ភ្នំពេញ៖ ម្រេចកំពត ជាផលិតផលដំបូងរបស់កម្ពុជា ដែលបានទទួលពានរង្វាន់ពីគណៈកម្មាធិការអឺរ៉ុប។ ពានរង្វាន់នេះត្រូវបានប្រកាស នៅក្នុងពិធី អបអរសាទរ ផ្លាកសញ្ញាសម្គាល់ភូមិសាស្ត្រទំនិញ GI ធ្វើឡើងកាលពីយប់ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅក្នុងបរិវេណប្រតិភូ នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា។
បច្ចុប្បន្នការនាំចេញផលិតផលម្រេចកំពត មានការកើនឡើងប្រមាណជាង១០ដង នៃការនាំចេញបើធៀបបណ្តាឆ្នាំកន្លងមក ដោយសារផលិតផលម្រេចកំពត បានចុះឈ្មោះក្នុងបញ្ជីការនៅក្រសួងពាណិជ្ជកម្ម និង មានការ ទទួលស្គាល់គុណភាពពីទីផ្សារអឺរ៉ុប អង្គការស្បៀងនិងកសិកម្ម អង្គការសហប្រជាជាតិ និង ទីភ្នាក់ងារ អភិវឌ្ឍន៍របស់បារាំងប្រចាំនៅកម្ពុជា លើគុណភាព និង ការផលិតតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោកចច អេដហ្គា មានប្រសាសន៍ក្នុងពិធីនេះ តាមរយៈអ្នកបក ប្រែភាសាថា ស្លាកសញ្ញា សម្គាល់ភូមិសាស្ត្របានផ្តល់សារៈសំខាន់ច្រើនចំពោះ អ្នកផលិតជាកសិករ និង គាំទ្រដល់ការផលិតលើមុខ ទំនិញដែលមានគុណភាពល្អ។ លោកបន្តថាគុណភាពដូចជាម្រេចកំពតនេះ គឺជាការបង្ហាញកេរ្តិ៍ឈ្មោះរបស់ ផលិតផលខ្លួននៅលើទីផ្សារ ហើយអាចការពារបាននូវការក្លែងបន្លំផ្សេងៗ និង បង្កើនតម្លៃលក់ខ្ពស់ជាងមុន រួមទាំងការធានាដល់អ្នកប្រើ ប្រាស់បានទៀតផង។
ក្នុងពិធីអបអរសាទរ ផ្លាកសញ្ញាសម្គាល់ភូមិសាស្ត្រទំនិញ GI លោកស្រី ទិតរ៉េត កម្រង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ក្រសួងបាននឹងលើកទឹកចិត្តឲ្យកសិករខ្មែរ បង្កើនគុណភាពផលិត ដើម្បីដាក់ស្នើសុំចុះឈ្មោះក្នុងបញ្ជីការនៃក្រសួងពាណិជ្ជកម្ម លើផលិតផលរបស់ខ្លួន ជាទំនិញសម្គាល់ភូមិសាស្ត្រដូចផលិតផលម្រេចកំពតនេះដែរ។
គួររម្លឹកថា ម្រេចកំពត បានចុះបញ្ជីផលិតផលសំគាល់ភូមិសាស្ត្រ លើកដំបូងបំផុតសម្រាប់ផលិតផល របស់ប្រទេសកម្ពុជានៅលើទីផ្សាសហភាពអឺរ៉ុប ដែលបានបង្កើតឡើងដោយប្រទេសចំនួន ២៨ និង មានទីផ្សារ តែមួយសម្រាប់អ្នកប្រើប្រាស់ច្រើនជាង៥០០លាននាក់។ ផលិតផលសំគាល់ភូមិសាស្ត្រដែលមិនមែន ជាផលិតផលរបស់សហភាពអឺរ៉ុប ទី២០ ដោយទទួលបានការការពារស្របច្បាប់ពីសហភាពអឺរ៉ុប ដែលបានចូលរួមជាមួយនឹងផលិតផលល្បីល្បាញជាច្រើនផ្សេងទៀត៕