en     km
en     km

​អត្ថាធិប្បាយ​ ៖​ ប្រវត្តិ​ព្រះរាជពិធីបុណ្យ​អុំទូក​(មានសំឡេង)

Share

ភ្នំពេញ ៖ ​ពិធីបុណ្យ​បុណ្យ​អំ​ទូក​ គឺជា​បុណ្យប្រពៃណី​ជាតិ​ដ៏​ធំ​មួយ​នៅ​ប្រទេស​កម្ពុជា​។​ ពី​ធី​បុណ្យប្រពៃណី​ជាតិ​មួយ​នេះ​ ប្រព្រឹត្ត​ទៅ​នា​ថ្ងៃពេញបូណ៌មី​ ខែកត្តិក​ ស្រប​ទៅ​នឹង​រដូវ​ទឹកជំនន់​។​ ពី​ធី​បុណ្យ​នេះ​ គេ​ប្រារព្ធ​ឡើង​រយៈពេល​បី​ថ្ងៃ​ នៅ​មុខ​ព្រះ​បរមរាជវាំង​ ហើយ​នៅ​ឆ្នាំ​ ២០១៦​នេះ​ គឺ​ចំ​ថ្ងៃ​ទី​១៣​ ទី​១៤​ និង​ទី​១៥​ ខែវិច្ឆិកា​។​

​ពិធីបុណ្យ​អុំទូក​ គេ​ប្រារព្ធ​ធ្វើ​ឡើង​ ដើម្បី​ដឹងគុណ​ដល់​ព្រះ​គង្គា​ និង​ព្រះធរណី​ ដែល​បាន​ផ្តល់​ដល់​ជីវវិតរស់រាន និង​សុខុមាលភាពដល់មនុស្ស ហើយពិធីនេះក៏ជាការសូមទោស​ចំពោះ​ទឹកដី​វិញផងដែលរ ដែល​មនុស្ស​នាំ​គ្នា​ធ្វើ​ឲ្យ​កករ​ល្អក់​។​ ក្រៅពី​រម្លឹក​ដល់​គុណ​ព្រះ​គង្គា​ ពិធីបុណ្យ​អុំទូក​ ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ ភាព​រីក​ចម្រើន​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​របស់​ប្រទេស​កម្ពុជា​តាំងពី​សម័យ​បុរាណ​ផង​ដែរ​។​

 

wmc-thum-12-11

នៅ​ថ្ងៃ​ទី​១៣​ ទី​១៤​ និង​ទី​១៥​ ខែវិច្ឆិកា​ឆ្នាំ​២០១៦​នេះ​ ប្រទេស​កម្ពុជា​ នឹង​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ ដ៏​ធំ​មួយ​គឺ​បុណ្យអុំទូក​។​ ​ជា​រៀង​រាល់​ឆ្នាំ​ តាំងពី​សម័យ​បុរាណ​មក​ ពលរដ្ឋ​ខ្មែរ​ ប្រារព្ធ​ពិធីបុណ្យ​អុំទូក​នេះ​ បី​ថ្ងៃ​ គឺ​ថ្ងៃ​ទី​១៤​ ១៥​ កើត​ និង​ ១​រោច​ ខែកត្តិក​ ដោយ​មានការ​ប្រណាំងទូក​អុំ​ និង​ទូក​ចែវ​បុរស​-​នារី​ តាម​ដង​ទន្លេសាប​ ខាង​មុខ​ព្រះ​បរមរាជវាំង​។​  

​ពិធីបុណ្យ​ជាតិ​មួយ​នេះ​ បាន​ទទួល​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់យ៉ាង​ខ្លាំង​។​ ក្នុង​ឱកាស​នោះ​ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត​ ក្រុង​មួយ​ចំនួន​ នាំ​យក​ទូក​ពី​បណ្តា​វត្ត​អារាម​នានា​មក​ប្រ​ ណាំង​ដណ្ដើម​យកជ័យ​ជម្នះ​ ឱ្យ​ខេត្ត​និង​ វត្ត​របស់​ពួក​រៀងៗ​ខ្លួន​ ។​ ចំណែក​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​គ្មាន​លទ្ធផល​មក​ទីក្រុង​ភ្នំពេញ​ ពួក​គាត់​បាន​ទស្សនាការ​ប្រណាំង​នេះ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​។​

​យោង​តាម​ឯកសារ​នានា​ បានឱ្យ​ដឹង​ថា​ ពី​ធី​បុណ្យអុំទូក​ ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​តាំងពី​សម័យ​បុរាណ​ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​ ៧​ ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក​ខ្មែរ​នា​សម័យ​នោះ​ ដែល​បាន​រំដោះទឹកដី​រួច​ផុត​ពី​ការ​ជិះជាន់​របស់​ពួក​ខ្មាំងសត្រូវ​(​ពួក​ចាម​)​។​

