ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ជូនដំណឹងថានៅថ្ងៃទី ១១ ខែ វិច្ឆិកា សប្ដាហ៍ក្រោយនេះ គ.ជ.ប នឹងរៀបចំកិច្ចប្រជុំ មួយជាមួយ ភាគីពាក់ព័ន្ធស្ដីពីដំណើរចុះឈ្មោះបោះឆ្នោតដែលប្រព្រឹត្តទៅជិត ៣ខែមកនេះ។
តាមសេចក្ដីជូនដំណឹង របៀបវារៈមាន៣ គឺ៖
-ដំណើរការប្រព្រឹត្ដទៅនៃការចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់
-លទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត
-អំពាវនាវដល់ប្រជាពលរដ្ឋអញ្ញើញទៅចុះឈ្មោះបោះឆ្នោត ព្រោះជិតដល់កាលបរិច្ឆេទបញ្ចប់ការចុះឈ្មោះបោះឆ្នោត។
នេះបើតាមការឲ្យដឹងតាមរយៈសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដែលចុះផ្សាយនៅថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៦។
កិច្ចប្រជុំនេះនឹងប្រព្រឹត្ដទៅនៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង ១០៖០០ នាទីព្រឹក នៅសាលសន្និសីទ គ.ជ.ប។
កិច្ចប្រជុំនេះនឹងមានលោក ឌុច សុន សមាជិក គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ចូលរួមជាប្រធានដឹកនាំអង្គប្រជុំ។
គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត គ.ជ.ប ក៏បានជូនដំណឹងផងដែរនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរចំនួន ៦,៧៨៤,៧០៨នាក់ ហើយ ស្មើជាង៧០.២០ភាគរយ បានទៅចុះឈ្មោះបោះឆ្នោត។
គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់។ គជប នឹងបិទការចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី២៩ វិច្ឆិកា ៕