ក្រុងម៉ៃអាមី ៖ ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងត្រៀមចាប់ផ្តើម អ្នកអវកាសជនជាតិអាមេរិកម្នាក់ក៏បានចូល រួមការបោះឆ្នោតនេះផងដែរ ដោយនឹងទម្លាក់សន្លឹកឆ្នោតរបស់ខ្លួនពីឋានអវកាសមកលើភពផែនដី។ នេះបើតាមការបញ្ជាក់ពីក្រុមអ្នកវិទ្យាសា ស្ត្រណាសា(NASA )កាលពីថ្ងៃទី០៧ វិច្ឆិកា ម្សិលមិញ។
លោក Shane Kimbrough បានក្លាយជាអ្នកអវកាសចុងក្រោយគេ ដែលបានចូលរួមការបោះឆ្នោតជាប្រពៃណីរបស់អាមេរិកនៅឆ្នាំនេះ ខណៈខ្លួនរបស់លោកកំពុងអណ្តែតលើលំហអវកាសនៅក្នុងស្ថានីយ៍អវកាសអន្តរជាតិ។
លោក Kimbrough បានជិះរ៉ុកកែត Soyuz របស់រុស្ស៊ីទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) កាលពីថ្ងៃទី ១៩ តុលា ដើម្បីចាប់ផ្តើមបេសកកម្មរយៈពេលបួនខែ រួមជាមួយអ្នកអវកាសរុស្ស៊ីពីរនាក់ផ្សេងទៀត។
អវកាសយានិកអាមេរិកធ្លាប់បានបោះឆ្នោតតាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ គឺនៅក្រោមច្បាប់រដ្ឋតិចសាស់។ អវកាសយានិកជនជាតិអាមេរិកដំបូងគេបង្អស់ ដែលបានបោះឆ្នោតនៅឋានអវកាសនោះមានឈ្មោះថា David Wolf ដែលបានយកសន្លឹកឆ្នោតរបស់លោកទម្លាក់ពីស្ថានីយ៍អវកាសរុស្ស៊ី Mir មកភពផែនដី។
ចំណែកអ្នកអវកាសជនជាតិអាមេរិកដំបូងគេ ដែលបានបោះឆ្នោតជ្រើសរើសប្រធានាធិបតីពីលំហអាកាសកាលពីឆ្នាំ ២០០៤ ដែលនោះ មានឈ្មោះថា Leroy Chiao ៕ប្រភពពីCNA