ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវដល់សាធារណៈជនអនុវត្ត អនាម័យស្អាត ដើម្បីបង្ការបញ្ហាសុខភាពបណ្តាលមកពីពុលចំណីអាហារ និងជំងឺឆ្លងផ្សេងៗ ក្នុងកំឡុងពេលចូលរួមព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នាពេលខាងមុខ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ធ្វើឡើងនៅថ្ងៃទី១០វិច្ឆិកា ឆ្នាំ២០១៦នេះ ដោយប្រាប់ប្រជាពលរដ្ឋប្រកាន់គោលការណ៍ អនាម័យមួយចំនួនដូចជា៖
-ប្រើប្រាស់ទឹកស្អាត អាហារស្អាត និង ឆ្អិនជានិច្ច។
-លាងដៃនឹងសាប៊ូមុនពេលទទួលចំនីអាហារ និងក្រោយពីការបន្ទោបង់។
-លាងសម្អាតផ្លែឈើមុននឹងញ៉ាំជាដើម។
ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នឹង ប្រារព្ធឡើងចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែ វិច្ឆិកាឆ្នាំ២០១៦។
កន្លងមកប្រទេសកម្ពុជា បានខកខានមិនបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ចំនួន៤លើកមកហើយ៖ គឺឆ្នាំ២០១១ដោយសារប្រទេសកម្ពុជាជួបគ្រោះទឹកជំនន់ ឆ្នាំ២០១២ កាន់ទុក្ខការយាងសោយទិវង្គតព្រះករុណាសីហនុ (ព្រះបរមរតនកោដ្ឋ) ឆ្នាំ២០១៣ស្ថានភាពនយោបាយកម្ពុជា និងឆ្នាំ២០១៥ ស្ថានភាពទឹកទន្លេមេគង្គ មានកម្រិតទាបពេកដែលមិនអាចរៀបចំកម្មវិធីបាន៕