ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងមួយដល់ ម្ចាស់សហគ្រាស និងគ្រឹះស្ថានទាំងអស់ ត្រូវអនុញ្ញាតឲ្យកម្មករ និយោជិត បានឈប់សម្រាកថ្ងៃបុណ្យអុំទូករយៈពេល ៤ថ្ងៃ ដោយមានប្រាក់ឈ្នូលផងដែរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងនេះដែលបានចុះផ្សាយ ជាសាធារណៈនៅថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៦។
សេចក្ដីជូនដំណឹងបន្ដទៀតថា ថ្ងៃឈប់សំរាកក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល ៤ថ្ងៃនេះគឺគិតចាប់ពីថ្ងៃទី ១៣-១៤-១៥ និងថ្ងៃទី ១៦ ដែលថ្ងៃទី ១៦ នេះ គឺឈប់ជំនួសថ្ងៃទី ១៣ ដែលត្រូវចំថ្ងៃ អាទិត្យ។
ក្រសួងការងារបានបញ្ជាក់ផងដែរថា ក្នុងករណីចាំបាច់បំផុត ដែលសហគ្រាស គ្រឹះស្ថាន មិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនបាន ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនេះ ម្ចាស់ឬ នាយកសហគ្រាស គ្រឹះស្ថាន ត្រូវសម្របសម្រួលជាមួយកម្មករនិយោជិត ឲ្យមានការស្ម័គ្រចិត្ដដោយគ្មានការបង្ខំ ហើយត្រូវបែងចែកឲ្យមានពេលវេលា និងថ្ងៃឈប់សម្រាកឲ្យបានសមស្រប។ បន្ថែមពីនេះ កម្មករនិយោជិតដែលធ្វើការ នៅថ្ងៃឈប់ក្នុងព្រះរាជពិធីនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គត់សំគាល់ថា អស់លោក លោកស្រី ដែលជាម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ប្រាកដជាអនុវត្ដតាមសេចក្ដីជូនដំណឹងនេះ ឲ្យបានល្អត្រឹមត្រូវជាក់ជា ពុំខាន៕