រជាជនកំពុងថ្វាយបង្គំក្នុងពិធីមួយនៅឯទីសក្ការៈបូជា។
រដ្ឋមន្ត្រីមហាផ្ទៃលោក Sarfraz Bugti បានប្រាប់ទីភ្នាក់ងារ AFP ថា៖ «យ៉ាងហោចណាស់មានមនុស្ស ៥២ នាក់បានស្លាប់ និងមនុស្ស ១០៥ នាក់ផ្សេងទៀតរងរបួស»។ លោកបន្ថែមថា មានស្ត្រី និងកុមារមួយចំនួនក៏ស្ថិតនៅក្នុងចំណោមជនរងគ្រោះនោះផងដែរ៕
ប្រភព៖CNA