ប្រធានាធិបតី ជិតផុតអាណត្ដិឬគេហៅថា ប្រធានាធិបតីចាំផ្ទះលោក អូបាម៉ា ដែលបានហៅលោក ដូណាល់ត្រាំ មកជួបលោកនៅសេតវិមានបាននិយាយថា លោកកំពុងរៀបចំការផ្ទេរតំណែងទៅប្រធានាធិបតីជាប់ឆ្នោតរូបនេះប្រកបដោយការទទួលខុសត្រូវ។
លោក អូបាម៉ា បាននិយាយទៀតថា លោកបានជួបសន្ទនាគ្នាជាមួយបេក្ខជនប្រធានាធិបតីឈ្នះឆ្នោតលោក ដូណាល់ត្រាំ ប្រកបដោយការយល់ចិត្ដគ្នាទោះជាលោក បានវាយប្រហារលោក ដូណាល់ត្រាំ ក្នុងយុទ្ធនាការរកសំឡេងឆ្នោតក៏ដោយ។
លោក អូបាម៉ា៖«អាទិភាពរបស់ខ្ញុំគឺរយៈពេលពីរខែនេះត្រូវសម្របសម្រួល ការផ្ទេរអំណាចជូនទៅលោកប្រធានាធិបតីដែលជាប់ឆ្នោត»។
ថ្លែងចំពោះការប្ដេជ្ញារបស់លោក អូបាម៉ា ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ត្រាំ បានហៅជំនួបរបស់លោកនៅសេតវិមានថា ជាកិត្ដិយសបំផុតសម្រាប់រូបលោក។
នៅខណៈដែលឥស្សរជនទាំងពីរជួបគ្នានៅសេតវិមាន គឺនៅខាងក្រៅក៏មានបាតុកម្មប្រឆាំងនិងលោក ដូណាល់ត្រាំ ផងដែរ។ តាមសេចក្ដីរាយការណ៍ពីបណ្ដាញផ្សាយព័ត៌មាន BBC មិនត្រឹមតែបាតុកម្មនៅសេតវិមាននោះទេ ពោលគឺនៅទូទាំងអាមេរិកក៏ផ្ទុះបាតុកម្មប្រឆាំងលោកត្រាំផងដែរ។ បាតុកម្មគឺសំដៅឲ្យប្រធានាធិបតីថ្មីអាមេរិករូបនេះកែប្រែគោលជំហររបស់លោកឡើងវិញអំពីការគំរាមដាក់វិធានការណ៍តឹងរឹងលើច្បាប់អន្ដោប្រវេសន៍ ច្បាប់សញ្ជាតិ និងច្បាប់ជាច្រើនទៀត ដែលពួកបាតុករព្រួយបារម្ភពីវិធានការណ៍ទាំងនោះប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពួកគេ។
យ៉ាងណាក៏ដោយលោក ដូណាល់ត្រាំ បានប្រកាសថា លោកគឺជាប្រធានធិបតីប្រជាជនអាមេរិកទាំងមូល មិនមែនជាប្រធានាធិបតីរបស់ក្រុមណាមួយ ឬជនណាមួយនោះទេ។ លោក ដូណាល់ត្រាំ នឹងចូលទៅនៅសេតវិមានឋានៈជាប្រធានាធិបតីនៅថ្ងៃទី ២០ មករា ឆ្នាំ ២០១៧៕