ភ្នំពេញ៖ សាលាឧទ្ធរណ៍ បើកសវនាការតាមពាក្យបណ្ដឹងរបស់មេធាវីលោក កឹម សុខា នៅព្រឹកថ្ងៃទី០៤ វិច្ឆិកានេះ ករណីប្ដឹងឧទ្ធរណ៍ ដែលសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសមេបក្សប្រឆាំងរូបនេះ ករណីបដិសេធមិនចូលខ្លួន។
លោកមេធាវី សំ សុគង់ មេធាវីការពារក្ដី លោក កឹម សុខា បានប្រាប់វិទ្យុស្ត្រីថា សវនាការព្រឹកនេះ គឺជាបណ្ដឹងរបស់លោក បានប្ដឹងជំទាស់សាលក្រម សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ក្ដីលោក កឹម សុខា មានទោស ៥ខែ ករណីមិនចូលខ្លួន។
លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «បដិសេធចូលខ្លួន ក្នុងនាមជាសាក្សី» ពាក់ព័ន្ធនឹងសំនុំរឿងនាងខុម ចាន់តារាទី ហៅស្រីមុំ តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលតុលាការចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។ អ្នកសង្កេតការណ៍ ចាត់ទុកសំនុំរឿងនេះជារឿងនយោបាយ៕