​តាម​រយៈ​ចម្លាក់​នៅ​ប្រាសាទបាយ័ន​ គេ​សង្កេត​ឃើញ​មាន​ចម្លាក់​ទាក់ទង​ទៅ​នឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ទំនៀមទម្លាប់​ប្រពៃណី​ សាសនា​ សិល្បៈ​ កីឡា​ ជា​ពិសេស​ការ​ធ្វើសឹក​សង្គ្រាម​ជាមួយ​ពួក​ចាម​ ដែល​ដឹកនាំ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​ ៧​ ដែល​ទទួល​បាន​ជ័យជម្នះ​យ៉ាង​ធំធេង​តាម​រយៈ​ចម្បាំង​កងទ័ពជើងទឹក​នេះ​។​

កីឡាការនីចូលរួមអុំទូកប្រណាំងនៅឆ្នាំ២០១៦នេះ ក្រោយពីរដ្ឋាភិបាលក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានផ្អាកពិធីប្រពៃណីជាតិមួយនេះអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។រូបភាពពីWMC
កីឡាការនីចូលរួមអុំទូកប្រណាំងនៅឆ្នាំ២០១៦នេះ ក្រោយពីរដ្ឋាភិបាលក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានផ្អាកពិធីប្រពៃណីជាតិមួយនេះអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។រូបភាពពីWMC

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​ គឺ​ចម្បាំង​កងទ័ពជើងទឹក​ ត្រូវ​បាន​បុព្វ​បរុស​ឆ្លាក់​ជាប់​នឹង​ជញ្ជាំង​យ៉ាង​ល្អ​ប្រណីត​ ។​ ចម្លាក់​នៃ​កងទ័ពជើងទឹក​នេះ​ ត្រូវ​បាន​កុលបុត្រ​ខ្មែរ​ជំនាន់​ក្រោយ​ចង​ចាំ​ពី​គុណ​បំណាច់​របស់​បុព្វបុរស​ខ្លួន​ ដែល​បាន​រំដោះទឹកដី​ឲ្យ​រួច​ពី​នឹម​ត្រួតត្រា​របស់​ខ្មាំងសត្រូវ​ ហើយ​កូនចៅ​ជំនាន់​ក្រោយ​ក៏​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធី​អុំទូក​នេះ​ ដើម្បី​រម្លឹក​គុណ​បំណាច់​ដ៏​ថ្លៃថ្លា​របស់​ដូនតា​ជា​រៀង​រាល់​ឆ្នាំ​។​

លោក​ ឌៀប​ សុផល​ សាស្ត្រា​ចារ​ប្រវត្តិសាស្ត្រ​មាន​ប្រសាសន៍​ថា​ ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​នេះ​ ទាក់ទង​ទាំង​ប្រវត្តិសាស្ត្រ​ និង​ប្រពៃណី​។​ លោក​បន្ត​ថា​ ពិធីបុណ្យ​អុំទូក​ គឺជា​ពិធីបុណ្យ​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​សក្តានុពល​របស់​ប្រទេស​កម្ពុជា​តាំងពី​សម័យ​បុរាណ​ និង​ភាព​រីក​ចម្រើន​ តាម​រយៈ​ផ្លូវទឹក​ និង​ទ័ពជើងទឹក​ដ៏​ខ្លាំង​របស់​កម្ពុជា​។​ ​

​បើ​តាម​ឯកសារ​ផ្សេង​ទៀត​បាន​រៀបរាប់​ថា​ ពិធីបុណ្យ​អុំទូក​ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃពេញបូណ៌មី​ ខែកត្តិក​ ស្រប​ពេល​ដែល​ទឹកទន្លេ​សាប​ បែរ​ទិស​ហូរ​ត្រឡប់​ទៅ​ត្បូង​។​ មាន​ន័យ​ថា​ នៅ​រដូវវស្សា​រវាង​ខែសីហា​ និង​ខែវិច្ឆិកា​ ជំនន់​ទន្លេមេគង្គ​ហូរ​ចុះ​ពី​ជើង​ទៅ​ត្បូង​ឆ្លងកាត់​ដី​ទំនាប​ប្រទេស​កម្ពុជា​។​
​ដោយ​ទន្លេសាប​ហូរ​កាត់​វាលទំនាប​ដី​ប្រទេស​កម្ពុជា​ ចុះ​ពី​ជើង​ទៅ​ត្បូង​បែរ​នេះ​ធ្វើ​កម្រិត​កម្ពស់​ ទាប​ជាង​ទន្លេមេគង្គ​ ដូច្នេះ​ជំនន់​ក៏​ហូរ​នាំ​ទឹកទន្លេ​សាប​ក៏​ប្រែ​ហូរ​ពី​ជើង​ទៅ​ត្បូង​វិញ​ នាំ​ទឹក​ហូរ​ចាក់​ទៅ​កម្ពុជា​ក្រោម​ធ្លាយ​ដល់​ឈូង​សមុទ្រ​។​

