នៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៦នេះគឺមានរយៈពេល៤ខែហើយ ក្រោយពីខ្មាន់កាំភ្លើងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃ ១០កក្កដា ឆ្នាំ២០១៦ នៅកណ្តាលក្រុងភ្នំពេញ។ ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី និយាយថា នៅសប្ដាហ៍ក្រោយ មិត្តភក្ដិលោកបណ្ឌិត នឹងហែញត្តិដាក់ទៅក្រសួងមហាផ្ទៃដើម្បីពន្លឿនការរកយុត្តធម៌។
តែករណីនេះ លោក ខៀវ សុភក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានផ្តល់បទសម្ភាសន៍ដល់វិទ្យុស្ត្រី នៅរសៀលនេះថាក្រសួងកំពុងតែបន្តនីតិវិធី ហើយបើមានមានព័ត៌មានថ្មីនឹងចាប់ខ្លួនជនសង្ស័យបន្ថែមទៀត។
លោកបន្តថា គួរតែមានការសហការជាមួយគ្រួសារលោកបណ្ឌិត កែម ឡី មិនគួរ ទៅហែញត្តិបែបនេះទេ។ លោកថា បើលោកបណ្ឌិតនៅមានជីវិតក៏លោក មិន ឲ្យធ្វើសកម្មភាព បែបនេះដែរ ហើយក្នុងពិភពលោក ក៏មិនមានការស្វែងរកយុត្តិធម៍ហើយដើរហែរញត្តិបែបនេះទេ។
តែបែបនេះក្ដី លោក កែម រិទ្ធិសិត ប្អូនប្រុសលោក កែម ឡី មានប្រសាសន៍ថាលោកមិនទាន់បានដង្ហែរញត្តិ ទៅទីណាទាំងអស់ គ្រាន់តែគម្រោងតែប៉ុណ្ណោះ។ លោកថាគម្រោងនេះ មកពីលោកចង់ឲ្យតុលាការដោះស្រាយ និង រកយុត្តិធម៍ជូន គ្រួសារលោកឲ្យបានឆាប់រហ័ស និង មិនចង់ឲ្យមានភាពស្ងប់ស្ងាត់ដូចអ្នករង្គ្រោះ។
ចំពោះ ការលើកឡើងរបស់ មន្ត្រីក្រសួងមហាផ្ទៃដែលថាពុំមានកិច្ចសហការពីគ្រួសារជនរងគ្រោះ លោក រិទ្ធិសិត ថាកន្លងក្រសួងមិនមានការទំនាក់ទំនងមកលោកទេ តែបើទៅខាងភរិយាលោកបណ្ឌិតលោកក៏មិនដឹងដែរ។
ទោះជាយ៉ាងណា លោកថាក៏ក្រសួងមិនគួរ មានភាពយឺតយ៉ាវ ក្នុងការរកជនល្មើសផ្សេងទៀតមកដាក់ទោសដែរព្រោះ មានកាមេរ៉ាសុត្ថិភាពមិនព្រមបញ្ចេញ។
ករណីឃាតកម្មលើកលោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគនយោបាយសង្គម បានធ្វើឱ្យមានប្រតិកម្ម ជាច្រើនពីសហគមន៍ជាតិនិងអន្តរជាតិ ដោយ ពួកគេចាត់ទុកជាគំនុំនយោបាយ៕