ភ្នំពេញ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិជាតិ លោក កឹម សុខា បានលើកឡើងថា ទោះបីជា លោកដូណាល់ត្រាំ ឬលោកស្រី ហ៊ីល ឡារីគ្លិនតុន ជាប់ឆ្នោតជាប្រធានាធិបតី នៃសហរដ្ឋអាមេរិក ក៏ដោយ តែសំខាន់កម្ពុជាគួរពង្រឹងសហប្រតិបត្តិការល្អជាមួយអាមេរិក។
លោកបន្តថាក្នុងនាមស្ថាប័នរដ្ឋ ក៏ដូចជាក្នុងនាមគណបក្សនយោបាយ គួរបន្ដកិច្ចសហប្រតិបត្ដិការជាមួយគ្នាឲ្យកាន់តែល្អប្រសើរឡើង ដើម្បីផលប្រយោជន៍ប្រទេស ប្រជាពលរដ្ឋខ្មែរ និងផលប្រយោជន៍ពិភពលោក។
លោក កឹម សុខា បានសរសេរ លើទំព័រហ្វេសប៊ុក របស់លោកទៀតថា៖ «ខ្ញុំយល់ឃើញថា សម្រាប់បុគ្គលម្នាក់ៗ ផ្ទាល់ខ្លួន យើងអាចបង្ហាញពីការគាំទ្រ ឬ មិនគាំទ្របេក្ខជនប្រធានាធិបតី ណាម្នាក់នៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំគាំទ្រនូវលទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋអាមេរិក»។
ការលើកឡើងរបស់មេដឹកនាំគណបក្សប្រឆាំង ផ្ទុយនឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចង់ឱ្យលោក ដូណាល់ត្រាំ ជាប់ឆ្នោតជាប្រធាធិបតីអាមេរិក ជាងលោកស្រីគ្លិនតុន។
សម្ដេចថា បើលោកត្រាំ ជាប់ឆ្នោតពិភពលោកនឹងប្រែប្រួលទៅល្អប្រសើរ ដោយគ្មានសង្គ្រាម ព្រោះលោក ដូណាល់ត្រាំ ជាពាណិជ្ជករ។
សម្ដេច ហ៊ុន សែន បានថ្លែងដូចនេះកាលពីព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកា ក្នុងពេលលោកអញ្ជើញធ្វើ បឋកថាស្តីពី ការដឹកនាំបញ្ជា កម្លាំង សភាពការណ៍ជាតិ អន្តរជាតិ និងបញ្ហាផ្សេងៗ នៅបណ្ឌិតសភានគរបាលកម្ពុជា។
សម្តេចថ្លែងថា៖« ប្រសិនបើលោកស្រី ហ៊ីលឡារី គ្លីនតុន ជាប់ឆ្នោតទំនាក់ទំនងអាមេរិក និងចិន អាចទ្រាំទ្របាន តែទំនាក់ទំនងអាមេរិក និងរុស្ស៊ី នឹងមានការលំបាក។ តែបើលោក ត្រាំ ឈ្នះឆ្នោតវិញ លោកត្រាំ អាចនឹងក្លាយជាមិត្តភក្តិជាមួយលោក ពូទីន ប្រធានាធិបតីរុស្ស៊ី»។
តាមការស្ទង់មតិ របស់បណ្ដាញផ្សាយព័ត៌មាន CNN លោក ដូណាល់ត្រាំ មានការគាំទ្រ តិចជាងលោកស្រី ហ៊ីលឡារី គ្លិនតុន មួយភាគរយ។ តែបើតាម BBC លោកដូណាល់ត្រាំ មានការគាំទ្រ តិចជាងលោក ស្រីគ្លិនតុន បីភាគរយ ។ យ៉ាងណាក៏ដោយការស្ទង់មតិ ABC បង្ហាញថាលោកដូណាល់ត្រាំ នាំមុខ ១ ភាគរយវិញ គឺ៤៦ ទល់ ៤៥៕