ក្រុងម៉ានីល ៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូទ្រីហ្គូ ឌូធើតេ(Rodrigo Duterte)បានសម្រេចរក្សាសម្ព័ន្ធភាពសន្តិសុខរវាងហ្វីលីពីន ជាមួយសហរដ្ឋអាមេរិកឡើងវិញ។ នេះបើយោងតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ហ្វីលីពីន ប៉ុន្តែយ៉ាងណាសកម្មភាពយោធារួមគ្នានេះ ត្រូវបានកម្រិតមាត្រដ្ឋាន។
លោក Duterte ធ្លាប់គំរាមកាត់ផ្តាច់កតិកាសញ្ញាការពារជាតិ និងបានគំរាមបញ្ចប់ទំនាក់ទំនងកងទ័ពប្រទេសទាំងពីរដែលមានរាប់សិនឆ្នាំមកហើយនោះ បន្ទាប់ពីមានការរិះគន់ក្រោមរដ្ឋបាលរបស់លោក អូបាម៉ា លើយុទ្ធនាការបោសសំអាតគ្រឿងញៀនរបស់លោក Duterte ដែលរហូតមកទល់ពេលនេះ មានមនុស្សយ៉ាងហោចណាស់ជាង ២៣០០ នាក់ហើយត្រូវបានសម្លាប់ក្រោមយុទ្ធនាការនេះ។
ប៉ុន្តែរដ្ឋលេខាធិការនៃក្រសួងការពារជាតិលោក Delfin Lorenzana បាននិយាយថា ទំនាក់ទំនងសម្ព័ន្ធភាពសន្តិសុខជាមួយអាមេរិកគួរតែមិនត្រូវផ្តាច់ចេញនោះទេ។ យ៉ាងណាមិញ បើតាមកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៤ បានអនុញ្ញាតឱ្យកងទ័ពអាមេរិកការមានវត្តមាននៅលើទឹកដីហ្វីលីពីន។
លោក Lorenzana និយាយថា សមយុទ្ធយោធាដែលហៅថា Balikatan ដែលមានអាយុកាលរាប់សិនឆ្នាំមកហើយរវាងកងទ័ពអាមរិក-ហ្វីលីពីន និងលំហាត់នាវាចរណ៍គួរតែបន្ត ប៉ុន្តែសមយុទ្ធនោះគួរធ្វើឡើងដោយសមភាពប្រកបដោយមនុស្សធម៌ ហើយមានការចូលរួមពីអ្នកជំនាញ និងពីសំណាក់ពលរដ្ឋយ៉ាងសកម្មផងដែរ៕ប្រភព៖CNA