ភ្នំពេញ៖ព្រឹត្ដិការណ៍បោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកលើកទី៤៥នៅសហរដ្ឋ អាមេ រិកដែលមានការផ្សាយបន្ដផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍អន្ដរជាតិជាច្រើនក្នុងប្រទេសអាមេរិក។ ព្រឹត្ដការណ៍នេះស្ថាទូតអាមេរិកប្រចាំកម្ពុជាបានអញ្ជើញមន្ដ្រី គជប មន្ដ្រីអង្គការសង្គ មស៊ីវិល អ្នកនយោបាយ អ្នកសារព័ត៌មានចូលរួមតាមដានលទ្ធផលបោះឆ្នោត។
ក្នុងព្រឹត្ដិការណ៍នេះអ្នកចូលរួមទាំងអស់បានសរសើរពីការបោះឆ្នោតនៅអាមេរិកថា មានភាពសុក្រឹត្យ និងជឿនលឿន ប្រកប ដោយប្រជាធិបតេយ្យ។ ក្នុងនេះដែរពួកគាត់ក៏បានបង្ហាញក្ដីសង្ឃឹ មថាថ្ងៃបោះឆ្នោតនៅកម្ពុជាខាងមុខ នឹងមានដំណើរការល្អប្រសើរដូចនៅសហរដ្ឋអាមេរិកដែរ។
ករណីនេះអ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថាគជបនឹងប្រឹងប្រែងធ្វើយ៉ាងណាដើម្បីឲ្យលទ្ធផលបោះឆ្នោតនាពេលខាងមុខប្រកបដោយ សេរី ត្រឹមត្រូវ និងយុត្ដិធម៌។
ព្រឹត្ដការណ៍បោះឆ្នោតប្រធានាធិបតីអាមេរិក បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងច្រើននៅទូទាំងពិភព លោក សូម្បីកម្ពុជាក៏ចាប់អារម្មណ៍ពីដំណើរការនេះខ្លាំងផងដែរ។
មន្ដ្រីអង្គការសង្គមស៊ីវិល បង្ហាញទស្សននិងកោតសរសើរប្រព័ន្ធបោះឆ្នោតនៅអាមេរិកថា មានភាពល្អប្រសើរហើយបើ កទូលាយសម្រាប់ពលរដ្ឋ។
ក្នុងដំណើរការឃ្លាំមើលពីការបោះឆ្នោតនៅអាមេរិកតាមរយៈប្រព័ន្ធផ្សព្វផ្សាយនៅស្ថានទូតអាមេរិកប្រ ចាំនៅកម្ពុជានេះ នាយកប្រតិបត្ដិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្ដិធម៍ដើម្បីការបោះឆ្នោតដោយសេ រីនិងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា NICFEC លោក សំ គន្ធាមី បានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុស្ដ្រីថា ដំណើរការបោះឆ្នោតនៅអាមេរិកនេះពិតជាមានភាពសុក្រឹត្យ នឹងល្អប្រសើរជាខ្លាំង ព្រោះព័ត៌មានស្ដីពីលទ្ធផលបោះឆ្នោតគឺមានភាពទូលាយសម្រាប់ពលរដ្ឋរបស់គេ។ ជាពិសេសលោកមើលឃើញថា នេះជាបទពិសោធន៍មួយដ៏ល្អសម្រាប់លោកបន្ថែមទៀតស្ដីពីដំណើរការបោះឆ្នោតនៅកម្ពុជា។