​មិនតែប៉ុណ្ណោះ​ ដីល្បាប់​ជំនន់​ទន្លេមេគង្គ​ បាន​នាំ​ជីវជាតិ​យ៉ាង​ប្រសើរ​ ដល់​ដី​ដាំ​ដុះ​ដំណាំ​ តាម​ដង​ទន្លេ​ យ៉ាង​សំបូរ​សប្បាយ​។​

​ដោយ​មូលហេតុ​នេះ​ហើយ​ ទើប​ខ្មែរ​បុរាណ​បាន​កំណត់​យក​ថ្ងៃពេញបូណ៌មី​ ខែកត្តិក​ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​រៀបចំ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ សម្ដែង​នូវ​មនោសញ្ចេតនា​កត្តញ្ញូ​ ចំពោះ​ម៉ែ​មេគង្គ​ និង​ម៉ែ​ទន្លេសាប​ ដែល​ជា​ប្រភព​ផ្ដល់​ជីវភាព​ យ៉ាង​ក្សេមក្សាន្ត​រុងរឿង​ ខាង​វិស័យ​កសិកម្ម​ ដល់​ប្រទេស​ខ្មែរ​ទាំងមូល​។​

​បើ​និយាយ​ពី​ការ​ឈ្មោះ​ទូកង​ នីមួយៗ​វិញ​ លោក​ ឌៀប​ សុផល​ បានឱ្យ​ថា​ កាលពី​មុនគេ​និយម​ដាក់​ឈ្មោះ​ទូកង​ តាម​ឈ្មោះ​របស់​វត្ត​ បើ​ទូក​នោះ​ជា​របស់​វត្ត​មួយ​ណា​ គេ​ក៏​ដាក់​ឈ្មោះ​ទូក​នោះ​ដូច​ឈ្មោះ​វត្ត​ ប៉ុន្តែ​សម័យនេះ​ភាគច្រើន​គឺ​ដាក់​ឈ្មោះ​តាម​អ្នក​ឧបត្ថម្ភ​។​ ​

​ក្រៅពី​ប្រណាំង​ទូកង​ ទូក​មួ​ង​ ក្នុង​រយៈពេល​បី​ថ្ងៃនេះ​ ក៏​មាន​ផង​ដែល​នូវ​ពិធី​លយប្រទីប​ និង​សំពះ​ព្រះ​ខែ​។​ ពិធី​លយប្រទីប​ធ្វើ​ឡើង​ ដើម្បី​ឧទ្ទិស​កុសល​ដល់​ព្រះ​គង្គា​ និង​ព្រះធរណី​ដែល​បាន​ផ្ដល់​នូវ​សេចក្ដីសុខ​សប្បាយ​ ភោគផល​ក្នុង​ការងារ​កសិកម្ម​ របរ​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​។​ នៅ​មុខ​ព្រះ រាជវាំង​នា​ពេល​យប់​ គេ​សង្កេត​ឃើញ​ មាន​ប្រទីប​របស់​ព្រះ​បរមរាជវាំង​ និង​ប្រទីប​របស់​ក្រសួង​នីមួយៗ​បណ្ដែត​ខ្លួន​បង្អួតរាង​ដល់​អ្នក​ទស្សនា​ ដោយ​ប្រទីប​និ​មួយៗ​លម្អ​ទៅ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​គួរ​ជាទី​គយគន់​ រួម​ទាំង​ការ​បាញ់​កាំជ្រួច​ព្រោងព្រាត​ផង​។​

​ចំណែកឯ​ពិធី​អកអំបុក​ និង​សំពះ​ព្រះ​ខែ​វិញ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ឡើង​ដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិ​ សត្វ​ ដែល​យកកំណើត​ជា​ទន្សាយ​ ដែល​បាន​លះបង់​អាយុសង្ខារ​ដើម្បី​បំពេញ​បារមី​ទាន​ ដល់​ឥន្ទ្រ​ព្រាហ្មណ៍​៕

Share

ព័ត៌មានទាក់ទង

Image