ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់សវនាការពេញមួយព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លើសំណុំរឿង លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក កោ វណ្ឌី ចៅក្រមដឹកនាំសវនការនេះ បានសម្រេចលើកពេលប្រកាសសាលក្រម នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះវិញ។
លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃចន្ទ ទី០៤ ខែ មេសា ឆ្នាំ២០១៦ បន្ទាប់ពីគេរកឃើញថា លោកមានការពាក់ព័ន្ធភាពមិនប្រក្រតី ក្នុងការអនុវត្តការងារនៅប្រទេសកូរ៉េ ដោយមានលុយចាយរហូតដល់ជាង ៧លានដុល្លារអាមេរិក មានដី ១០កន្លែង មានត្បូង ៥០០គ្រាប់ និងមាសជិត ១៣ គីឡូក្រាម។
តុលាការបានសម្រេចចោទប្រកាន់ លោក ស៊ុត ឌីណា ចំនួន២បទល្មើស រួមមានបទកេងយកប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា៥៩៧ និង៥៩៨ នៃក្រមព្រហ្មទណ្ឌ និងបទរំលោភអំណាច តាមមាត្រា៣៥ ស្ដីពី ការប្រឆាំងអំពើពុករលួយ។
លោក ស៊ុត ឌីណា បានចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០០៩ និង ទទួលបានការតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកត្រូវបានរាជរដ្ឋាភិបាលតែងតាំង ឲ្យបំពេញការងារជាឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ២០១៤៕