លោក សំ គន្ធាមី៖«ខ្ញុំបានមកចូលរួមជាឱកាសល្អដែលស្ថានទូតអញ្ជើញខ្ញុំមកចូលរួមការបោះឆ្នោតនៅសហរដ្ឋអាមេរិកនេះថ្វីត្បិតតែវាមិនមែនជាការបោះឆ្នោតផ្លូវការមែន ប៉ុន្ដែខ្ញុំបានរៀនសូត្រ ចេះដឹងច្រើនបន្ថែមទៅទៀតលើបទពិសោធន៍លើប្រព័ន្ធបោះឆ្នោតនៅអាមេរិកថ្ងៃនេះ»។
នាយកប្រតិបត្ដិ និចហ្វិច ក៏សង្ឃឹមផងដែរថា កម្ពុជានៅក្នុងដំណើរការបោះឆ្នោតនាពេលខាងមុខនឹងប្រព្រឹត្ដទៅប្រកប ដោយលក្ខណល្អប្រសើរសមជាប្រទេសប្រជាធិបតេយ្យ។
ដូចគ្នាដែរលោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ដោយកោតសរសើរពីការរាប់សន្លឹ កឆ្នោតនៅអាមេរិកថា នេះគឺជាតម្លាភាពយ៉ាងល្អក្នុងដំណើរលទ្ធិប្រជាធិបតេយ្យ ដែលបើកទូលាយគ្មានការលាក់លៀមឬក៏បំបិទសិទ្ធិក្នុងការស្ទង់មតិស្ដីពីការបោះឆ្នោតនេះ ដូចប្រទេសក្នុងតំបន់អាស៊ីមួយចំនួន។
ចំណុចនេះលោកថា កម្ពុជាគួរតែរៀនសូត្រពីសហរដ្ឋអាមេរិកស្ដីពីការបើកទូលាយព័ត៌មានលទ្ធផលបោះឆ្នោត។
លោក ព្រាប កុល៖«យើងមើលទៅកម្រិតស្ដង់ដាប្រជាធិបតេយ្យរវាងកម្ពុជា នឹងអាមេរិក គឺវាហាក់ដូច ជាមានការខុសគ្នាឆ្ងាយ បើយើងគិតពីទិដ្ឋភាពតម្លាភាព និងសិទ្ធិសេរីភាពក្នុងការចូលរួមក្នុងដំណើរការបោះឆ្នោត អប់រំប្រជាពលរដ្ឋពីការបោះឆ្នោតហ្នឹងគឺមានលក្ខណចង្អៀតចង្អល់»។
បន្ថែមពីនេះលោក ព្រាប កុល សង្កត់ធ្ងន់ផងដែរថា ប្រសិនកម្ពុជាគិតថា មិនអាចយកគំរូតាមសហរដ្ឋ អាមេរិកដែលជាប្រទេសជឿនលឿនខ្លាំង គឺកម្ពុជាអាចក្រឡេកទៅមើលប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ដូចជា ឥណ្ឌូនេស៊ី ដែលកា លពីការបោះឆ្នោតគេ កន្លងទៅគឺមានតម្លាភាពល្អប្រសើរខ្លាំង។
ចំណែកលោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតមានប្រសាសន៍ថា អាមេរិកជាប្រទេសកាន់លទ្ធិប្រជាធិបតេ យ្យបានល្អដូចនេះ លទ្ធផលបោះឆ្នោតលើកនេះគឺប្រាកដជាធ្វើឲ្យពលរដ្ឋទទួលយកបា ន។ លោកបន្ថែ មថា ប្រទេសមួយដែលមានស្ថេ រភាពយូអង្វែងគឺមានតែការដោះដូរមេដឹកនាំប្រទេសតាមបែបលទ្ធិប្រ ជាធិបតេយ្យ។ លោកថា បើប្រទេសណាដែលកើតមានការគាបសង្កត់លើប្រជាពលរដ្ឋ បំបិទសិទ្ធិបញ្ចេ ញមតិ នោះយូទៅនឹងធ្វើឲ្យប្រ ទេសនោះកើតមាន ការតវ៉ា ភេរវកម្ម និងការប្រឆាំងផ្សេងៗ។
