ភ្នំពេញ៖ ប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក គុនហេ ដែលកំពុងមានរឿងអាស្រូវ ត្រូវបានរាយការណ៍មកថា លោកស្រី នឹងទៅជួបសម្ដែងការគួរសម ជាមួយប្រធានរដ្ឋសភា មេដឹកនាំគណបក្សប្រឆាំងនៅថ្ងៃអង្គារ៍នេះ ចំពេលរឿងអាស្រូវរបស់លោកស្រី នៅតែតានតឹង។
តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia លោកស្រី ទៅកាន់រដ្ឋសភានៅថ្ងៃនេះ មុនពេលលោកស្រី សុំការតែងតាំងនាយករដ្ឋមន្ដ្រីថ្មីមួយរូប ជំនួសនាយករដ្ឋមន្ដ្រីដែលលោកស្រី បានដកហូតពីតំណែងកាលពីសប្ដាហ៍មុន។
ករណីនេះ ក្រុមគណបក្សប្រឆាំងបានទាមទារឱ្យលោកស្រី ប៉ាក គុនហេ រើចោលការតែងតាំងសមាសភាព និងគណៈរដ្ឋមន្ដ្រីណា ដែលក្រុមប្រឆាំងចាត់ទុកថាធ្វើឡើងដោយការអត្តនោម័តិ
។
លោកស្រី ប៉ាក គុនហេ ធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំងរយៈពេលចុងក្រោយនេះ ដោយសារតែលោកស្រី មានរឿងអាស្រូវជាមួយនិងមិត្តភក្ដិម្នាក់របស់លោកស្រី ដែលត្រូវបានចោទថាប្រើប្រាស់ឥទ្ធិពលដើម្បី អង្គាសប្រាក់មូលនិធិ មួយមិនស្របច្បាប់។
ករណីនេះនាំអោយរដ្ឋអាជ្ញាក្រុងសេអ៊ូល ចាប់ខ្លួនយ៉ាងតិចមនុស្សស្និទនឹងលោកស្រី ៣រូប។លោកស្រី ប៉ាក គុនហេ ក៏ប្រឈមមុខនឹងការទាមទារឱ្យចុះចេញពីតំណែងផងដែរ៕ ប្រភព CNA