ភ្នំពេញ៖ ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចទី ១ លើពិភពលោកជិតមកដល់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែសរសើរបេក្ខជនប្រធានាធិបតីលោក ដូណាល់ត្រាំ ដែលលោកគិតថា លោក ដូណាល់ត្រាំ មានគុណសម្បត្ដិសក្ដិសមជាប្រធានាធិបតីជាងលោកស្រី គ្លីនតុន ជាពិសេសការដឹកនាំផ្នែកសេដ្ឋកិច្ច។
ប៉ុន្ដែក្រុមអ្នកវិភាគដែលសិក្សាពីគោលនយោបាយការបទេសមិនយល់ដូចនេះទេ។ ពួកគាត់យល់ថា លោក ត្រាំ ជាមនុស្សមានគោលនយោបាយការបរទេសចង្អៀតសម្រាប់ប្រទេសដទៃ ចំណែកលោកស្រី គ្លីនតុន គឺមានគោលនយោបាយការបរទេសបើកទូលាយ។
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់ និស្សិតនៅវិទ្យាស្ថានជាតិ បណ្តុះ បណ្តាល បច្ចេក ទេស នៅមជ្ឈមណ្ឌលកោះពេជ្រដោយបានថ្លែងរិះគន់ បុរសម្នាក់ដែលទំនងគឺលោក សម រង្ស៊ី ថា ស្ដាប់ការវិភាគរបស់លោកមិនបានបែរជានិយាយតែផ្ដេសតែផ្ដាស់ថា លោកគាំទ្រមេដឹកនាំផ្ដាច់ការនៅលើពិភពលោកទៅវិញ។
សម្ដេច ហ៊ុន សែន៖«អម្បាញ់មិញខ្ញុំនិយាយពីរឿងសប្បាយរីករាយទេ ប៉ុន្ដែវាហួសមកដល់ត្រនេះនិយា យដល់ត្រាំនោះទៀត និយាយដល់អាមេរិកាំងនោះទៀត រឿងប្រធានាធិបតីរបស់គេ ក៏ប៉ុន្ដែបញ្ហាវាស្ថិតនៅត្រង់នយោបាយការបរទេស ព្រោះប្រទេសមហាអំណាចវាពាក់ព័ន្ធច្រើន អាចនឹងនយោបាយអាស៊ីប៉ាស៊ីហ្វិចវាយ៉ាងម៉េច អាចបញ្ហាអាត្រង់ប៉ាស៊ីហ្វិចនោះវាយ៉ាងម៉េច អា ធី ភី ភី ត្រង់ Asia partnership នោះទៅជាយ៉ាងម៉េច ទំនាក់ទំនងរវាងមហាអំណាចនិងមហាអំណាចវាទៅជាយ៉ាងម៉េច អាហ្នឹងក្រែងសិទ្ធិក្នុងការវិភាគ ម៉េចបានជាអ្នកវិភាគខ្លះចេញមកថា ត្រាំ គឺជាជនផ្ដាច់ការបាន ហ៊ុន សែន មូហ្គាបេ ពូទីន ចេញមក គាំទ្រទៅវិញ បើអ្នកឯងមិនច្បាស់រឿងនយោបាយទេ ហើយល្ងង់ទេ កុំធ្វើនយោបាយ»។
បន្ថែមពីនេះសម្ដេចមានប្រសាសន៍ថា ទោះអ្នកណាជាប់ឆ្នោតជាប្រធានាធិបតីក៏ដោយ នោះគឺជារឿងរបស់ប្រជាជនអាមេរិកប៉ុណ្ណោះ ហើយចំពោះការទស្សទាយថា អ្នកណាជាប់ឆ្នោតគឺជាសិទ្ធិរបស់សម្ដេចក្នុងការវិភាគប៉ុណ្ណោះ។
កាលពីសប្ដាហ៍មុនសម្ដេច ហ៊ុន សែន បាននិយាយថា លោកចង់ឱ្យ ដូណាល់ត្រាំ ជាប់ឆ្នោតព្រោះលោកគិតថា លោក ត្រាំ នឹងធ្វើឱ្យស្ថានការណ៍ពិភពលោក មានសន្តិភាព ជាពិសេសរវាងអាមេរិក និង រុស្ស៊ី ។
ត្រង់ចំនុចនេះហើយ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានសរសេរលិខិតមួយ ហើយស្រង់មកចុះផ្សាយដោយកាសែត The Cambodian Daily ដែលលោកបានសរសេរដោយប្រៀបធៀប សម្ដេច ហ៊ុន សែន ទៅនឹងលោក ដូណាល់ត្រាំ ថា ជាមនុស្សដែលឆេវឆាវ នឹងងាយគ្រោះថ្នាក់។
