loader

​ក្រសួងការបរទេស​៖​តំណាង​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​ UN​ នៅ​កម្ពុជា​ រំលោភ​ដែន​កំណត់​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​🔊

​ភ្នំពេញ​៖​រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ លោក​ប្រាក់​ សុ​ខុន បាន​លើក​ឡើង​ថា​ លោកស្រី​ វ៉ា​ន់​ ហេ​លី​ តំណាង​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​បាន​រំលោភ​ដែន​កំណត់​នៃ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​។​ លោក​ប្រាក់​ សុ​ខុន​ លើក​ឡើង​ដូចនេះ​បន្ទាប់​ពី​តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពន្យល់​ជា​បន្ទាន់​ពាក់ព័ន្ធ​ការ​ហាមឃាត់​ ប្រធាន​គណបក្សប្រឆាំង​លោក​ សម​ រ​ង្ស៊ី​ មិន​ឱ្យ​វិល​ត្រឡប់​ចូល​ស្រុក​វិញ​។​ប៉ុន្តែ​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​យល់​ថា​ ការ​ទាមទារ​របស់​លោកស្រី​ វ៉ា​ន់​ ហេ​លី​ មិនមែន​ជា​ការ​រំលោភ​លើ​ធម្មនុញ្ញ​ ឬ​ជ្រៀតជ្រែក​កិច្ច​ផ្ទៃក្នុង​កម្ពុជា​នោះ​ទេ​។​

លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​
លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

​លិខិត​របស់​លោក​ ប្រាក់​ សុ​ខុន​ ដែល​បាន​ផ្ញើ​ជូន​លោកស្រី​ វាន់​ ហេ​លី​ តំណាង​កា​រិ​យា​​ល័យឧត្តម ស្នងការ​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​ ប្រចាំ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​០៤​ វិច្ឆិកា​ម្សិលមិញ​  បាន​បញ្ជាក់​ថា​ ចំពោះ​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ពន្យល់​ជា​បន្ទាន់​ និង​សម្តែង​នូវ​ទស្សន​លំអៀង​លើ​ការ​ពន្យល់​របស់​រដ្ឋាភិបាល​កម្ពុជា​ ពាក់ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​វិល​ត្រឡប់​របស់​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ គឺជា​ការ​ធ្វើ​ហួស​ដែន​កំណត់​នៃ​ធម្មនុញ្ញ​អង្គការ សហ ប្រជាជាតិ​ ត្រង់​មាត្រា​២​ កថាខណ្ឌ​ ៧​ ដែល​បញ្ជាក់​ពី​ការ​គោរព​អធិបតេយ្យ​ និង​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃ​ប្រទេស​សមាជិក​។​

​លិខិត​ដដែល​នេះ​ក៏​បញ្ជាក់​ផង​ដែល​ថា​ ការ​អធិប្បាយ​របស់​ស្រី​ វ៉ា​ន់​ ហេ​លី​ ក៏​រំលោភ​ទៅ​លើ​អនុសញ្ញា​ទីក្រុង​វ្យែ​ន​ ស្តី​ពី​ទំនាក់ទំនង​ការទូត​ ឆ្នាំ​១៩៦១​ ផង​ដែរ​ ដែល​ត្រង់​ចំនុច​នោះ​តម្រូវ​ឲ្យ​រាល់​ទំនាក់ទំនង​ផ្លូវការ​ជាមួយនឹង​រដ្ឋាភិបាល​ ត្រូវធ្វើ​ជាមួយ​ ឬ​តាម​រយៈ​ក្រសួង​ការ​បទេស​ ឬ​ស្ថាប័ន​ផ្សេងៗ​ មិនមែន​តាម​ប្រព័ន្ធ​សារព័ត៌មាន​ទេ​។​

​ក្នុង​លិខិត​នេះ​ដែរ​ លោក​ប្រាក់​ សុ​ខុន​ បាន​បង្ហាញ​ការ​សោកស្តាយ​ជា​ខ្លាំង​ ខណៈ​ដែល​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ បាន​បដិសេធ​យ៉ាង​ច្បាស់​ពុំ​ព្រម​និយាយ​យោង​ដល់​ការ​គោរព​អធិបតេយ្យ​កម្ពុជា​ ដោយ​តំណាង​របស់​កា​រិ​យា​នេះ​នៅ​តែ​បន្ត​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ដដែល​។​

​លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា​ អនុស្សរណៈ​នៃ​ការ​យោគយល់​របស់​រដ្ឋាភិបាល​កម្ពុជា​ និង​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​បាន​អស់​សុពល​ហើយ​ ដូច្នេះ​កិច្ច​ប្រតិបត្តិការ​ និង​សកម្មភាព​ការងារ​នានា​ បច្ចុប្បន្ន​របស់​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​ រួម​ទាំង​តំណាង​អង្គការ​នេះ​មិន​មាន​លក្ខណៈ​ស្របច្បាប់​ទេ​។​

​ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ​ លោក​ ចាន់​ វិបុល​ អ្នក​តាមដាន​បញ្ហា​សង្គម​កម្ពុជា​ យល់​ថា​ ការ​លើក​ឡើង​របស់​ស្រី​វ៉ា​ន់​ ហេ​លី​ មិន​បាន​រំលោភ​ទៅ​លើ​ធម្មនុញ្ញ​ ឬ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​គឺ​អង្គការសហប្រជាជាតិ​ចង់​ដោះស្រាយ​ ឬ​សម្របសម្រួល​បញ្ហា​នយោបាយ​កម្ពុជា​ នៅ​ពេល​ដែល​អ្នកនយោបាយ​ឈ្លោះ​គ្នា​។​

លោកស្រី វ៉ាន់ ហេលី  តំណាង​កា​រិ​យា​​ល័យ​ ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​ អង្គការសហ ប្រជាជាតិ​ ប្រចាំ​នៅ​កម្ពុជា រូបខាងស្ដាំ
លោកស្រី វ៉ាន់ ហេលី តំណាង​កា​រិ​យា​​ល័យ​ ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​ អង្គការសហ ប្រជាជាតិ​ ប្រចាំ​នៅ​កម្ពុជា រូបខាងស្ដាំ

​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Cambodia​ Daily​កាលពី​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៦​   លោកស្រី​ វ៉ា​ន​ ហេ​លី​ ​បាន​លើក​ឡើង​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និក​ថា​៖«​សេចក្ដីសម្រេច​បិទ​ច្រក​មិន​ឱ្យ​លោក​ សម​ រ​ង្ស៊ី​ ចូល​ប្រទេស​កម្ពុជា​ វិញ​ដែល​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ គ្មាន​ធាតុ​ផ្សំ​ណាមួយ​ដែល​អាច​ឱ្យ​វាយ តម្លៃ​បាន​ថា​វា​សម​ហេតុផល​ឡើយ​ ពោល​គឺ​វា​បង្ហាញ​ថា​ សេចក្ដីសម្រេច​នេះ​គ្មាន​ហេតុផល​ និង​ធ្វើ​ឡើង​តាម​អំពើ​ចិត្ត​»​។

​បើ​តាម​ការ​សែត​នេះ​ដដែល​ លោកស្រី​បន្ត​ថា​ សេចក្ដីសម្រេច​នេះ​ចាំបាច់​ត្រូវ​មានការ​បកស្រាយ​ជា​បន្ទាន់​ ​ទោះបីជា​ឱកាស​ សម្រាប់​ការ​បកស្រាយ​ណាមួយ​ ដែល​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​សហ ប្រជាជាតិ​មានការ​ពេញចិត្ត​តិចតួច​ ​ឬ​ក៏​ត្រូវ​បាន​បដិសេធ​ក្ដី​។

​លោកស្រី​លើក​ឡើង​បន្ថែម​ថា​ គ្មាន​ករណី​ណាមួយ​ដែល​អាច​ដកហូត​សិទ្ធិ​របស់​បុគ្គល​ណា​ម្នាក់​ក្នុង​ការ​ចូល​ប្រទេស​របស់​ខ្លួន​បាន​ឡើយ​។​ ទោះជា​យ៉ាងណា​ ការ​រឹត​បន្តឹង​មួយ​ចំនួន​អាច​ធ្វើ​ទៅ​បាន​ ប៉ុន្តែ​វា​គួរតែ​សម​ហេតុផល​ក្នុង​កាលៈទេសៈ​ណាមួយ​ ហើយ​មិន​ត្រូវ​ដាក់​ការ​រឹត​បន្តឹង​ទាំងនោះ​តាម​អំពើ​ចិត្ត​នោះ​ទេ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x