ប្រធានវេទិការអនាគតបញ្ជាក់ដែរថា កម្ពុជាគួររៀនមេរៀនលទ្ធិប្រជាធិបតេយ្យពីប្រទេសដទៃ ឲ្យបានច្រើនដែល លោកថា លទ្ធិប្រជាធិបតេយ្យពិតប្រាកដគឺត្រូវផ្ដើមចេញពីស្ថាប័នតុលាការឯករាជ្យ គោរពធម្មនុញ្ញ ត្រូវការ គ.ជ.ប ដែលពល រដ្ឋអាចទុកចិត្ដបាន និងជាពិសេសគឺត្រូវការយោធាមួយដែលការពាររដ្ឋធម្មនុញ្ញ មិនមែនការពារបក្ស និងផលប្រយោ ជន៍របស់ខ្លួននោះទេ។
លោក អ៊ូ វីរៈ៖«ការតឹងទ្រូងខ្លាំងនេះហើយដែលយូរទៅវាអាចនឹងផ្ទុះ អ្នកខឹងខ្លាំងជួនគាត់អាចទៅបង្កើតជាក្រុមឧទ្ទាមទៅ ឬក៏ទៅធ្វើភេរវកម្ម អញ្ចឹងបានជាប្រទេសដែលប្រជាធិបតេយ្យគឺមិនងាយមានបាតុភូ តទាំងនេះទេ កើតឡើងទេ»។
លោក អ៊ូ វីរៈ បន្ថែមដែរថា ប្រសិនប្រទេសអស្ថេរភាពមិនថាអ្នកណាទេគឺសុទ្ធតែមានការតក់ស្លុតនិងភ័យដូចគ្នាតែគ្នាមិនថា អ្នកមានអំណាច និងពលរដ្ឋនោះទេ លោកថា ការពង្រឹងលទ្ធិប្រជាធិបតេយ្យគឺជាការសំខាន់សម្រាប់កម្ពុជា។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតនៅស្ថានទូតអាមេរិកនេះដែរមានប្រសាសន៍ដោយទទួលស្គាល់ថា ថ្វី បើការបោះឆ្នោតនៅកម្ពុជាពុំទាន់បានល្អប្រសើរមែនប៉ុន្ដែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគឺតែងតែព្យាយាមធ្វើយ៉ាងណា រៀបចំការបោះឆ្នោតមួយប្រកបដោយតម្លាភាព សេរី ត្រឹមត្រូវ និងយុត្ដិធម៌។
លោក ហង្ស ពុទ្ធា៖«អ្វីដែលជាតួនាទីរបស់ គជប គឺរៀបចំការបោះឆ្នោតមួយឲ្យអាចទទួលយកបានដោ យសេរី ត្រឹមត្រូវ និងយុត្ដិធម៌ នោះគឺជាគោលការណ៍ដែលកម្ពុជាត្រូវធ្វើឲ្យបាន ហើយយើងក៏ពិតជាត្រូវ ការសហគមន៍អន្ដរជាតិ ចូលរួមពីគ្រប់មជ្ឈដ្ឋានដើម្បីឃ្លាំមើលពីដំណើរការបោះឆ្នោត មួយដោយទទួ លយកបានទាំងអស់គ្នា»។
បន្ថែមពីនេះអ្នកនាំពាក្យ គ.ជ.ប ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ឲ្យផ្ដល់តម្លៃដល់សន្លឹកឆ្នោតរបស់ខ្លួន ធ្វើយ៉ា ងណាទៅចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនាពេលខាងមុខឲ្យបានគ្រប់ៗគ្នា។
សូមជម្រាបថា កម្ពុជានឹងមានព្រឹត្ដិការណ៍សំខាន់ចំនួនពីរនាពេលខាងមុខ ដែលក្នុងនោះរួមមានការបោះឆ្នោតក្រុមប្រឹ ក្សាឃុំសង្កាត់អាណត្ដិទី៤ ក្នុងឆ្នាំ ២០១៧ និងការបោះឆ្នោតសភាអាណត្ដិទី ៦ ឆ្នាំ ២០១៨។ ទន្ទឹមនឹងព្រឹត្ដិការណ៍សំខាន់ថ្នាក់ជាតិរបស់កម្ពុជា កាន់តែខិតចូលមកដល់ ខណៈនេះទាំងអ្នកនយោបាយ និងអង្គការសង្គមស៊ីវិលជាតិ និងអន្ដរជាតិ សុទ្ធតែរំពឹងថា ការបោះឆ្នោតលើកនេះនឹងមានភាពសុក្រឹត្យ និងតម្លាភាព៕