លោក សម រង្ស៊ី ប្រៀបធៀបលោក ដូណាល់ត្រាំ ជាមនុស្សផ្ដាច់ការនិយមដោយសារតែខ្វល់ខ្វាយតែរឿងលុយកាក់ រីឯសម្ដេច ហ៊ុន សែន ជាមេដឹកនាំនិយមអំណាចផ្ដាច់ការប្រើប្រាស់កាំភ្លើងដើម្បីដោះស្រាយបញ្ហា។
សហរដ្ឋអាមេរិកនៅថ្ងៃទី ០៨ វិច្ឆិកា នឹងមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីជំនួសលោក អូបាមា ដែលត្រូវចូលនិវត្តន៍។
បេក្ខជនដែលកំពុងប្រកួតប្រជែងគ្នាដើម្បីតំណែងប្រធានាធិបតីនេះគឺមានលោក ដូណាល់ត្រាំ មកពីគណបក្សសាធារណរដ្ឋ និងលោកស្រី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យ។ ការបោះឆ្នោតប្រធានាធិបតីអាមេរិកលើកទី ៤៥នេះ ធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លះដល់មេដឹកនាំមួយចំនួន រួមទាំងអ្នកវិភាគផងដែរ ។
តើប្រសិនបើលោក ដូណាល់ត្រាំ ឬលោកស្រី គ្លីនតុន ជាប់ឆ្នោតកម្ពុជានឹងទទួលបានផលចំណេញអ្វីខ្លះ?
អ្នកវិភាគដែលវិទ្យុស្ដ្រីសុំការយល់ឃើញមានប្រសាសន៍ដូចៗគ្នាថា លោកស្រី គ្លីនតុន គឺសមជាប្រធានាធិបតីជាងលោក ដូណាល់ត្រាំ ព្រោះលោកស្រីមានគំនិតជួយដល់ប្រទេសនៅជុំវិញពិភពលោក ឲ្យមានការគោរពសិទ្ធិមនុស្សឲ្យបានកាន់តែល្អ។
លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្ដរជាតិ មានប្រសាសន៍ក្នុងបទសម្ភាសន៍ខ្លីជាមួយវិទ្យុស្ដ្រីFM102 នៅថ្ងៃទី ០៧ វិច្ឆិកា ថា លោក ដូណាល់ត្រាំ មានភាពក្មេងខ្ចីណាស់ក្នុងរឿងនយោបាយ ព្រោះលោកធ្លាប់តែធ្វើជំនួញ ព្រោះអ្នកជំនួញគិតតែរឿងមួយមុខគត់គឺចំណេញ។
ចំណុចនេះលោកពន្យល់ថា ការធ្វើជំនួញគឺផ្ទុយពីការធ្វើនយោបាយដែលការងារគឺតម្រូវតាមកាលៈទេសៈមិនមែនត្រូវតែចំណេញរហូតដូចទ្រឹស្ដីអ្នកជំនួញនោះទេ។
អ្នកស្រាវជ្រាវនយោបាយការបទេសរូបនេះបន្ដថា ប្រសិនបើលោកស្រី គ្លីនតុន ជាប់ជាប្រធានាធិបតីនោះនឹងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលមានរដ្ឋទំនើបមួយ មានការគោរពសិទ្ធិមនុស្ស គោរពប្រជាធិបតេយ្យ នឹងនីតីរដ្ឋដំណើការប្រកបដោយភាពអព្យាក្រឹត្យ។
លោកថា បើលោក ដូណាល់ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីនោះគឺនឹងមិនបានជួយដល់កម្ពុជា ឲ្យមានការពង្រឹងប្រជាធិបតេយ្យគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋនោះទេ ព្រោះលោក ត្រាំ មានគោលការណ៍គឺមិនជួយប្រទេសដទៃទេ។
