ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅថ្ងៃទី០៩ វិច្ឆិកានេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយស្នើឱ្យរដ្ឋាភិបាលកម្ពុជា ត្រៀមកញ្ចប់ថវិកាយ៉ាងតិចណាស់ ១០០ លានដុល្លារ ដើម្បីផ្តល់ទុនកម្ចីទៅដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ សហគមន៍កសិកម្ម ក្នុងការទិញស្រូវ និងវិនិយោគលើឡសម្ងួតស្រូវ និងប្រើប្រាស់ជាទុនបង្វិលទិញស្រូវស្តុកទុក ដើម្បីទប់ស្កាត់វិបត្តិធ្លាក់ថ្លៃស្រូវសាជាថ្មីទៀត។

ការស្នើនេះ ក៏ព្រោះថាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រមើលឃើញពីវិបត្តិទីផ្សារ និងតម្លៃស្រូវដែលអាចកើតមានឡើងជាថ្មីទៀត ហើយអាចធ្ងន់ធ្ងរជាមុន ព្រោះថារដូវច្រូតកាត់ធំក្នុងប្រទេសកម្ពុជា គឺនៅខែវិច្ឆិកា និងធ្នូ ឆ្នាំ២០១៦ និងខែមករា ឆ្នាំ២០១៧ ។ មូលហេតុមួយទៀតដែរ គណបក្សមូលដ្ឋានសម្លឹងឃើញថា រោងម៉ាស៊ីនកិនស្រូវជាច្រើនកំពុងជួបបញ្ហាក្នុងការលក់ស្រូវ អង្ករដែលមានស្រាប់។
សេចក្តីថ្លែងការណ៍ដដែលបន្តថា ដើម្បីអនុវត្តឱ្យបានល្អនូវគោលនយោបាយសន្តិសុខស្បៀង រាជរដ្ឋាភិបាល គួរទិញស្រូវពីពលរដ្ឋមកស្តុកទុកក្នុងបរិមាណស្មើនឹង ៥% នៃផលស្រូវសរុបទូទាំងប្រទេស ឬប្រមាណកន្លះលានតោនដើម្បីជួយទប់ស្កាត់ការធ្លាក់ថ្លៃស្រូវនារដូវប្រមូលផល និងការឡើងថ្លៃអង្ករខ្លាំង ក៏ដូចជាត្រៀមបង្ការហានិភ័យផ្សេងៗផងដែរ។
ជាមួយគ្នានេះគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏ស្នើសុំក្រសួងមហាផ្ទៃត្រូវធ្វើការទប់ស្កាត់នូវការទារប្រាក់តាមផ្លូវលើការដឹកជញ្ជូនស្រូវ ដែលកត្តានេះ បានបង្កជាការចំណាយលើថ្លៃដើមស្រូវអង្ករ ដែលប៉ះពាល់ដល់ការប្រកួតប្រជែងរបស់កម្ពុជា។
គួរកត់សម្គាល់ថា កាលពីចុងសប្តាហ៍មុននេះ រដ្ឋាភិបាលថៃបានបញ្ចេញថវិកាចំនួន ៥១៤ ពាន់លានដុល្លារ ដើម្បីផ្តល់ជាទុនកម្ចីដល់កសិករ ក្នុងការរក្សាស្រូវទុក ខណៈតម្លៃស្រូវប្រភេទផ្កាម្លិះ និងស្រូវសែនក្រអូបក្នុងប្រទេសថៃកំពុងជួបវិបត្តិធ្លាក់ថ្លៃ។
សូមបញ្ជាក់ថា នាពេលកន្លងទៅថ្មីៗនេះ កសិករក្នុងខេត្តបាត់ដំបូងបានដឹកស្រូវមកចាក់លើកំណាត់ផ្លូវជាតិលេខ ៥ ដើម្បីបង្ហាញពីអសមត្ថភាពរបស់រដ្ឋាភិបាល ដែលមិនអាចទប់ស្កាត់វិបត្តិស្រូវធ្លាក់ថ្លៃនេះបាន។ យ៉ាងណាក្រោយហេតុការណ៍នេះ ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន បានបញ្ចេញកញ្ចប់ថវិកាប្រមាណ ២៧ លានដុល្លារ ដើម្បីដោះស្រាយវិបត្តិស្រូវធ្លាប់ថ្លៃនេះ៕