ទំនងមិនមែនជារឿងចៃដន្យទេ លោក ដូណាល់ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក លើកទី៤៥ តាមរយៈការបោះឆ្នោត កាលពីថ្ងៃទី៨ វិច្ឆិកា ដែលប្រជាជនអាមេរិកបានទម្លាក់សន្លឹកឆ្នោតផ្ដល់ឱកាសអោយលោក ដឹកនាំប្រទេស។
យោងតាមបណ្ដាញផ្សាយព័ត៌មាន BBC ពលរដ្ឋអាមេរិកកាំងស្បែក ស ជិត៦០ភាគរយ បោះឆ្នោតជូនលោក ដូណាល់ត្រាំ ខណៈដែលលោកស្រី គ្លីនតុន ទទួលបានការគាំទ្រពីពលរដ្ឋស្បែក ស ៣៧ភាគរយ។ ប៉ុន្ដែពលរដ្ឋអាមេរិកកាំងស្បែកខ្មៅ ៨ភាគរយប៉ុណ្ណោះ បោះឆ្នោតឱ្យលោកដូណាល់ត្រាំ។ ចំណែក៨៨ភាគរយទៀតបោះឆ្នោតឱ្យលោកស្រី គ្លីនតុន។
លោក ដូណាល់ត្រាំ ត្រូវបានអ្នកវិភាគមួយចំនួនមើលឃើញថា ការឃោសនារបស់លោក ពោរពេញ ដោយការបំផុសជាតិនិយម ច្រើនជាងលោកស្រី គ្លីន តុន។
លោកស្រី គ្លីនតុន ដែលទទួលបានការគាំទ្រពីជនជាតិអាមេរិកស្បែកខ្មៅ៨៨ភាគរយនោះ ក៏ត្រូវបានអ្នកវិភាគមើលឃើញថា លោកស្រី ប្រើប្រាស់យុទ្ធនាការរបស់ខ្លួន មិនសូវនិយាយចំៗទេ ចំពោះបញ្ហាជាតិនិយមនោះទេ។
លោក ដូណាល់ត្រាំ ទទួលបានការគាំទ្រ គឺដោយសារលោកប្រើប្រាស់វោហាសាស្ដ្រ សំដៅទៅលើជាតិសាសន៍ដទៃដែលមករស់នៅលើទឹកដីអាមេរិក ហើយសូម្បីតែជនជាតិអាមេរិកស្បែកខ្មៅ ក៏លោកដូណាល់ត្រាំ រិះគន់ផងដែរ។ ក្រៅពីនេះ លោកក៏បានប្រកាសថា នឹងពិនិត្យមើលច្បាប់អន្ដោប្រវេសន៍ និងច្បាប់សញ្ជាតិឡើងវិញ គឺ ប្រយោជន៍ដើម្បីរឹតបន្តឹងការហូរចូលជនអន្ដោប្រវេសន៍មករស់នៅអាមេរិក។
យុទ្ធនាការរបស់លោកមួយទៀតនោះ គឺ លោកនិយាយអំពីការធ្វើ របងព្រំដែនឃាឃាំង មិនអោយជនចំណាកស្រុក ម៉ិចស៊ិក ឆ្លងចូលទឹកដីអាមេរិកបានទៀតឡើយ។ បន្ថែមលើនេះ លោកបានវាយប្រហារលើក្រុម ម៉ូស្លីម ដែលជាអ្នកបង្កឲ្យមានអំពើភេរវកម្ម នៅអាមេរិក។ លោកថា នឹងទប់ស្កាត់ពួកម៉ូស្លីម មកពីអាហ្វ្រិក មិនអោយចូលទឹកដីអាមេរិកឡើយ។
ជាមួយគ្នានេះ លោកបានយល់ស្របជាមួយសភាគណបក្សសាធារណរដ្ឋ ចំពោះការអនុញ្ញាតឱ្យពលរដ្ឋអាមេរិកមានសិទ្ធិកាន់អាវុធ ដើម្បីការពារខ្លួន និងគ្រប់គ្រងផ្ទះសម្បែង។
ទំនងដូចនេះហើយ បានជាពលរដ្ឋអាមេរិកកាំងស្បែក ស រហូតទៅដល់៦០ភាគរយ បោះឆ្នោតគាំទ្រលោកដូណាល់ត្រាំ អោយបានក្លាយជាប្រធានាធិបតីជាតិនិយម របស់សហរដ្ឋអាមេរិក ។
តាមលទ្ធផលនៃការបោះឆ្នោត លោក ដូណាល់ត្រាំ ទទួលបានគណប្រតិភូ ២៧៩។ រីឯ លោកស្រី គ្លីនតុន ទទួលបាន ២២៨ ប្រតិភូ។ លទ្ធផលនេះ បាននាំអោយគណបក្សសាធារណរដ្ឋ ឈ្នះ បានទាំងរដ្ឋសភា និងព្រឹទ្ធសភា។
ជ័យជម្នះរបស់លោកត្រាំ នាំអោយជនជាតិអាមេរិកកាំងស្បែកខ្មៅ និងពលរដ្ឋស្បែកស និយមកណ្ដាល សោកស្ដាយដែលលោកស្រី គ្លីនតុន ដែល មិនអាចក្លាយជាប្រធានាធិបតី៕