លោក ឡុង គឹមឃន៖«បើយើងពិនិត្យមើលរបៀបធ្វើការឃោសនាបោះឆ្នោតរបស់លោកត្រាំ ជាទូទៅគឺជាការប្រើប្រាស់យុទ្ធសាស្ដ្របែបអវិជ្ជមាន វិធីសាស្ដ្រពាក្យសម្ដី និងរបៀបធ្វើសព្វដង គឺមានតែការវាយហារលោកស្រី គ្លីនតុន ហើយមែនទែនទៅគឺគ្មានឃើញពីយុទ្ធសាស្ដ្រអ្វីជាក់លាក់ដើម្បីដោះស្រាយបញ្ហាទេ»។
យ៉ាងណាក៏ដោយលោក ឡុង គឹមឃន មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា លោក ត្រាំ រាល់យុទ្ធនាការឃោសនាបោះឆ្នោតគឺមានត្រឹមតែពាក្យវាយប្រហាររឿងបុគ្គល់ប៉ុណ្ណោះ ដែលនេះមិនសមជាទង្វើមេដឹកនាំនោះទេ។
ដូចគ្នាដែរលោក ចាន់ វិបុល អ្នកសិក្សាពីអភិបាលកិច្ច និង លទ្ធិប្រជាធិបតេយ្យ មានប្រសាសន៍ថា សហរដ្ឋអាមេរិកតាំងតែពីអតីតកាលកន្លងមកគឺតែងរំពឹងថា នឹងបានឈ្មោះជាបិតាប្រជាធិបតេយ្យលើពិភពលោក ហើយក្ដីរំពឹងនេះ មិនបានស្ថិតនៅក្នុងផ្នត់គំនិតរបស់លោក ដូណាល់ត្រាំ ទេ ពោលគឺមាន នៅក្នុងផ្នត់គំនិតរបស់លោកស្រី គ្លីនតុន ដែលលោកយល់ថា ប្រសិនបើលោកស្រី គ្លីនតុន ជាប់ឆ្នោតនោះ លោកស្រីនឹងបន្ដជំរុញឲ្យប្រទេសទាំងអស់លើពិភពលោកបង្កើនការគោរពសិទ្ធិមនុស្សជាក់ជាពុំខានរួមទាំងកម្ពុជាផងដែរ។ ប៉ុន្ដែលោកថា ចំពោះលោក ដូណាល់ត្រាំ គឺជាបុគ្គលមួយរូបដែលមានទស្សនមិនខ្វល់ពីប្រទេសជិតខាងនោះទេក្រៅពីផលប្រយោជន៍របស់ខ្លួន។
ប្រការនេះអ្នកសិក្សាពីអភិបាលកិច្ចបន្ដថា ព្រោះតែលោក ត្រាំ ជាមនុស្សមិនខ្វល់ពីប្រទេសជិតខាងបានជារដ្ឋាភិបាលកម្ពុជាហាក់បង្ហាញជំហរគាំទ្រលោកដូណាល់ ត្រាំ ជាងលោកស្រី គ្លីនតុន។
លោក ចាន់ វិបុល៖«ប្រសិនបើលោកស្រី គ្លីនតុន ជាប់នោះលោកស្រីនឹងនៅតែបន្ដជំរុញការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងពិភពលោក ហើយយើងដឹងហើយថា កម្ពុជាយើងមានមានឈ្មោះមួយជាប្រទេសដែលមិនគោរពសិទ្ធិមនុស្សក្រាស់ក្រែលបំផុត ហើយនីតិរដ្ឋហ្នឹងក៏ទាបបំផុតដែរ គឺ១១២ ក្នុងចំណោមក្នុងប្រទេស ១១៣ ក្នុងពិភពលោក តាមរយបាយការណ៍គម្រោងឃ្លាំមើលការរំលោភសិទ្ធិមនុស្សអន្ដរជាតិឆ្នាំ ២០១៦»។
រដ្ឋាភិបាលអាមេរិកដឹកនាំដោយប្រធានាធិបតីលោក បារាក់ អូបាម៉ា ដែលជាមេដឹកនាំរបស់លោកស្រី គ្លីនតុន រដ្ឋាភិបាលរបស់លោក បានដាក់ប្រទេសកម្ពុជាបច្ចុប្បន្នថា ជារដ្ឋរំលោភសិទ្ធិមនុស្ស និងរំលោភគោលការលទ្ធិប្រជាធិបតេយ្យដ៏គួរឲ្យព្រួយបារម្ភដោយបានជំរុញ ឲ្យរដ្ឋាភិបាលរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្វើកំណែទម្រង់ការដឹកនាំប្រទេសគោរពសិទ្ធិមនុស្សឡើងវិញ។ ប៉ុន្ដែរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា៕