ភ្នំពេញ៖ ស្របពេលតុលាការ ប្រកាសទាត់ចោល បណ្ដឹងសារទុក្ខរបស់លោកកឹមសុខា ដែល ប្ដឹងមោឃភាព នីតិវិធីរបស់តុលាការរាជធានីភ្នំពេញ គឺនៅពេលតែមួយ នៅព្រឹកថ្ងៃសុក្រទី៤វិចិ្ឆការនេះ សាលាឧទ្ធរណ៍ក៏បានសម្រេចតម្កល់សាលក្រមសាលាដំបូងទុកជាបានការដដែល។
តុលាការ រាជធានីភ្នំពេញបានកាលពីខែមុននេះ បានផ្ដន្ទាទោស មេបក្សប្រឆាំងរូបនេះ ឲ្យជាប់ពន្ធនាគាររយៈពេល ៥ ខែ ក្រោមបទចោទ ប្រឆាំងអំណាចតុលាការ ដែល លោក កឹម សុខា បដិសេធមិនចូលខ្លួន តាមដីកាកោះ ។
លោក ហែម សុជាតិ មេធាវីការពារក្ដីឲ្យលោក កឹម សុខា ចាត់ទុកសេចក្តីសម្រេចរបស់ប្រធានស៊ើបសួរនៃសាលាឧទ្ធរណ៍ ថាបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិកូនក្ដីរបស់លោកជាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា។ លោកមេធាវីយល់ថា ករណីកូនក្តីរបស់លោកគឺជារឿងនយោបាយ។ តែយ៉ាងណា លោកមេធាវី នឹង ប្ដឹងសាទុក្ខទៅតុលាការកំពូលនៅចុងខែវិច្ឆិកានេះ។
តុលាការក្រុងភ្នំពេញ ចោទប្រកាន់ លោក កឹម សុខា ពីបទបដិសេធមិនចូលខ្លួនក្នុងនាមជាសាក្សី ក្នុងសំណុំរឿងសញ្ចារកម្មទាក់ទងនឹងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដោយតុលាការសម្រេចផ្ដន្ទាទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគារ ៥ខែ និងពិន័យជាប្រាក់ ៨ សែនរៀល កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៦។
សូមជម្រាបថា ស្របពេល សាលាឧទ្ធរណ៍ សម្រេចទាត់ចោល ការសុំផ្ដល់យុត្តិធម៌ ពីលោក កឹម សុខា តុលាការ កំពូល ដែលនៅក្បែរសាលាឧទ្ធរណ៍ ក៏បាន សម្រេចរឿងក្ដីលោ កឹម សុខា ដូចនេះដែរ គឺច្រានចោល បណ្ដឹងមោឃភាព នីតិវិធី ដែលក្រុមមេធាវីលោកកឹមសុខាបានប្ដឹង។ ប្រព័ន្ធតុលាការកម្ពុជា ត្រូវបាន សហគមន៍អន្តរជាតិ និងអ្នកសង្កេតការណ៍មួយចំនួន រួមទាំងបក្សប្រឆាំងចាត់ទុក ថា មិនទាន់ភាពឯករាជ្យ និងអព្យាក្រឹត្យឡើយ ៕