ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សពលោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រី និងជាអ្នកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកំពង់ស្ពឺ ត្រូវបានដង្ហែចេញពីវត្ត នួនមណីរាម ហៅវត្តថាន់ ទៅបូជាតាមប្រពៃណីព្រះពុទ្ធសាសនា នៅឈាបនដ្ឋាន ក្នុងវត្តឫស្សីសាញ់ ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នៅខណៈនេះមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិកំពុងថ្លែងវិយោគកថា ពីវីរភាពរបស់លោក ប៉ែន សុវណ្ណ និងកំពុងដំណើរការពិធីបូជាសពលោកនៅព្រឹកថ្ងៃទី០៦វិច្ឆិកានេះ។ តែយ៉ាងណាពិធីបូជាសពបានរអាក់រអួលបន្តិចបន្តួចព្រោះអាកាសធាតុមិនអំណោយផល។
សពលោក ប៉ែន សុវណ្ណ អតីតជានាយករដ្ឋមន្ដ្រីដំបូងគេ នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវក្រុមគ្រួសារ ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានដង្ហែសព លោកនៅខេត្តតាកែវ ឆ្ពោះមកតម្កល់នៅវត្ត នួន មុនីរាម ហៅ វត្តថាន់ ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែ វិច្ឆិកា។
លោក ប៉ែន សុវណ្ណ បានទទួលមរណភាពនៅវេលាម៉ោង ៧ និង ១៥ នាទី កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៦ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជម្ងឺដាច់សរសៃឈាម ក្នុងខួរក្បាល៕