ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុក របស់លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដែលបង្ហោះនៅថ្ងៃទី ០៤ វិច្ឆិកា នេះថា លោកស្រីឯកអគ្គរាជទូតអូស្ដ្រាលី Angela Corcoran មានប្រសាសន៍ថា ប្រទេសអូស្ត្រាលីចង់ឃើញ ប្រទេសកម្ពុជាមានការបោះឆ្នោតដោយសេរី និងយុតិ្តធម៌។
បែបនេះក្ដីមន្ដ្រីបក្សកាន់អំណាចបដិសេធការលើកឡើងខាងលើនេះ ដោយបញ្ជាក់ថា ការបោះឆ្នោតនាពេលខាងមុខ អវត្ដមានបក្សមួយគឺនៅមានបក្សជាច្រើនទៀត។ តែអ្នកតាមដានកិច្ចការសង្គម គាំទ្រ ការព្រួយបារម្ភរបស់អ្នកការទូតអូស្ត្រាលី រូបនេះ។ លោក លៀ ស៊ីណា រាយការណ៍៖
ឯកអគ្គរាជទូតអូស្ដ្រាលីលោកស្រី Angela Corcoran បានថ្លែងដូចនេះគឺក្នុងជំនួបមួយរវាងលោកស្រីនឹងក្រុមសភាមិត្តភាពកម្ពុជា-អូស្ត្រាលី នៅថ្ងៃទី ០៤ វិច្ឆិកា ២០១៦។ នេះមិនមែនជាលើកទីមួយទេ ដែលប្រទេសជាមិត្ដរបស់កម្ពុជាបង្ហាញក្ដីព្រួយបារម្ភពីការបោះឆ្នោតនាពេលខាងមុខថា អាចនឹងមិនមាន ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្ដិធម៌គឺមានអាមេរិក អាល្លឺម៉ង សហភាពអឺរ៉ុប និងអង្កការសហប្រជាជាតិផងដែរ ។
លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្ដរជាតិ យល់ថា ប្រសិនបើការបោះឆ្នោតនាពេលខាងមុខអវត្ដមានមេដឹកនាំបក្សណាមួយ នោះនឹងធ្វើឲ្យមានភាពមិនចុះសម្រុងគ្នា ហើយចៀសមិនផុតពីការប្រឈមមុខដាក់គ្នា បង្កជាវិបត្ដិដូចការបោះឆ្នោតអាណត្តិមុនៗដែរ។ លោកបន្ដថា កាលណាការបោះឆ្នោតមានភាពមិនចុះសម្រុងគ្នាពីគ្រប់ភាគីគណបក្សនយោបាយទាំងអស់គឺការបោះឆ្នោតនោះ មិនមានន័យអ្វីឡើយ ហើយមិនតែប៉ុណ្ណោះ ប្រទេសនឹងជួបវិបត្ដិជាប់គាំនយោបាយ ហើយខាតបង់ប្រយោជន៍ជាច្រើន។
លោក ឡុង គឹមឃន៖«ខ្ញុំយល់ថា គាត់បានសំឡឹងទុករួចហើយថា ប្រសិនបើមិនមានការបោះឆ្នោតដោយត្រឹមត្រូវទេ នោះជម្លោះនយោបាយនឹងកើតឡើង ដូច្នេះហើយបានជាគាត់លើកឡើងឲ្យមានការចូលរួមនិងគណបក្សនយោបាយឲ្យបានស្មើភាពគ្នា»។
ឆ្លើយតបការលើកឡើងនេះអ្នកនាំពាក្យបក្សកាន់អំណាចលោក សុខ ឥសាន្ដ មានប្រសាសន៍ថា គេមិនត្រូវការយកទណ្ឌិតមកឲ្យឈរឈ្មោះបោះឆ្នោត ឬមកចូលរួមបោះឆ្នោត ព្រោះបើជាប់ជាទណ្ឌិតហើយគឺបានន័យថា អស់សិទ្ធិជាពលរដ្ឋហើយ។ លោកបន្ដថា ទោះគ្មានវត្ដមានមេក្សប្រឆាំងមួយ ក៏កម្ពុជាអាចធ្វើការបោះឆ្នោតបានដែរ ព្រោះកម្ពុជាប្រកាន់របបប្រជាធិបតេយ្យ សិរីពហុបក្ស។
លោក សុខ ឥសាន្ដ៖«ខ្ញុំជឿជាក់ថា ក្នុងការបោះឆ្នោតនាពេលខាងមុខ មានគណបក្សនយោបាយយ៉ាងតិចក៏ជិត ១០ ឬក៏លើសដល់ជាង ១០ដែរ ដូច្នេះអវត្ដមានបក្សមួយក៏អត់មានបញ្ហាអ្វីដែរ មិនមែនកម្ពុជាជាចំណាប់ខ្មាំងរបស់មេបក្សម្នាក់ឬគណបក្សមួយនោះទេ»។
