អង្គការទស្សនៈពិភពលោក រកឃើញថាប្រជាជនកម្ពុជាភាគច្រើន ជ្រើសរើសគោលដៅ មួយគឺ សន្ដិភាព យុត្តិធម៌ និងគុណភាពអប់រំ និងគ្មានភាពក្រីក្រ ជាចម្បង ក្នុងចំណោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ប្រទេសគឺជាជាងត្រូវការសុខភាពល្អនិងអនាម័យ។
ការបង្ហាញរបស់អង្គការទស្សនៈពិភពលោក ធ្វើឡើងតាមរយៈការស្ទង់មតិមួយជាមួយ ពលរដ្ឋខ្មែរជាង១២០០០នាក់ ដោយធ្វើឡើងនៅក្នុងអំឡុងខែឧសភា ដល់ខែកក្កដា ឆ្នាំ២០១៦ និងបានសាកសួរពលរដ្ឋក្នុង៩ខេត្ត និងរាជធានីភ្នំពេញ ថាតើគោលដៅណាខ្លះក្នុងចំណោមគោលដៅទាំង១៧នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs)។
បន្ទាប់ពីបានរៀបរាប់ ដោយសង្ខេបពីគោលដៅអភិវឌ្ឍន៍ទាំង១៧នេះរួច អ្នកចូលរួមត្រូវបានស្នើឲ្យបោះឆ្នោតជ្រើសរើសដោយស្ម័គ្រចិត្តនូវគោលដៅអាទិភាព ចំនួន៣ ក្នុងចំណោមគោលដៅទាំង១៧ គឺ គោលដៅទី១ ស្ដីពីគ្មានភាពក្រីក្រគោលដៅទី១៦ ស្ដីពី សន្ដិភាព និងយុត្ដិធម៌និងគោលដៅទី៤ ស្ដីពីគុណភាពអប់រំ។
គោលដៅទាំង៣នេះ ទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេបំផុត ដែលស្ថិតនៅជា អាទិភាពទី១ ទី២ និងទី៣ ។ ចំពោះគោលដៅ២ទៀត ស្ដីពី សុខភាពល្អ និងសុខុមាលភាពនិងគោលដៅ៦ ស្ដីពី៣ ទឹកស្អាតនិងអនាម័យ ត្រូវបានជ្រើសរើសជាគោលដៅអាទិភាពទី៤ និង៥។
តាមការស្ទង់មតិដែលមានការចូលរួម ពីប្រជាពលរដ្ឋមកពី ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ព្រះវិហារ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កណ្ដាល និងរាជធានីភ្នំពេញ សរុបចំនួន១២៦១៣នាក់ និងមានសមាសភាពចាប់ពីសិស្សានុសិស្ស កសិករ អ្នកនេសាទ រហូតដល់សាស្ត្រាចារ្យដែលពួកគាត់មានអាយុចាប់ពី៦ ដល់៨៧ឆ្នាំ ។
តាមសំដីរបស់លោក ស្ទីហ្វ យុគ ប្រធានផ្នែកតស៊ូមតិនៃអង្គការទស្សនៈពិភពលោក គឺ «គោលដៅអាទិភាពទាំងបីដែលត្រូវបានបោះឆ្នោតជ្រើសរើសច្រើនជាងគេនេះមិនមែនជាគោលដៅសាមញ្ញទេ។ការបញ្ចប់ភាពក្រីក្រ ការអប់រំប្រកបដោយគុណភាព ប្រទេសជាតិមានសន្ដិភាព និងយុត្ដិធម៌ ក៏បានបង្កប់និងបញ្ចូលនូវដំណើរការវឌ្ឍនភាពសំខាន់ៗ ដូចជាការលុបបំបាត់នូវរាល់ទម្រង់ទាំងអស់នៃហិង្សាលើកុមារ។ ការងារទាំងនេះ តម្រូវឲ្យមានការប្ដេជ្ញាចិត្តយ៉ាងមោះមុត និងការសម្របសម្រួលដ៏មានប្រសិទ្ធភាពរវាងក្រសួង ស្ថាប័នរដ្ឋាភិបាល ហើយក៏តម្រូវឲ្យមានការសម្របសម្រួល ជាមួយអង្គការសង្គមស៊ីវិលក្រុមប្រជាពលរដ្ឋ ព្រមទាំងស្ថាប័នអន្ដរជាតិផងដែរ»។
អង្គការទស្សនៈពិភពលោកជឿជាក់ថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំងនេះ ចាប់ផ្ដើមហើយនិងបញ្ចប់ទៅដោយមានកុមារគ្រប់រូបមានសុខភាពល្អ មានអាហារូបត្ថម្ភល្អ និងការអប់រំល្អ ព្រមទាំងចាកផុតទាំងស្រុងពីរាល់គ្រប់ទម្រង់ទាំងអស់នៃអំពើហិង្សាលើពួកគេ។ ចំណែកការលុបបំបបាត់ភាពក្រីក្រ គឺជាតួនាទីរបស់មនុស្សគ្រប់រូប។ មនុស្សគ្រប់រូបនៅគ្រប់ទីកន្លែងអាចរួមគ្នាលើកម្ពស់សមភាព និងជាប្រជាជនសកល ដើម្បីធ្វើឲ្យពិភពលោកនេះក្លាយជាកន្លែងដែលល្អប្រសើរជាងមុនសម្រាប់កុមារគ្រប់រូបទាំងអស់៕