ភ្នំពេញ៖ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសគាំទ្រ លោកដូណាល់ត្រាំ មហាសេដ្ឋីអចលនទ្រព្យនៅសហរដ្ឋអាមេរិក ជាបេក្ខជនកំពុងប្រកួតប្រជែងតំណែងប្រធានាធិបតីជាមួយលោកស្រី ហ៊ីលឡារី គ្លីនតុន លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានរិះគន់ខ្លាំងៗទៅលើសម្តេច ហើយចាត់ទុកថា លោកត្រាំ និងសម្តេចមានអត្តចរិកស្រដៀងគ្នា ដែលជាមនុស្សមានចរិកផ្តាច់ការ។ តែអ្នកនាំពាក្យគណបក្សកាន់អំណាចចាត់ទុកថាជារឿងធម្មតា ដែលគណបក្សប្រឆាំងតែងរិះគន់មកលើសម្ដេច។ កញ្ញា ឆេង ណាតា រាយការណ៍៖
ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានប្រៀបប្រដូច សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅនឹងលោកដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីអាមេរិក ថាអ្នកទាំង២ជាមនុស្សដែលមានចរិកស្រដៀងគ្នា។
មេបក្សប្រឆាំងរូបនេះបន្តថាលោកត្រាំជឿជាក់ទៅលើអំណាចផ្តាច់ការ របស់លុយ ហើយសម្តេច ហ៊ុន សែន ហាក់ជឿជាក់លើ អំណាចផ្តាច់ការ របស់កាំភ្លើងបូករួមជាមួយនិងលុយ។
លោក សម រង្ស៊ី លើកឡើងដូចនេះ បន្ទាប់ពីសម្តេច ហ៊ុន សែន កាលពីថ្ងៃទី០៣ វិច្ឆិកា ម្សិលមិញចង់ឱ្យ លោកដូណាល់ត្រាំ ឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធាធិបតីសហរដ្ឋអាមេរិក នៅសប្ដាហ៍ក្រោយនេះ។
តាមរយៈកាសែត Cambodia Daily លោក សម រង្ស៊ី បានលើកឡើងថា លោកត្រាំ មានអត្តចរិកច្រឡោត និងឆេវឆាវ ដែលអាច មានគ្រោះថ្នាក់ចំពោះ សន្តិភាពពិភពលោក។ ចំណែក សម្តេច ហ៊ុន សែន វិញ មេបក្សប្រឆាំងនិរទេសខ្លួន រូបនេះ ថាក៏មានចរិក ដូច លោកត្រាំដែរ ដែលលោកថា លោកត្រាំ និងសម្តេច ពិតជាមិនមែនអ្នកប្រជាធិបតេយ្យនោះទេ។
តែទន្ទឹមនឹងនេះមេដឹកនាំគណបក្សប្រឆាំងក៏បានបង្ហាញជំហរគាំទ្រ លោកស្រី គ្លិនតុន យ៉ាងពេញទំហឹង។ លោកថា លោកស្រីគ្លីនតុន មានការអប់រំខ្ពស់ជាងលោកត្រាំ មានចិត្តទូលាយជាង ប្រកបដោយបរិយាប័នជាង ហើយ លោកស្រី គ្លីនតុន ហាក់មានការយកចិត្តទុកដាក់ខ្លាំងជាងទៅលើសន្តិសុខសង្គម។
ទាក់ទិននឹងការរិះគន់សម្តេច ហ៊ុន សែន ពីសំណាក់មេដឹកនាំគណបក្សប្រឆាំង លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់នេះជារឿងធម្មតាទៅហើយ សម្រាប់គណបក្សប្រឆាំងដែលតែងតែធ្វើការវាយមកលើគណបក្សកាន់អំណាច។ លោកបន្តថា លោក សម រង្ស៊ី មិនមែនទើបតែវាយប្រហារទៅលើសម្តេច ហ៊ុន សែន ម្តងនេះទេ។
លោកសុខ ឥសាន៖«វាប៉ះពាល់ហើយក៏ប៉ុន្តែយើងមិនចាប់អារម្មណ៍អីទេ ពីព្រោះគាត់តាំងខ្លួនជាអ្នកប្រឆាំងហើយ គាត់តែងតែនិយាយអាក្រក់ពីបក្សកាន់អំណាចហ្នឹងឯង»។
ថ្លែងកាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ក្នុងពេលអញ្ជើញធ្វើ បឋកថាស្តីពី ការដឹកនាំបញ្ជា កម្លាំង សភាពការណ៍ជាតិ អន្តរជាតិ និងបញ្ហាផ្សេងៗ នៅបណ្ឌិតសភានគរបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាបើលោកត្រាំ ជាប់ឆ្នោត ពិភពលោកនឹងប្រែប្រួលទៅល្អប្រសើរ ដោយគ្មានសង្គ្រាម ព្រោះលោក ដូណាល់ត្រាំ ជាពាណិជ្ជករ។ ប៉ុន្តែប្រសិនបើលោកស្រី ហ៊ីលឡារី គ្លីនតុន ជាប់ឆ្នោតជាប្រធានាធិបតីវិញ ពិភពលោកអាចនឹងមានសង្គ្រាម។
សម្ដេចបន្តថា បើលោកស្រី គ្លីនតុន ជាប់ឆ្នោត ទំនាក់ទំនងអាមេរិក និងរុស្ស៊ី គ្មានភាពល្អប្រសើរ ផ្ទុយទៅវិញ បើលោកត្រាំ ជាប់ឆ្នោត ទំនាក់ទំនង រុស្ស៊ី និងអាមេរិក នឹងក្លាយជាមិត្តយ៉ាងល្អ។
ប្រជាជនអាមេរិកនឹងបោះឆ្នោតជ្រើសរើស ប្រធានាធិបតី លើកទី៤៥ អាណត្តិទី៧៦ នៅថ្ងៃទី៨វិច្ឆិកា ដោយបេក្ខជន ២ រូបនេះ គឺលោកស្រី ហ៊ីលឡារី គ្លិនតុន និង លោកដូណាល់ត្រាំ ។
តាមការស្ទង់មតិថ្នាក់ជាតិ ដោយ បណ្ដាញផ្សាយព័ត៌មាន CNN បេក្ខជន ទាំង២រូបនេះ មាន ប្រជាប្រិយភាព ប្រកៀកគ្នា យ៉ាងខ្លាំង៕