ថ្វីបើអ្នកនាំពាក្យបក្សកាន់អំណាចអះអាងដូចនេះក្ដីប៉ុន្ដែអ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្ដរជាតិក្រើនរំលឹកថា រដ្ឋាភិបាលគួរពិចារណឲ្យបានច្បាស់លាស់រាល់មតិយោបល់របស់អន្ដរជាតិដែលផ្ដល់មកកម្ពុជា មុនពេល បដិសេធ ឬក៏ទាត់ចោលសំណើរទាំងនោះ។
លោក ឡុង គឹមឃន៖«ដំណោះស្រាយដែលល្អទាល់ តែហ៊ានទទួលស្គាល់ការពិតថា នយោបាយក្នុងប្រទេសកម្ពុជាគឺពិតជាមានបញ្ហាមែន ហើយព្យាយាមជជែកដើម្បីរកដំណោះស្រាយរួមគ្នា គោរពទៅតាមឆន្ទៈរបស់ពលរដ្ឋ ដោយធ្វើយ៉ាងណាដើរក្នុងផ្លូវដែលឈ្នះៗទាំងអស់គ្នា ដោយមិនត្រូវដើរក្នុងនយោបាយចង់កាច់បំបាក់គ្នានោះទេ»។
យ៉ាងណាក៏ដោយអ្នកនាំពាក្យបក្សកាន់អំណាចអះអាងថា កម្ពុជាគឺមានច្បាប់របស់កម្ពុជាហើយពេលនេះក៏កំពុងតែព្យាយាមអនុវត្ដន៍នីតិរដ្ឋឲ្យបានល្អប្រសើរ។ លោកបន្ដថា អន្ដរជាតិមិនគួរព្យាយាម មកកកូរកកាយកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ ដែលលោកថា អន្ដរជាតិកំពុងតែជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ដោយឡែកលោក សំ គន្ធាមី នាយកប្រតិបត្ដិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្ដិធម៍ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា NICFEC យល់ស្របការថ្លែងរបស់ឯកអគ្គរាជទូតអូស្ដ្រាលីលោកស្រី Angela Corcoran ដោយលោកពន្យល់ថា ការបោះឆ្នោតខាងមុខប្រសិនបើអវត្ដមានថ្នាក់ដឹកនាំគណបក្សណាមួយនោះលទ្ធផលបោះឆ្នោតគឺប្រាកដជា ពិបាកក្នុងការឲ្យអន្ដរជាតិទទួលស្គាល់ណាស់។
ជាងនេះលោកថា បើកាលណាអន្ដរជាតិមិនទទួលស្គាល់លទ្ធផលបោះឆ្នោតហើយ នោះកម្ពុជាច្បាស់ណាស់ថា គេចមិនផុតពីទណ្ឌកម្មណាមួយពីអន្ដរជាតិនោះទេ។
លោក សំ គន្ធាមី៖«ត្រង់ហ្នឹងហើយដែលនាំឲ្យមានការរិះគន់ច្រើន ព្រោះយើងអត់ធ្វើតាមប្រព័ន្ធវា អញ្ចឹងយើងនឹងជួបការលំបាកនៅក្នុងហសគមន៍អន្ដរជាតិ ជាពិសេសប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យជឿនលឿនដូចជា អូស្ដ្រាលី American UK EU អីជាដើម»។
សូមជម្រាបថា ប្រទសកម្ពុជានឹងមានព្រឹត្ដិការណ៍សំខាន់ចំនួនពីរ នាពេលខាងមុខនេះ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ខែ មិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតសភាអាណត្ដិទី ៦ ក្នុងឆ្នាំ ២០១៨ ដែលត្រូវបានអង្គការសង្គមស៊ីវិល និងអ្នកសង្កេតជាតិ អន្ដរជាតិរំពឹងថា គឺជាការប្រកួតប្រជែងដ៏ស្វិតស្វាញមួយដំណាក់កាលទៀតរវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សប្រឆាំង ដឹកនាំដោយ លោក សម រង្ស៊ី និង លោក កឹម សុខា៕