ក្រុងបាងកក ៖ នៅថ្ងៃច័ន្ទទី ០៧ វិច្ឆិកានេះ គណៈកម្មាធិការស្រូវអង្ករថៃ បានប្រកាសពីគម្រោងប្រាក់កម្ចីថ្មីជួយដល់ប្រជាកសិករថៃ សម្រាប់ការស្តុកអង្ករសែនក្រអូប និងអង្ករផ្កាម្លិះ ដើម្បីជួយដល់កសិករដែលជួបការលំបាក ខណៈប្រភេទទាំងពីរខាងលើកំពុងធ្លាក់ថ្លៃទាប។

តាមបណ្តាញផ្សាយព័ត៌មាន Channel News Asia បានឱ្យដឹងថា កសិករថៃនឹងទទួលបានប្រាក់កម្ចី ១៥០០០ បាត ឬ(ស្មើនឹង ៤២៨.៣៣ ដុល្លារ) សម្រាប់កសិករណាដែលមានស្រូវផ្កាម្លិះក្នុងជង្រុកមួយតោន។
ចំណែកកសិករណាដែលបានរក្សាទុកប្រភេទអង្ករសែនក្រអូបវិញ គឺអាចទទួលប្រាក់កម្ចីបាន ១១ ៣០០ បាត ឬស្មើនឹង(៣២២.៦៧ ដុល្លារ) ក្នុងអង្ករមួយតោន។
យ៉ាងណាមិញគណៈកម្មាធិការនេះ មិនទាន់បានប្រកាសពីថវិកាសរុបសម្រាប់គម្រោងថ្មីនេះនៅឡើយទេ។
នយោបាយស្រូវអង្ករក្នុងប្រទេសថៃ កំពុងក្លាយជាសមរភូមិប្រយុទ្ធរវាងរបបយោធាថ្មីដែលកាន់អំណាចនិងគណបក្សប្រឆាំងផងដែរ ដើម្បីទាក់ ទាញការគាំទ្រពីសំណាក់ពលរដ្ឋថៃ ចំពេលដែលប្រជាកសិករកំពុងកើតក្តីព្រួយបារម្ភ ថាអាចជាចំណុចចាប់ផ្តើមនៃជម្លោះមុនការបោះឆ្នោតឆ្នាំ ២០១៧ មកដល់៕ប្រភព៖CNA