ព្រះមហាក្សត្រព្រះបាទនរោត្ដម សីហមុនី យាងជាអធិបតី នៅថ្ងៃខួបលើកទី៦៣ នៃទិវាបុណ្យឯករាជ្យជាតិ នៅព្រឹកថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៦នេះនៅវិមានឯករាជ្យ រាជធានីភ្នំពេញ។
តាមហ្វេសប៊ុក របស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ លោក នឹងអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងប្រទានភ្លើងជ័យនៅក្នុងខួបទី៦៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ដែលនឹងប្រាព្ឋធ្វើនៅវិមានឯករាជ្យ រាជធានីភ្នំពេញ នៅវេលាម៉ោង ៧:៤០នាទីព្រឹក។
តាមហ្វេសប៊ុករបស់សម្ដេច នាយករដ្ឋមន្ដ្រីដដែល គឺ ពិធីរំលឹកខួបបុណ្យឯករាជ្យជាតិ នេះក៏នឹងមានការចូលរួមពីមន្ត្រីថ្នាក់ដឹកនាំព្រឹទ្ឋសភារដ្ឋ សភា និងមន្ត្រីសមាជិករាជរដ្ឋាភិបាល តំណាងអង្គទូតប្រទេសជាមិត្តប្រចាំកម្ពុជា តំណាងក្រសួង-ស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ផងដែរ ។
គួរបញ្ជាក់ថា ទិវាបុណ្យឯករាជ្យជាតិ គឺត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ស្នាព្រះហស្ថព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានដឹកនាំព្រះរាជបូជនីយកិច្ចទាមទារបាននូវឯករាជ្យពីប្រទេសអាណានិគមបារាំង នៅថ្ងៃទី ៩ វិច្ឆិកា ១៩៥៣ ដែលធ្វើអោយកម្ពុជាទទួលបានឯករាជ្យមកដល់សព្វថ្ងៃនេះ៕