en     km
en     km

ឥណ្ឌូ​នេ​ស៊ី​ ៖​ ស្លាប់​ម្នាក់​ និង​រង​របួស​ ៧​ នាក់​ក្នុង​ហេតុការណ៍​បាតុកម្ម​ទម្លាក់​អភិបាល​រដ្ឋធានី​ហ្សា​កា​តា​

Share

​ហ្សា​កា​តា​ ៖​ យ៉ាងតិច​មនុស្ស​ម្នាក់​ស្លាប់​ និង​ ៧​នាក់​ផ្សេង​ទៀត​រង​របួស​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​មួយ​រវាង​ប៉ូលិស​ ជាមួយ​ក្រុម​អ្នក​តវ៉ា​ដែល​ទាមទារ​ទម្លាក់​អភិបាល​រដ្ឋធានី​ហ្សា​កា​តា​ នៅ​ទីក្រុង​ហ្សា​កា​តា​នា​រាត្រី​ថ្ងៃ​សុក្រ​ ទី​ ០៤​ ខែវិច្ឆិកា​នេះ​ ។​

ក្រុមអ្នកតវ៉ារាប់ម៉ឺននាក់ប្រផ្តុំគ្នាតវ៉ាទម្លាក់អភិបាលក្រុងហ្សាកាតា។រូបភាពReuters
ក្រុមអ្នកតវ៉ារាប់ម៉ឺននាក់ប្រផ្តុំគ្នាតវ៉ាទម្លាក់អភិបាលក្រុងហ្សាកាតា។រូបភាពReuters

​បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់​ ដែល​ទំនង​បណ្តាល​មក​ពី​មូលហេតុ​ប៉ះពាល់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដែល​ប៉ូ​លី​សបាន​បាញ់​ដើម្បី​បង្ក្រាប់​បាតុកម្ម​នោះ​។​ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​ហ្សា​កា​តា​បញ្ជាក់​។​

​អ្នកនាំពាក្យ​រូប​នេះ​បន្ថែម​ថា​ ជន​ស៊ី​វិល​បួន​នាក់​ និង​ ប៉ូ​លី​ស​បី​នាក់​បាន​រង​របួស​។​ ​ប៉ូ​លី​ស​ឥណ្ឌូ​នេ​ស៊ី​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ និង​បាន​បាញ់​ទឹក​ដើម្បី​បំបែក​ក្រុម​អ្នក​តវ៉ា​មូ​ស្លី​ម​ប្រកាន់​ខ្សែ​តឹង​ កាលពី​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ បន្ទាប់​ពី​ការ​ជួបជុំ​ដោយ​សន្តិវិធី​ហើយ​បាន​ប្រែ​ទៅ​ជា​ភាព​វឹកវរ​វិញ​។​
​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​ទាមទារ​ឱ្យ​អភិបាល​រដ្ឋធានី​ហ្សា​កា​តា​ដែល​ជា​គ្រឹះ​សាសនិក​ឱ្យ​លាលែង​ពី​តំណែង​ ព្រោះ​អភិបាល​រដ្ឋធានី​រូប​នេះ​ បាន​ប្រមាថ​គម្ពីរ​កូ​រ៉ា​ន​ដែល​ជា​គម្ពីរ​របស់​សាសនា​ម៉ូ​ស្លី​ម​។​

​សាក្សី​ក្នុង​ហេតុការណ៍​បាន​ប្រាប់​ទីភ្នាក់ងារ​រ៉​យ​ទ័​រ​(Reuters)​ថា​ ពួក​គេ​បានឃើញ​រថយន្ត​បាញ់​ទឹក​យ៉ាងតិច​ណាស់​ចំនួន​ប្រាំ​គ្រឿង​ ដាក់​តំរៀប​គ្នា​នៅ​ខាង​មុខ​វិមាន​ប្រធានាធិបតី​។​ សេចក្តីរាយការណ៍​មួយ​ចំនួន​បានឱ្យ​ដឹង​ថា​ រថយន្ត​បាញ់​ទឹក​ត្រូវ​បាន​គេ​ដុត​។​ ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ក៏​បាន​បង្ហាញ​រូបភាព​នៃ​ការ​ឆេះ​រថយន្ត​នេះ​ដោយ​មាន​ផ្សែង​ខ្មៅ​ក្រាស់​ នៅ​ជិត​ទៅ​វិមាន​ប្រ​ធានា​ធិ​តី​ផង​ដែរ​ ។

រូបភាពរថយន្តបាញ់ទឹករបស់ប៉ូលីសឆេះនៅទីក្រុងហ្សាកាតា។រូបភាពReuters
រូបភាពរថយន្តបាញ់ទឹករបស់ប៉ូលីសឆេះនៅទីក្រុងហ្សាកាតា។រូបភាពReuters

​តាម​រយៈ​រូបភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ បាន​បង្ហាញ​រូបភាព​ក្រុម​អ្នក​តវ៉ា​ត្រូវ​គ្រប​មុខ​របស់​ពួក​គេ​ និង​ព្យាយាម​ដើម្បី​ផ្លាស់​ទី​ចេញពី​ឧស្ម័ន​បង្ហូរទឹកភ្នែក​របស់​ប៉ូ​លី​ស​ ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​បាន​គប់​ដប​ទឹក​ប្លា​ស្ទិ​ច​ និង​វត្ថុ​ផ្សេង​ទៀត​ទៅ​កាន់​មន្ត្រី​ប៉ូលិស​ដែល​បាន​ធ្វើ​ជា​របាំង​ព័ទ្ធ​ពួក​គេ​នោះ​។​

​សូម​បញ្ជាក់​ថា​ កម្លាំង​សន្តិសុខ​ត្រូវ​បាន​ដាក់​ពង្រាយ​ប្រមាណ​ ២​ម៉ឺន​នាក់​ ដើម្បី​ទប់ទល់​នឹង​ការ​តវ៉ា​នេះ​។​ ប៉ូលិស​បាន​រាយការណ៍​មក​ថា​ ក្រុម​អ្នក​តវ៉ា​មាន​គ្នា​ប្រមាណ​ ៥​ម៉ឺន​នាក់​ នៅ​ក្នុង​រង្វង់​នៃ​ការ​ប្រមូលផ្តុំ​គ្នា​នោះ​៕​

ប្រភព​៖CNA

Share

Image
Image
Image